កីឡាជាតិ
ជាតិ
សង្គមជាតិ
កីឡាករ ហូយ សូណា គ្រង​តំណែង​ស្តេច​អុក​ឆ្នាំ២០១៦
16, Apr 2016 , 11:05 am        
រូបភាព
កីឡាករ ហូយ សូ​ណា គ្រង​តំណែង​ស្ដេច​អុកចត្រង្គ​នៃ​ព្រឹត្តិការណ៍​អង្គ​រស​ង្ក្រា​ន​ឆ្នាំ២០១៦ ក្រោយពី​ប្រកួត​យកឈ្នះ​កីឡាករ សេង សុធា យ៉ាង​ស្វិតស្វាញ​នា​វគ្គ​ផ្ដាច់​ព្រាត់ ខណៈដែល​កីឡាករ នូ ច័ន្ទ​ផានិត ទទួលបាន​ជ័យលាភី​លេខ៣ ក្រោយពី​យកឈ្នះ កីឡាករ រស់ រិទ្ធី​យ៉ា។



ក្នុងការ​ប្រកួត​យ៉ាង​យកចិត្ត​ទុក​ចំនួន៣ក្ដារ ដោយ​ចំណាយ​ពេលវេលា​ជិត១ម៉ោង​នោះ កីឡាករ ហូយ សូណា បាន​យកឈ្នះ​កីឡាករ សេង សុធា ចំនួន២ក្ដា​ជាប់​គ្នា ខណៈដែល​កីឡាករ សេង សុធា បាន​យកឈ្នះ​ក្ដា​ទី១ ។

ជ័យជំនះ​លើ​កីឡាករ សេង សុធា បានធ្វើ​ឲ្យ​កីឡាករ ហូយ សូណាគ្រង​តំណែង​ស្ដេច​អុកចត្រង្គ​នៃ​ព្រឹត្តិការណ៍​អង្គ​រស​ង្ក្រា​ន​ឆ្នាំ២០១៦ ជំនួស​ស្ដេច​អុក​ពីរ​ឆ្នាំ​ជាប់​គ្នា​គឺ​កីឡាករ ឈាវ បូរ៉ា ដែល​បាន​ធ្លាក់​ក្នុង​វគ្គ​ជម្រុះ១៦នាក់​កន្លងមក។

មុនពេល​ការប្រកួត​គ្រង​តំណែង​ស្ដេច​អុក​ក្នុង​ពិធី​អង្គ​ស​ង្ក្រា​ន​ឆ្នាំ២០១៦នេះ​ចាប់ផ្ដើម​នោះ អតីត​សេ្ដច​អុក​ពីរ​ឆ្នាំ​ជាប់​គ្នា​លោក ឈាវ បូរ៉ា បាន​សម្លឹង​ឃើញ​កីឡាករ​អុក​ដែលមាន​សមត្ថភាព​ខ្ពស់​ជាងគេ តែ​ពីររូប​ប៉ុណ្ណោះ​ក្នុងចំណោម៨រូបនោះ គឺ​កីឡាករ ហូយ សូណា និង​កីឡាករ ម៉េង សេរី​សម្បត្តិ ដែល​អាច​ឆ្លងកាត់​វគ្គ​ផ្ដាច់​ព្រាត់។ តែ​យ៉ាងណា​ក្នុងចំណោម​កីឡាករ​ពីររូប​នេះ លោក ឈាវ បូរ៉ា បាន​សម្លឹង​ឃើញ​កីឡាករ ហូ​យ សុខ​ណា ដែលជា​កីឡាករ​ឆ្នើម​សក្តិសម​គ្រង​តំណែង​ស្តេច​អុក​ជំនួស​ខ្លួន​សម្រាប់​ឆ្នាំ២០១៦នេះ។

គួរ​បញ្ជាក់ថា ការប្រកួត​ជើងឯក​អុកចត្រង្គ​អង្គរ​សង្ក្រាន្ត​ឆ្នាំ២០១៦ កីឡាករ ហូយ សូណា ដែលជា​ម្ចាស់​ជើងឯក​ក្លាយជា​ស្ដេច​អុក​ប្រចាំ​ឆ្នាំនេះ​ទទួលបាន​ប្រាក់រង្វាន់​ពី​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំនួន២០លាន​រៀល ខណៈ​កីឡាករ សេង សុធា ម្ចាស់​ជើងឯក​រង​ទទួលបាន ទឹកប្រាក់១២លាន​រៀល និង​ឈ្នៀង​មាស​មួយ (គ្រាប់​អុក) ។ ចំណែក កីឡាករ នូ ច័ន្ទ​ផានិត ដែល​ជាប់​ចំណាត់ថ្នាក់​លេខ៣ ទទួលបាន​ទឹកប្រាក់ ៨លាន​រៀល និង​សេះ​មាស​មួយ (គ្រាប់​អុក) ខណៈដែល​កីឡាករ រស់ រិទ្ធី​យ៉ា ជាប់​ចំណាត់ថ្នាក់​លេខ៤ ទទួលបាន​ទឹកប្រាក់ ៤លាន​រៀល។ ទន្ទឹមនឹងនេះ​កីឡាករ ជាប់​ចំណាត់ថ្នាក់​លេខ៥ ដល់​លេខ៨ រួមមាន កីឡាករ ហេង សៅ​ឌី កីឡាករ រៀម វាសនា កីឡាករ សៅ ប៉ិច​សុភា​និង ម៉េង សេរី​សម្បត្តិ ក៏​ទទួលបាន​ទឹកប្រាក់​ចំនួន២លាន​រៀល​ផងដែរ៕



Tag:
 ស្ដេចអុក
 ហួយ សុខណា
© រក្សាសិទ្ធិដោយ thmeythmey.com