ជាតិ
សង្គមជាតិ
លោក ជា សុផារ៉ា បង្កើត​ក្រុម​​ការងារ​​​ជួប​​​អ្នក​​​តវ៉ា ​​ដើម្បី​​​ដោះស្រាយ​​​បញ្ហា​​ដីធ្លី
08, Apr 2016 , 8:20 pm        
រូបភាព
រូបថត ហេ្វសប៊ុកក្រសួងរៀបចំដែនដី
រូបថត ហេ្វសប៊ុកក្រសួងរៀបចំដែនដី
ដោយ: ថ្មីៗ
ភ្នំពេញ៖ លោក ជា សុផារ៉ា អតីតរដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍ជនបទ ដែល​ទើប​ចូលកាន់​តំណែង​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃទី៥ មេសា កន្លងមក បានសម្រេច​បង្កើត​ក្រុមការងារ​សម្របសម្រួល​ជាមួយ​ពលរដ្ឋ​មួយ ដើម្បី​ទទួល​ញ្ញត្តិ និង​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី។



លោក ជា សុផារ៉ា បានសម្រេច​ចាត់តាំង​មន្ត្រី​ចំនួន ១១រូប ឋានៈ​ចាប់ពី​អនុប្រធាននាយកដ្ឋាន រហូតដល់ ​រដ្ឋលេខាធិកា​រ ឲ្យ​ទទួលដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ពលរដ្ឋ។ បើតាម​សេចក្តីសម្រេច​ស្តីពី ការបង្កើត​ក្រុមការងារ​ទទួល​ជួប សម្របសម្រួល និង​ដោះស្រាយ​ជាមួយ​ក្រុមអ្នកតវ៉ា ឬ​ក្រុមបាតុករ​ពាក់ព័ន្ធ​នឹង​បញ្ហាដីធ្លី ចុះ​ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦នេះ លោក ជា សុផារ៉ា បាន​បង្គាប់​មន្ត្រី​ខាងលើ ឲ្យ​ចាំ​ទទួល​ជួប​ក្រុមអ្នកតវ៉ា ឬ​ក្រុមបាតុករ និង​ទទួល​ញ្ញ​តិ្ត និង​ឯកសារ​ពាក់ព័ន្ធ​នានា ពី​ក្រុមអ្នកតវ៉ា ឬ​ក្រុមបាតុករ ព្រមទាំង​សម្របសម្រួល និង​ដោះស្រាយ​បញ្ហា​ជាមួយ​ពួកគេ​ផងដែរ។

ក្រៅពី​ភារកិច្ច​ទាក់ទង​ជាមួយ​ក្រុមអ្នកតវ៉ា​ហើយ​នោះ បើ​សេចក្តីសម្រេច​លោក ជា សុផារ៉ា ក្រុមការងារ​នេះ មាន​ភារកិច្ច​ស្នើវិធានការ​ដោះស្រាយ​ជូន​ក្រសួង ដើម្បី​សម្រេច​ដោះស្រាយ​បញ្ហា និង​តាមដាន​ការអនុវត្ត​វិធានការ​ដោះស្រាយ​រហូតដល់​ករណី​វិវាទ​ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ ព្រមទាំង​ធ្វើ​របាយការណ៍​ជូន​ក្រសួង ពី​លទ្ធផល​ដោះស្រាយ​នានា។

គួររម្លឹកថា លោក ជា សុផារ៉ា បាន​ប្តេជ្ញា​ក្នុង​ពិធី​ចូលកាន់​តំណែង​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី កាលពី​ថ្ងៃទី៤ ខែមេសា កន្លងទៅ ថា លោក​នឹង​ដោះស្រាយ​បញ្ហា​ការងារ​ឲ្យ​បាន ឲ្យ​លឿន និង​ធ្វើ​ឲ្យ​មាន​តម្លាភាព។ ការងារ​ទាំងនោះ រួមមាន ការពង្រឹង​សមត្ថភាព​មន្ត្រី បញ្ហា​វិវាទ​ដីធ្លី ការរំលោភ​ដីសាធារណៈ និង​សំណង់​ខុសច្បាប់ ជាដើម៕



Tag:
 ជា សុផារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com