ពីនេះ ពីនោះ
ផ្សោត​ក្បាលត្រឡោក រស់នៅ​តាម​ចំណុចប្រសព្វ​រវាង​ទឹកប្រៃ​-​សាប នៃ​ប្រទេស​កម្ពុជា​
31, Jan 2016 , 2:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភិនភាគ​៖ ផ្សោត​ក្បាលត្រឡោក​ត្រូវបាន​អ្នក​សត្តសាស្ត្រ​រកឃើញ​នូវ​ទីជម្រក​ពីរ​ខុសគ្នា​រវាង​ដែនទឹក​សមុទ្រ និង​ទឹកសាប​ហើយ​មាន​រូបរាង​ដូចគ្នា​។ ប្រវែង​ដងខ្លួន​ទើប​កើតមាន​៩០-១០០​ស​.​ម ពេញវ័យ ២,៣២-២,៧៥​ម និង​កូន​ទើប​កើតមាន​ទម្ងន់ ១០-១២​គ​.​ក ពេញវ័យ ១៣០​គ​.​ក​។ វា​គ្មាន​ចំពុះ​ទេ ក្បាល​មាំ​រាង​មូល រីឯ​ព្រុយ​ខ្នង​មាន​ទំរង់​ផ្សេងៗ​គ្នា​។​ល​។ ផ្នែក​ខាង​ខ្នង និង​ចំហៀង​សង្ខាង​មាន​ពណ៌​ប្រផេះ​ចាស់ ឯ​ពោះ​មាន​ពណ៌​ប្រផេះ​ស្រាល​។ ព្រុយ​ចំហៀង​មាន​ទំហំ​ធំ​វែង​រាង​ដូច​ច្រ​វ៉ា​។



​ជីវសាស្ត្រ​៖ ផ្សោត​ប្រភេទ​នេះ​ហែល និង​ក្រឡាប់​ខ្លួន​លើ​ផ្ទៃ​ទឹក​យឺតៗ ហើយ​ងើប​ដកដង្ហើម​ក្នុង​បរិយាកាស រយៈពេល​ពី​៧០-១៥០ វិនាទី​ម្តង​។ ផ្សោត​ក្បាលត្រឡោក​ញី​អាច​បន្ត​ពូជ​បាន​ចាប់ពី​អាយុ ៧​ឆ្នាំ​ឡើងទៅ និង​រយៈពេល​ពពោះ​គឺ ៩​ខែ​។

​រប៉ាយ​រស់នៅ​៖ វា​មាននៅ​ក្រុងព្រះសីហនុ បណ្តោយ​ឆ្នេរ​ខេត្តកោះកុង (​ចំណុចប្រសព្វ​រវាង​ទឹកប្រៃ​-​សាប​) កោះ​ថ្មី កោះសេះ ឧ​ឡាន​ជាតិ​រាម និង​ស្ទើរ​គ្រប់​ទីកន្លែង​តាម​បណ្តោយ​ឆ្នេរ​នៃ​ដែនសមុទ្រ​កម្ពុជា​។ ដែន​របស់​វា​មាន​ផងដែរ​នៅ​ប្រទេស​ឥណ្ឌា​ភាគ​ខាងកើត​ដល់​ប្រទេស​អូ​ស្រា​លី និង​មាននៅ​ក្នុង​ប្រព័ន្ធ​ទឹកសាប​ធំៗ​ចំនួន​៣ នៅ​អាស៊ី​រួមមាន ទន្លេមេគង្គ​នៃ​ប្រទេស​កម្ពុជា វៀតណាម និង​ឡាវ (​បច្ចុប្បន្ន​ដែន​ជម្រក​រដូវប្រាំង​គឺមាន​តែ​នៅ​ចន្លោះ​ពី​ខេត្តក្រចេះ​) (​ក្នុងនោះ​រាប់បញ្ចូល​ទាំង​ទន្លេមេគង្គ​ពី​ខេត្តក្រចេះ ស្ទឹងត្រែង​រហូតដល់​ព្រំប្រទល់​ប្រទេស​ឡាវ​ប៉ុណ្ណោះ​) ប្រព័ន្ធ​ទន្លេ​ម៉ា​ហា​កាម​ប្រទេស​ឥណ្ឌូនេស៊ី និង​ក្នុង​ប្រព័ន្ធ​ទន្លេ​អា​យ៉ែ​យ៉ា​រ៉ា​វ៉ា​ឌី​នៃ​ប្រទេស​ភូមា ហើយ​ក៏មាន​ផងដែរ​នៅ​តំបន់​ទឹក​ភ្លាវ​នៃ​បឹង​សុង​ក្លា​ប្រទេស​ថៃ​។

​ស្ថានភាព​អភិរក្ស​៖ ផ្សោត​មេគង្គ​ជា​ប្រភេទ​មាន​ដោយ​កម្រ និង​បាន​ចុះបញ្ជី​ក្រហម IUCN (LR) ជា​ប្រភេទ​រងគ្រោះ​តិចតួច​ប៉ុន្តែ​វា​ត្រូវបាន​ចាត់ថ្នាក់​នៅក្នុង​ឧបសម្ព័ន្ធ​ទី​១ នៃ​អនុសញ្ញា CITES ។ ប្រភេទ​នេះ​ងាយ​គ្រោះថ្នាក់​នៅពេល​ជម្រៅ​ទឹក​មានកំ​រិត​រាក់​ច្រើន ដែល​មិន​បង្កលក្ខណៈ​ឲ្យ​វា​ហែល​ចាប់​ចំណី​បាន​។ ជាពិសេស​ចំពោះ​ផ្សោត​ទន្លេ វា​កំពុង​រងគ្រោះថ្នាក់​ដោយសា​រ​ជាប់​សំណាញ់​អ្នកនេសាទ និង​ការប្រែប្រួល​ជម្រៅ និង​គុណភាព​នៃ​ទឹកទន្លេ​។


Tag:
 ឯកសារសត្វ
© រក្សាសិទ្ធិដោយ thmeythmey.com