-ស្តាយអ្នកកវីម្ចាស់ស្ទឹងសង្កែ
ធ្លាប់បំពេរខ្មែរទាំងក្មេងទាំងចាស់
លោកចាកលោកទៅគេយំច្រើនណាស់
ស្តាយឈ្មោះលោកម្ចាស់ធ្លាប់សាងស្នាដៃ។
-កំណាព្យស្នេហ៍មាសរួមទាំងចម្រៀង
មរតកសំនៀងមិនអាចកាត់ថ្លៃ
កវីតាក់តែងមិនថាយប់ថ្ងៃ
លោកលកលៃច្នៃមិនដែលនឿយហត់។
-លោកលាចាកទៅគង់នៅគេចាំ
រហូតរយឆ្នាំម្ចាស់ស្ទឹងកម្សត់
ឈ្មោះគង្គ ប៊ុនឈឿនខ្មែរគ្រប់គ្នាកត់
ចាំលោកប្រាកដកវីម្ចាស់ស្ទឹង។
បើស្ទឹងសង្កែនៅតែមានឈ្មោះ
ចម្រៀងពិរោះនៅជាប់ព្រលឹង
នោះឈ្មោះកវីពិតមិនបាត់ឈឹង
កវីនៅនឹងខ្មែររៀងរហូត៕
និពន្ធដោយ ប៉ាកកាខ្មៅ!