កីឡាជាតិ
ជាតិ
កីឡា​ហាប់​គី​ដូ​ខំប្រឹង​បន្ត​ឆ្ពោះទៅមុខ​ទាំង​ខ្លួន​កំពុង​ជួប​ការលំបាក​
17, May 2016 , 8:39 am        
រូបភាព
ដោយ:
សហព័ន្ធ​កីឡា​ហាប់​គី​ដូ​កម្ពុជា ទោះបីជា​គ្មាន​ការជួយជ្រោមជ្រែង​ និង​គ្មាន​ទីតាំង​ច្បាស់លាស់ ព្រមទាំង​ខ្វះខាត​សម្ភារៈ​ដែល​បំពេញ​ឲ្យ​តម្រូវការ​សម្រាប់​ហ្វឹកហាត់​យ៉ាងណាក៏ដោយ ប៉ុន្តែ​សហព័ន្ធ​នេះ​បាន​ប្តេជ្ញា​ថា នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​វិស័យ​កីឡា​នេះ​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​ទាំង​នៅលើ​ឆាក​ជាតិ និង​អន្តរជាតិ​។   ជាក់ស្តែង​កាលពី​ថ្ងៃទី​១៥ ខែឧសភា ហាប់​គី​ដូ បានប្រគល់​វិញ្ញាបនបត្រ និង​ដំឡើង​កម្រិត​ខ្សែក្រវ៉ាត់​ជូន​សិស្ស​គុន​ចំនួន​៤​ថ្នាក់ ដែល​បានបញ្ចប់​ការហ្វឹកហាត់​របស់ខ្លួន​នាពេល​កន្លងមក​។​

 
​សហព័ន្ធ​កីឡា​ហាប់​គី​ដូ​កម្ពុជា បច្ចុប្បន្ន​ពុំមាន​ទីតាំង ឬ​អគារ​ផ្ទាល់ខ្លួន និង​សម្ភារៈ​គ្រប់គ្រាន់​សម្រាប់​ផ្តល់​ឲ្យ​សិស្ស​ដើម្បី​ធ្វើការ​ហ្វឹកហាត់​ក្នុងការ​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​ឡើយ​។ ជាពិសេស​សហព័ន្ធ​នេះ​ក៏​ពុំមាន​អ្នក​ជួយ​ជ្រោមជ្រែង និង​ឧបត្ថម្ភ​ពី​សំណាក់​ក្រសួង ស្ថាប័ន រដ្ឋ ឬ​ឯកជន​ណាមួយ​នោះទេ នេះ​ជាហេតុ​ធ្វើ​ឲ្យ​វិស័យ​កីឡា​មួយ​នេះ​ហាក់ដូចជា​ពុំ​សូវ​មាន​សកម្មភាព​អ្វីដែល​លេចធ្លោ​នៅលើ​ឆាក​ជាតិ និង​អន្តរជាតិ​ផ្សេងៗ​។      
 
​ទោះបីជា​យ៉ាងនេះ​ក្តីនា​ពិធី​ប្រគល់​វិញ្ញាបនបត្រ និង​ដំឡើង​កម្រិត​ខ្សែក្រវ៉ាត់​ជូន​សិស្ស​ដែល​បញ្ចប់​ការហ្វឹកហាត់​នៅ​អគារ គ​៨៥ ក្នុង​បរិវេណ​ទីស្នាក់ការ​បក្ស​ប្រជាជន​កម្ពុជា​កាលពី​ម្សិលមិញ លោក គង់ ចាន់ឌីណា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ហាប់​គី​ដូ​កម្ពុជា​បាន​បញ្ជាក់ថា​៖«​ទិសដៅ​សម្រាប់​អាណត្តិ​ថ្មី​យើង​នឹង​ខិតខំ​ពង្រឹង និង​ពង្រីក ជាពិសេស​ព​ង្រី​ក្លិប​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​សហព័ន្ធ​មាន​សកម្មភាព​ច្រើន ហើយ​នៅពេល​មាន​សកម្មភាព​វា​ធ្វើ​ឲ្យ​កីឡា​យើង​មានការ​ផុលផុស និង​មានការ​គាំទ្រ​ពី​មហាជន​»​។   
 
​លោក​បាន​បន្ថែមថា ដើម្បី​អភិវឌ្ឍ​វិស័យ​កីឡា​ហាប់​គី​ដូ​ឲ្យ​មានការ​រីកចម្រើន និង​មាន​សកម្មភាព ពោល​គី​សហព័ន្ធ​នឹងធ្វើ​ការដោះស្រាយ​រឿង​ទីតាំង​ជាមុនសិន ព្រោះ​បច្ចុប្បន្ន​ហស​ព័ន្ធ​ពុំមាន​ទីតាំង​ផ្ទាល់ខ្លួន​នោះទេ គឹ​រាល់ថ្ងៃ​ត្រូវ​ជួល​អគារ​គេ​សម្រាប់​ការហ្វឹកហាត់ ហើយ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក នឹងធ្វើ​ការពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ គ្រូបង្វឹក និង​សមាជិក​សមាជិការ​ប្រតិបត្តិ​ទាំងអស់ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។  
 
​ជាមួយគ្នានេះ​លោក ជា ប៊ុនហេង ដែលជា​សមាជិក​ប្រតិបត្តិ​ស្ម័គ្រចិត្ត​សម្រាប់​អាណត្តិ​ថ្មី ២០១៦-២០២០ របស់​សហព័ន្ធ​កីឡា​ហាប់​គី​ដូ​កម្ពុជា​បាន​មានប្រសាសន៍ថា លោក នឹងធ្វើ​ការសហការ​គ្នា សាមគ្គី​គ្នា ឲ្យ​កាន់តែ​ជិតស្និទ្ធ​នៅក្នុង​សហព័ន្ធ​ហាប់​គី​ដូ ដើម្បី​ដឹកនាំ​និង​អភិវឌ្ឍន៍​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​កាន់តែ​រីកចម្រើន និង​មានឈ្មោះ​ល្បី​ទាំង​នៅក្នុង​ឆាក​ជាតិ និង​អន្តរជាតិ​។ 
 
​លោក ជា ប៊ុនហេង បាន​កត់សម្គាល់ថា សហព័ន្ធ​កីឡា​ហាប់​គី​ដូ​កម្ពុជា បច្ចុប្បន្ន​មានការ​ខ្វះខាត​ខាង​ផ្នែក​ទំនាក់ទំនង​ជាមួយនឹង​សហព័ន្ធ​កីឡា​ហាប់​គី​ដូ​អន្តរជាតិ ហើយ​ក្នុងនាម លោក ជា​សមាជិក​ប្រតិបត្តិ​សម្រាប់​អាណត្តិ​ថ្មី​នេះ ដើម្បី​អភិវឌ្ឍន៍​វិស័យ​កីឡា​នេះ​ឲ្យ​មានការ​រីកចម្រើន លោក នឹង​ខិតខំ​ធ្វើយ៉ាងណា​ទំនាក់ទំនង​ជាមួយនឹង​សហព័ន្ធ​កីឡា​ហាប់​គី​ដូ​អន្តរជាតិ​ឲ្យ​បាន​ដើម្បី​សុំ​ជា​ជំនួយ​ផ្សេង​។ ហើយ លោក នឹង​បង្កើត​ឲ្យ​មាន​វេ​សាយ ឬ​គេហទំព័រ​ផ្ទាល់​របស់​សហព័ន្ធ​នេះ​។ 
 
​លោក​បញ្ជាក់ថា​៖«​កីឡា​ហាប់​គី​ដូ​មាន​ដើមកំណើត​នៅ​ប្រទេស​កូរ៉េ នឹងមាន​វ័យ​ចំណាស់​ជាង​កីឡា​តេ​ក្វាន់​ដូ និង​យ៉ុង​ម៉ូ​ដូ ទៅទៀត ប៉ុន្តែ​កីឡា​នេះ​ហាក់ដូចជា​មិនមាន​ភាពលេច​ធ្លោ ព្រោះ​សហព័ន្ធ​នេះ​ខ្វះ​ការទំនាក់ទំនង​ជាមួយ​សហព័ន្ធ​អន្តរជាតិ​។ ដូច្នេះ​ចាប់ពី​អាណត្តិ​ថ្មី​នេះ​ទៅ​ខ្ញុំ​នឹង​ខិតខំ​ប្រាស្រ័យ​ទាក់ទង​ជា​សហព័ន្ធ​កីឡា​ហាប់​គី​ដូ​អន្តរជាតិ ដើម្បី​ឲ្យ​គេ​សម្លឹងមើល​កម្ពុជា ឬ​អាច​ហៅ​ប្រធាន​សហព័ន្ធ​អន្តរជាតិ​មក​ទស្ស​កិច្ច​នៅ​កម្ពុជា​ផ្ទាល់​តែម្តង​»​។​
 
​គួរបញ្ជាក់​ផងដែរ​ថា សហព័ន្ធ​កីឡា​ហាប់​គី​ដូ​កម្ពុជា​កាលពី​ថ្ងៃទី​១៥ ខែឧសភា ម្សិលមិញ បាន​បំពាក់​ខ្សែក្រវាត់​ខ្មៅ ដល់​សិស្ស​គុន​ចំនួន​៤​ថ្នាក់ ក្នុង​នោះបាន​បំពាក់​ខ្សែក្រវ៉ាត់​ខ្មៅ​កម្រិត​១​ដាន់​ចំនួន​១១​នាក់ ខ្សែក្រវ៉ាត់​ខ្មៅ​កម្រិត​២​ដាន់​ចំនួន​៤​នាក់ (​ស្រី ១ នាក់​) ខ្សែក្រវាត់​កម្រិត​៣​ដាន់​ម្នាក់ និង​ខ្សែក្រវ៉ាត់​កិត្តិយស​៤​ដាន់​ម្នាក់ និង​ចែក​វិញ្ញាបនបត្រ​ថ្នាក់​ខ្សែក្រវ៉ាត់​ពណ៌​ត្នោត​ចំនួន​៨​នាក់​ផងដែរ​។ ហើយ​បច្ចុប្បន្ន​សហព័ន្ធ​នេះ​មាន​កីឡាករ​កីឡាការិនី​ប្រមាណ​ជាជាង​៨០​នាក់ និង​មាន​ក្លិប​ជា​សមាជិក​ចំនួន​៤៕

Tag:
 ហាប់​គី​ដូ​
  គង់ ចាន់ឌីណា​
  ជា ប៊ុនហេង
© រក្សាសិទ្ធិដោយ thmeythmey.com