ពីនេះ ពីនោះ
កាល់ ម៉ាក្ស៖ ជីវភាពសង្គមជាអ្នកកំណត់ជីវភាពរបស់មនុស្ស មិនមែនមនសិការ
× ភ្នំពេញ៖ កាល់ ម៉ាក្ស ជាទស្សនវិទូមួយរូប ដែលគិតពីសេដ្ឋកិច្ចនយោបាយ ដោយផ្តោតសំខាន់ទៅលើ ការបដិវត្តរវាងពួកកម្មករនិងពួកមូលធននិយម។ ម៉ាក្សយល់ថា ការអភិវឌ្ឍសេដ្ឋកិច្ច មានតួនាទីយ៉ាងសំខាន់ទៅលើផលិតកម្មនិងម្ចាស់ទំនាក់ទំនងផលិតកម្ម ។ សេដ្ឋកិច្ចត្រូវពាក់ព័ន្ធទៅនឹងម្ហូបអាហារ សំលៀកបំពាក់ លំនៅដ្ឋាន។ ពួកមូលធនធ្វើការវិនិយោគ និងធ្វើការប្រកួតប្រជែងដើម្បីប្រយោជន៍ ទន្ទឹមនិងកម្មកររស់នៅយ៉ាងត្រដាបត្រដួសក្នុងការចិញ្ចឹមជីវិត។ កត្ដានេះមិនមែនកើតចេញពីមនសិការទេ តែជាដំណើរនៃជីវភាពសង្គមរបស់មនុស្ស។
ជាធម្មជាតិរបស់មនុស្សគឺជាភាវៈមួយប្រភេទដែលខុសពីសត្វ។ មនុស្សត្រូវមានទំនាក់ទំនងជា នឹង មនុស្ស , មនុស្ស នឹង សង្គម, និង មនុស្សទៅនឹង ធម្មជាតិ។ ម្យ៉ាងទៀតធម្មជាតិរបស់មនុស្ស គឺជាការប្រែក្លាយ តែងតែវិវត្តន៍ទៅមុខ និងមានការផ្លាស់ប្ដូរ។ មនុស្សខិតខំធ្វើអ្វីៗដើម្បីខ្លួនឯង និង អ្នកដទៃ។ មនុស្សខិតខំធ្វើការ ខិតខំរកទីជម្រក ម្ហូបអាហារ ព្រោះវាពិតជាសំខាន់សម្រាប់ជីវិតរស់នៅ។ ដើម្បីផ្គត់ផ្គង់ចំពោះតម្រូវការនេះ មនុស្សខិតខំផលិតវត្ថុគ្រប់បែបយ៉ាង ផលិតផលគ្រប់ប្រភេទ ទៅតាមតម្រូវការទីផ្សារ និងសេចក្ដីត្រូវរបស់មនុស្សនៅក្នុងសង្គម។ នៅពេលតម្រូវការសង្គមកាន់តែខ្ពស់ ធ្វើឲ្យតម្លៃលើសដែលជាប្រាក់ចំណេញ ទៅលើផលិតផលមួយកាន់តែខ្ពស់។ ការផលិតបានទាញយកប្រយោជន៍យ៉ាងខ្លាំងពីក្រុមមនុស្សដែលជាកម្លាំងផលិតយ៉ាងច្រើន ដោយសារតែការចង់បានហួសហេតុរបស់ថៅកែ និងអ្នកវិនិយោគទុន។ ប្រការនាំឲ្យមានការរើសអើងវណ្ណៈ ក៏ចាប់ផ្ដើមកើតជាវណ្ណៈមួលធន និងវណ្ណៈកម្មករ។
ចំណុចនេះហើយ ដែលលោកកាល់ ម៉ាក្ស មានការសង្កត់ធ្ងន់ទៅលើសង្គមមនុស្ស ឆ្ពោះទៅរកការពិចារណាចំពោះសេដ្ឋកិច្ច ជាកត្តាមួយដែលកំណត់នូវសង្គមថាតើសង្គមនោះ រីកចម្រើនបានដល់កម្រិតណា? ហើយបើសង្គមនោះមានតែការជិះជាន់ កេងប្រវ័ញ្ច គាបសង្កត់ថាតើជីវភាពរបស់ប្រជាជនទៅជាយ៉ាងណា? ពេលនោះហើយមនសិការមិនអាចកំណត់នូវជីវភាពបានទេ។ ព្រោះកត្តាសេដ្ឋកិច្ច វាទាមទារឲ្យមនុស្សរស់នៅបានស្រួល។ មនុស្សដែលក្រីក្រមិនមានពេលទៅពិចារណារឿងរ៉ាវមនសិការនោះទេ។
ទាំងអស់នេះហើយ មានតែសង្គមដែលជាប់ទាក់ទងទៅនឹងសេដ្ឋកិច្ចរីកចម្រើនទេ ដែលធ្វើឲ្យជីវភាព ពួកវណ្ណៈអធនមានក្តីសង្ឃឹមឡើងវិញហើយធ្វើការបំបាត់សង្គមវណ្ណៈ ធ្វើការដឹកនាំសង្គមឈានទៅដល់សេដ្ឋកិច្ចកំពូលបាន គឺសេដ្ឋកិច្ចនៃសង្គមកុម្មុយនីស ដែលពលករម្នាក់ៗទទួលបានពីសង្គម មកវិញក្រោយពីអ្វីដែលគេបានផ្តល់ដល់សង្គម និងម្យ៉ាងទៀតសមស្របទៅនិងបរិមាណ និងគុណភាពពលកម្មរបស់ខ្លួន។
ទាំងអស់នេះគាត់ចង់ឲ្យមានការផ្លាស់ប្តូរ និងហ៊ានតវ៉ាប្រឆាំងនូវអ្វីដែលទទួលបានពីភាពអយុតិ្តធម៌ពីសំណាក់អ្នកមានអំណាច ហើយចង់ឲ្យមានការចេះសាមគ្គី ប្រមូលផ្តុំសហការណ៍គ្នាដើម្បីទាមទាររកនូវអ្វីដែលថ្មីហើយប្រសើជាងមុន។
ចំពោះការលើកឡើងថា «ជីវភាពសង្គមជាអ្នកកំណត់ជីវភាពរបស់មនុស្ស មិនមែនមនសិការទេ» របស់ម៉ាក្សបែបនេះថ្វីត្បិតមានខ្វះចន្លោះក្នុងការគិតពីសីលធម៌សង្គម និងផ្នត់គំនិតកែប្រែសង្គម ទៅតាមលទ្ធភាពរបស់បុគ្គល ដែលនាំឲ្យវិបត្តិសង្គមតាមរយៈការយកសេដ្ឋកិច្ចដើម្បីកំណត់កត្ដារស់នៅក្នុងសង្គម។ ប៉ុន្តែភាពជាក់ស្ដែងនៃសង្គម គឺទាមទារជាចាំបាច់ភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចជាតិ ដោយផ្ដើមចេញពីភាពរុងរឿងនៃសេដ្ឋកិច្ចគ្រួសារ និងបុគ្គលនីមួយៗ។ នៅពេលមនុស្សនៅក្នុងសង្គមមានកម្រិតសេដ្ឋកិច្ចសមរម្យ ទៅតាមលទ្ធភាពដែលខ្លួនអាចធ្វើបាន ពេលនោះការអភិវឌ្ឍសង្គមប្រកបដោយចីរភាពនឹងដំណើការទៅដោយមានប្រសិទ្ធភាព។
© រក្សាសិទ្ធិដោយ thmeythmey.com