អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក អូ​បា​ម៉ា​៖ ក្រៅពី​រដ្ឋធម្មនុញ្ញ ភរិយា​ខ្ញុំ​ក៏​មិន​ឲ្យ​ខ្ញុំ​បន្តធ្វើ​ប្រធានាធិបតី​ដែរ​
07, May 2016 , 12:18 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​កម្មវិធី​ខួប​រំលឹក​ជ័យជម្នះ​របស់​ម៉ិចស៊ីកូ លើ​កងទ័ព​បារាំង «Cinco de Mayo» នា​ថ្ងៃ ៥​ឧសភា​កន្លងទៅ អ្នកគាំទ្រ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាននាំគ្នា​ស្រែក​បន្ទរ​ច្រើនដង​សុំ​ឲ្យ​លោក​ធ្វើជា​ប្រធានាធិបតី ៤​ឆ្នាំ​ទៀត​។ លោក អូ​បា​ម៉ា ឆ្លើយតប​វិញ​ភ្លាមៗ​បែប​កំប្លែង​ថា​ «​ក្រៅពី​ការហាមឃាត់​ដែលមាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​អាមេរិក ភរិយា​លោក លោកស្រី Michelle ក៏​មិន​អនុញ្ញាត​ឲ្យ​លោក​ធ្វើ​ប្រធានាធិបតី​បន្តទៀត​ដែរ​។  

 
«​បួន​ឆ្នាំ​ទៀតៗ​» ជា​សំឡេង​របស់​ក្រុម​អ្នកគាំទ្រ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​ស្រែក​ឡើង​ព្រម​គ្នា​ពេលដែល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ត្រៀម​ថ្លែង​សុន្ទរកថា​ក្នុង​ពី​ធី​បុណ្យ​រំលឹក​ខួប​នៃ​ជ័យជម្នះ​របស់​ម៉ិច​ស៊ី​កូ​លើ​ទាហាន​បារាំង​« Cinco de Mayo» ដែល​គេ​ប្រារព្ធ​ឡើង​រាល់ថ្ងៃ ៥​ឧសភា​។ 
 
​ខណៈ​ត្រៀម​ចាប់ផ្តើម​ថ្លែង​សុន្ទរកថា​ទៅហើយនោះ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ឆ្លើយតប​សំឡេង​បន្ទរ​ត​គ្នា​នោះ​ថា​៖ «​ទេៗ ខ្ញុំ​មិនអាច​ទេ​។ និយាយ​ទៅ ក្រៅពី​រដ្ឋធម្មនុញ្ញ ភរិយា​ខ្ញុំ Michelle ក៏​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ធ្វើ​ទៀត​ដែរ​»​។​ ក្រោយ​លោក​អូ​បា​ម៉ា ឆ្លើយតប​បែប​កំប្លែង​បែបនេះ ក្រុម​អ្នកគាំទ្រ​លោក អូ​បា​ម៉ា និង​អ្នកមាន​វត្តមាន​ក្នុង​សាលសន្និសីទ​ក៏​ចាប់ផ្តើម​ហ៊ោ​ក​ញ្ជៀ​វឡើង​និង​សើច​ផងដែរ​។​
 
​កាល​ដើមឆ្នាំ ២០១៦​នេះ ក្នុងពេល​ថ្លែង​សុន្ទរ​ថា​ប្រចាំឆ្នាំ​នៅ Nebraska របស់​ប្រធានាធិបតី គេ​ក៏​សង្កេតឃើញ​មាន​មនុស្ស​ជាច្រើន​នាក់​ស្រែក​បន្ទោរ​ព្រមៗ​គ្នា​ដោយ​ស្នើ​ឲ្យ​លោក អូ​បា​ម៉ា បន្ត​កាន់តំណែង​ជា​ប្រធានាធិបតី​សម្រាប់​ពេល ៤​ឆ្នាំ​ទៀត​ដែរ​។ តែ​លោក  អូ​បា​ម៉ា ក៏​ឆ្លៀត​ឆ្លើយតប​ស្រដៀង​គ្នា​ថា លោក​មិនអាច​ធ្វើទៅបាន​ដោយសារ​រដ្ឋធម្មនុញ្ញ ហើយ​លោក​រឹតតែ​មិន​ធ្វើទៅ​រូួច​ទៀត​ព្រោះ​ភរិយា​លោក​អាច​នឹង​សម្លាប់​លោកផង។ 
 
​លោក អូ​បា​ម៉ា ​ជា​ប្រ​ធានា​ធិប​តី​ទី ៤៤ របស់​សហរដ្ឋអាមេរិក ហើយ​លោក​ក៏​ជា​ប្រធានាធិបតី​ស្បែក​ខ្មៅ​ដំបូង​បំផុត​ដែរ​។ ថ្វីបើ​មានការ​រិះគន់​លោក​ពី​សំណាក់​ក្រុម​អ្នក​សាធារណរដ្ឋច្រើន​ក្តី លោក​បាន​ប្រឹងប្រែង​ដឹកនាំ​សហរដ្ឋអាមេរិក​ក្នុងពេលដែល​ពិភពលោក​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​សកល ហើយ​លោក​ក៏បាន​ដាក់ចេញ​គោលនយោបាយ​ច្រើន​ដែល​ជួយ​ប្រជាជន​វណ្ណៈ​កណ្តាល​និង​វណ្ណៈ​ទាប​នៅ​អាមេរិក​។ ហើយ​រឿង​ពិសេស​ពីរ​ដែល​លោក អូ​បា​ម៉ា សម្រេចបាន តែ​ប្រធានាធិបតី​អាមេរិក​មុនៗ​ធ្វើ​មិនបាន​គឺ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គុយបា និង​សម្រេច​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​។
​សូមបញ្ជាក់​បន្តិច​ដែរ​ថា នៅ​សហរដ្ឋអាមេរិក ប្រធានាធិបតី​អាច​ឈរឈ្មោះ​បាន​ត្រឹម​ពីរ​អាណត្តិ​ប៉ុណ្ណោះ​ទោះបីជា​លោក​មាន​ប្រជាប្រិយភាព​ខ្ពស់​ប៉ុណ្ណា​ក៏ដោយ​។ ហើយ​ការកំណត់​អាណត្តិ​ត្រឹមតែ​ពីរ​អាណត្តិ​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​អាមេរិក​លើក​ទី ២២ នៅក្នុង​ឆ្នាំ ១៩៥១​។ ការរៀបចំ​បែបនេះ​គឺ​ដើម្បី​ធានាថា គ្មាន​អ្នក​ន​យោ​យ​បាយ​ណា​ម្នាក់​អាច​កាន់តំណែង​ប្រធានាធិបតី​លើសពី ៨​ឆ្នាំ ពោលគឺ​ពីរ​អាណត្តិ ហើយ​វា​ក៏​អាច​ធានាថា​វា​គ្មាន​ការរំលោភ​អំណាច និង​បង្ក​មហន្តរាយ​ដល់​ប្រជាធិបតេយ្យ​៕
 
 

Tag:
 បារ៉ាក់ អូបាម៉ា
  Michelle Obama
© រក្សាសិទ្ធិដោយ thmeythmey.com