កីឡាជាតិ
ជាតិ
ម្ចាស់​មេដាយ​អាស៊ាន​ប្តេជ្ញាចិត្ត​ខិតខំ​ហ្វឹកហាត់​ដើម្បី​ឈានទៅរក​ជើងឯក​ពិភពលោក​
16, May 2016 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​កីឡាករ យី សរ​សារិទ្ធ ម្ចាស់​មេដាយប្រាក់​លើ​វិញ្ញាសា​ជា​ក្រុម នៃ​ព្រឹត្តិការណ៍​ជើងឯក​អាស៊ាន​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ឆ្នាំ​២០១៦ នៅ​ប្រទេស​ម៉ាឡេស៊ី​បាន​ប្តេជ្ញា​ថា ខ្លួន​នឹង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត ដើម្បី​ឈានទៅរក​ម្ចាស់​ជើងឯក​ពិភពលោក​។ ការប្តេជ្ញា​នេះ​ធ្វើឡើង​នៅក្នុង​ពិធី​ប្រគល់​ប្រាក់រង្វាន់​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដល់​កីឡាករ​កីឡាការិនី​ដែល​ដណ្តើមបាន​មេដាយ​ពី​ការប្រកួត​ជើងឯក​អាស៊ាន នៅ​ប្រទេស​ម៉ាឡេស៊ី កាលពីដើម​ខែឧសភា​។​



​កីឡាករ យី សរ​សារិទ្ធ ក្រោយពី​ដ​ណ្តើ​មាន​មេដាយប្រាក់​ពី​ការប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ជើងឯក​អាស៊ាន ឆ្នាំ​២០១៦ នៅ​ប្រទេស​ម៉ាឡេស៊ី កាលពីដើម​ខែឧសភា បាន​ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​បាន​ទៀត​ទាត់ ដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​ឲ្យ​កាន់តែ​រីកចម្រើន​សម្រាប់​ត្រៀម​ចូលរួម​ប្រកួត​លំដាប់​ពិភពលោក ហើយ​រូបគេ​រំពឹងថា នឹង​អាច​ក្លាយជា​ម្ចាស់​ជើងឯក​ពិភពលោក​នៅ​ថ្ងៃ​អនាគត​។ ការប្តេជ្ញា​នេះ បន្ទាប់​រូបគេ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​លើកទឹកចិត្ត​ពីស​ម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចំនួន ១,២​លាន​រៀល កាលពី​ម្សិលមិញ​។​

​កី​ឡករ​រួប​នេះ​បាន​សម្តែង​អារម្មណ៍​សប្បាយរីករាយ និង​សាទរ​ដល់​ក្រសួងមហាផ្ទៃ​ចំពោះ​ប្រាក់រង្វាន់​នេះ ហើយ​រូបគេ​បាន​បន្ថែមថា ការផ្តល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​នេះ​មិន​ត្រឹមតែ​ជួយផ្តល់​ការលើកទឹកចិត្ត និង​ជំរុញ​រូបគេ​ឲ្យ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ដោះស្រាយ​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ​ថែម​ទៀតផង ពោលគឺ​ជួយ​ដោះស្រាយ​លើ​ការចំណាយ​ទិញ​សម្ភារៈ​ដែល​បំពេញ​ឲ្យ​ការហ្វឹកហាត់ និង​សម្ភារៈ​មួយចំនួនទៀត​។



​ជាមួយគ្នានេះ កីឡាការិនី ម៉េ​ត ម៉ា​រី​យ៉ាន ម្ចាស់​មេដាយប្រាក់ និង​សំរឹទ្ធ​បាន​បញ្ជាក់ថា​៖«​ការផ្តល់ប្រាក់​រង្វាន់​នេះ វា​ជួយ​ជំរុញ និង​លើកទឹកចិត្ត​ខ្ញុំ​ឲ្យ​ខិតខំ​ហ្វឹកហាត់​ឲ្យ​កាន់តែខ្លាំង​បន្ថែមទៀត​។ ហើយ​វា​ជួយ​ផ្គត់ផ្គង់​ទៅលើ​សម្ភារៈ​ហ្វឹកហាត់​របស់ខ្ញុំ​ថែម​ទៀតផង​»​។ គួរ​បញ្ជាក់ថា ម៉ា​រី​យ៉ាន ទទួលបាន​ប្រាក់ឧបត្ថម្ភ​លើកទឹកចិត្ត​ពីស​ម្តេច ស ខេង ចំនួន​១,២​លាន​រៀល​ផងដែរ​។​

​ទន្ទឹមនឹងនេះ លោក ជា ប៊ុនហេង ប្រធាន​ប្រតិភូ និង​ជា​គ្រូបង្វឹក ទទួលបាន​២​លាន​រៀល ឬ​ឯ​គ្រូ​ជំនួយ​២​នាក់​ទៀត​គឺ​លោក ម៉ាសា​តូ អូ​ហ្គី​វ៉ា​រ៉ា និង​លោកស្រី ស្រ៊ុន ប៊ុន​ណា​រី ទទួលបាន​ម្នាក់​២​លាន​ផងដែរ​។ ចំណែក​កីឡាករ​កាន់ សោ​ភ័​ណ្ឌ​, ឯក ចំរើន​,​ឌឹ​ម សម្បត្តិ និង ជា សែន​វិស្សុត ដែល​ដណ្តើមបាន​មេដាយប្រាក់​វាយ​ជា​ក្រុម​ទទួលបាន​ម្នាក់ ១,២​លាន​រៀល និង​កីឡាការិនី បូរ ទីង​ហ៊ុយ និង​កីឡាករ សាយ សុខ​ចិ​ត្រា ទទួលបាន ១,២​លាន​រៀល និង​៨០​ម៉ឺន​រៀល​តាម​លំដាប់​។  



​នា​ពិធី​ប្រគល់​ប្រាក់រង្វាន់​នោះដែរ លោក ជា ប៊ុន ហេង ប្រធាន​អង្គភាព​កីឡា​ក្រសួងមហាផ្ទៃ និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា បាន​បញ្ជាក់ថា​៖«​សម្រាប់​ការប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ជើងឯក​អាស៊ាន កីឡាករ​កម្ពុជា​ម្នាក់​អាច​ដណ្តើមបាន​មេដាយ​រហូតដល់​ទៅ​៣​គ្រឿង ប៉ុន្តែ​ប្រាក់រង្វាន់​លើកទឹកចិត្ត​សម្តេច ស ខេង ឲ្យ​តែមួយ​ប៉ុណ្ណោះ​។ ហើយ​សម្តេច ស ខេង តែងតែ​ជួយឧបត្ថម្ភ​ដល់​កីឡាករ​កីឡាការិនី​កម្ពុជា ទាំង​ការហ្វឹកហាត់ និង​ការ​ចេញទៅ​ប្រកួត​នៅក្រៅ​ប្រទេស កត្តា​នេះ​បានធ្វើ​ឲ្យ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​ដែល​ទើប​បង្កើត​ក្រោយ​គេ អាច​ដណ្តើមបាន​មេដាយ​ច្រើនជាងគេ​»​។



​គួរ​បញ្ជាក់ថា សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ចំណាយ​ថវិកា​ប្រមាណ​ជាជាង ១៥​លាន​រៀល ដើម្បី​ឧបត្ថម្ភ​លើកទឹកចិត្ត​ដល់​កីឡាករ​កីឡាការិនី ដែល​ដណ្តើមបាន​មេដាយ​ពី​ការប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ជើងឯក​អាស៊ាន ឆ្នាំ​២០១៦ នៅ​ម៉ាឡេស៊ី​។ ហើយ​សម្រាប់​ការប្រកួត​នេះដែរ ក្រុមកីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា ដណ្តើមបាន​មេដាយ​ចំនួន​១០ គឺ​ប្រាក់​៣ លើ​វិញ្ញាសា​ជា​ក្រុម វាយ​គូ​នារី និង​ឯកត្តជន​នារី​អាយុ​ក្រោម​១៤​ឆ្នាំ និង​សំរឹទ្ធ​ចំនួន​៧ ហើយ​បើ​គិត​ជា​គ្រឿង​វិញ​មាន​ចំនួន​១៨​គ្រឿង គឺ​មេដាយប្រាក់​ចំនួន​៩ និង​សំរឹទ្ធ​ចំនួន​៩​គ្រឿង​៕


Tag:
 សូ​ហ្វ​តិ​ន្នី​ស​
  ជា ប៊ុន ហេង​
  យី សរ​សារិទ្ធ​
 ​ ម៉េ​ត ម៉ា​រី​យ៉ាន
© រក្សាសិទ្ធិដោយ thmeythmey.com