ជាតិ
គំនូរ 3D​អប់រំ​បរិស្ថាន​លើកដំបូង​ត្រូវ​បានដាក់​បង្ហាញ​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ​
08, Feb 2016 , 6:05 pm        
រូបភាព
ដោយ: ថ្មីៗ
​គំនូរ​3D​អប់រំ​បរិស្ថាន ដែលជា​ស្នាដៃ​កូន​ខ្មែរ ត្រូវ​បានដាក់​សម្ភោ​ធ​ជា​ផ្លូវការ​ហើយ​កាលពី​ព្រឹក​ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅមុខ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ក្រោម​អធិបតីភាព លោក សា​បូ អូ​ហ្សា​ណូ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​, តំណាង​ក្រសួង​អប់រំ​, តំណាង​អាជ្ញាធរ​ខណ្ឌដូនពេញ​, ក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រួមទាំង​សិស្សានុសិស្ស​ប្រមាណ​ជាង​២០០​នាក់​ផងដែរ​។​



​មានប្រសាសន៍​បើក​កម្មវិធី​នាពេល​នោះដែរ​លោក សា​បូ អូ​ហ្សា​ណូ បាន​ឲ្យ​ដឹងថា​នេះ​គឺជា​លើក​ទី​១​ហើយ ដែល​ក្រសួងបរិស្ថាន បានរៀបចំ​គំនូរ 3D​ដែលមាន​អត្ថន័យ​អប់រំ​សម្រាប់​ប្រជាពលរដ្ឋ ទាក់ទង​នឹង​បរិស្ថាន ដោយ​គំនូរ​មួយ​ផ្ទាំង​នេះ បានបង្ហាញ​អំពី​របក​ស្រទាប់ផែនដី​ដែល​ពោរពេញ​ដោយ​ភាពកខ្វក់ មកជា​ពណ៌​បៃតង​ស្រស់ស្អាត ពោរពេញ​ដោយ​បរិស្ថាន​ខៀវខ្ចី​។ លោក​រដ្ឋលេខាធិការ​បន្ត​ថា អត្ថន័យ​នៃ​គំនូ​បរិស្ថាន​នេះ ក៏បាន​ពញាក់​ស្មារតី​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម លុបបំបាត់​ភាពកខ្វក់ និង ការបំពុល​បិ​រ​ស្ថាន​ទាំងឡាយ ឲ្យ​មាន​សណ្តាប់ធ្នាប់ ដូចជា​សំរាម​ជាដើម ឲ្យ​មាន​សណ្តាប់ធ្នាប់ ដូច​ពាក្យ​បរិស្ថាន​សម្រាប់​ទាំងអស់គ្នា ទាំងអស់គ្នា​សម្រាប់​បរិស្ថាន​។​


​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ជំនាញ​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹងថា រូបគំនូ​នេះ​ត្រូវបាន​ពិភាក្សា​យ៉ាង​លម្អិត​ពី​មន្ត្រី​ជំនាញ​របស់​ក្រសួងបរិស្ថាន ដោយ​ចំណាយពេល​ជិត​មួយឆ្នាំ​។ ក្រសួងបរិស្ថាន​បានស្នើរ​សុំ​ទីតាំង​សាលារៀន​ក្នុងការ​គូរគំនូរ 3D នេះ ដើម្បី​ចង់​លើក​ការយល់ដឹង​ដល់​កូន​ខ្មែរ ។ ការផ្តល់​ទីតាំង​សាលារៀន ដោយមាន​ការគាំទ្រ​ពី លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង កីឡា ។ វិចិត្រករ​ដែលជា​ជនជាតិខ្មែរ គូរគំនូរ​នេះ​បាន​បញ្ជាក់ថា មិនមាន​ការពិបាក​ទេ​សម្រាប់​គំនូរ​មួយ​ផ្ទាំង​នេះ តែ​អ្វីដែល​ពិបាក នោះ ថា​តើ​ពលរដ្ឋ​ខ្មែរ​អាចយ​ល់ពី​ន័យ​ក្នុង​គំនូរ​នេះ​បាន​ប៉ុណ្ណា​? ព្រោះ​លោក​បាន​ចំណាយពេល​ច្រើន​គូរគំនូរ​នេះ ហើយ​លោក​ក៏​សង្ឃឹម​ជឿជាក់ថា ប្រជាពលរដ្ឋ​ខ្មែរ​នឹង​កាន់តែ​ស្រលាញ់​បរិស្ថាន​បន្ថែមទៀត​នៅពេលដែល​ពួកគាត់​បានឃើញ​គំនូរ​មួយ​ផ្ទាំង​នេះ ។

​សូមបញ្ជាក់ថា គំនូរ 3D អប់រំ​បរិស្ថាន​នេះ គឺជា​គំនិត​ផ្តួចផ្តើម​របស់​ក្រសួងបរិស្ថាន សហការ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​រៀបចំ​ដោយ​ក្រុមការងារ Blue Media Cambodia ដែលជា​ក្រុមហ៊ុន​មួយ ផ្ត​ត់​នូវ​សេវាកម្ម​ផលិត​ឯកសារ​ផ្សព្វផ្សាយ និង គំនូរ​គ្រប់​ប្រភេទ​ផងដែរ ៕


Tag:
 បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com