ពីនេះ ពីនោះ
សម្តេច​! តម្លៃ​ចំណតរថយន្ត​ជុំវិញ​ផ្សារ ត្រូវគេ​យកតាម​ចិត្ត​ដដែល​!
13, Jan 2016 , 10:54 am        
រូបភាព
ដោយ: ថ្មីៗ
​ដូច​វែក​ចក​។ ឬ​អាច​និយាយបានថា គេ​នៅតែ​មិន​ស្តាប់​បញ្ជា​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​រាស្ត្រ​ក៏​នៅតែ​ខឹង​រដ្ឋាភិបាល​ដដែល​។ មាន​ស្លា​កបិទ​ថា តម្លៃ​ចត​រថយន្ត​មួយ​លើក​៥០០​រៀល​មែន ប៉ុន្តែ​ជាក់ស្តែង ក្រុម​សន្តិសុខ​នៃ​ក្រុមហ៊ុន​ឯកជន​ជុំវិញ​ផ្សារ​នៅតែ​យកប្រាក់​១០០០​រៀល ឬ​២០០០​រៀល តាមចិត្ត​ដដែល​។



​នៅក្នុង​ខែកុម្ភៈ​ឆ្នាំ​២០១៤ សម្តេច ហ៊ុន សែន បាន​ស្រែក​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ឯកជន​ទាំងនោះ​យក​តម្លៃ​តាម​សៀវភៅ​បន្ទុក​។ តែ​ឥតប្រយោជន៍​ទាល់តែសោះ​។ អភិបាល​រាជធានី​ក៏​ធ្លាប់​ព្រមាន​ដកហូត​សិទ្ធិ​អាជីវកម្ម​ពី​ក្រុមហ៊ុន​ដែល​ទទួលបន្ទុក​ចាត់ចែង​ចំណត​ជុំវិញ​ផ្សា​រដែរ​។ ប៉ុន្តែ​វា​ក៏​នៅតែ​គ្មាន​ប្រសិទ្ធភាព​។ គ្មាន​អ្នកណា​ស្តាប់​អ្នកណា​ទេ​។​
 
​តាំងពី​មន្ត្រីជាន់ខ្ពស់​នៅ​សាលា​រាជធានី រហូតដល់​ប្រធាន​ផ្សារ បានត្រឹមតែ​និយាយប្រាប់​សារព័ត៌មាន ឲ្យ​ពលរដ្ឋ​ទូរ​សព្ទ​ប្តឹង បើ​សន្តិសុខ​យកលុយ​ចំណត​លើស​កំណត់​។ នេះ​មិនមែនជា​វិធានការ​ចម្បង​ឡើយ​។ ហេតុអ្វី​ប្រធាន​អង្គភាព​គ្មាន​ទឹកមាត់​និយាយ​ឲ្យ​បុគ្គលិក​ស្តាប់ ដោយ​ប្រាប់​ឲ្យ​ពួកគេ​យក​ថ្លៃ​ចំណត​តាម​ផ្ទាំង​តម្លៃ​ដែល​ពួកគេ​ដាក់តាំង​ជុំវិញ​ផ្សារ​បាន​?
 
​ល្បិច​
​ពេលខ្លះ​អ្នក​មក​យកលុយ​ពី​ម្ចាស់​រថយន្ត​គឺ​មិនមែន​បុគ្គលិក​ក្រុមហ៊ុន​ដែល​ទទួលបន្ទុក​ចាត់ចែង​ចំណត​នោះឡើយ​។ អាចជា​មនុស្ស​នៅក្បែរនោះ​ដែល​គេ​ស្គាល់​ជិតដិត ឬ​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​ដែរ តែ​ពួកគេ​ស្លៀក​ធម្មតា ហើយ​មក​ទារលុយ​លើស​កំណត់​ពី​ម្ចាស់​រថយន្ត​។ ធ្វើ​យ៉ាង​ដូច្នេះ ប្រសិនបើ​មាន​ម្ចាស់​រថយន្ត​ណា​ប្តឹងផ្តល់ នោះគេ​អាច​គេច​ចេញពី​ការទទួលខុសត្រូវ​បាន​ខ្លះ​។​
​សម្តេចនាយក​រដ្ឋមន្ត្រី​បានសម្រេច​ការងារ​កាត់​បន្ថយ​ចំណាយ​របស់​ប្រជាជន​បាន​ច្រើន​ក្នុង​រយ​យៈ​ពេល​ចុងក្រោយ​នេះ​។ តែ​សូម​សម្តេច​ត្រឡប់ក្រោយ​ទៅ​ចាត់ការ​រឿង​តម្លៃ​ចំណតរថយន្ត​ជុំវិញ​ផ្សារ​ម្តងទៀត​។ ពលរដ្ឋ​មាន​ការងារ​ច្រើន ដើម្បី​រកស៊ី​ចិញ្ចឹម​គ្រួសារ ហើយក៏​មិន​ចង់​ឈ្លោះ​ជាមួយ​ក្រុម​សន្តិសុខ​ជុំវិញ​ផ្សា​រដែរ​។ ប៉ុន្តែ​ពលរដ្ឋ​ក្តៅក្រហាយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com