កីឡាជាតិ
ជាតិ
កីឡាករ យី សរ​សារិទ្ធ​«​ពេល​លេង​កុំ​គិតថា​គេ​ខ្លាំង ត្រូវ​គិតថា​យើង​ខ្លាំង​»
17, May 2016 , 3:29 pm        
រូបភាព
ដោយ:
​កីឡាករ យី សរ​សារិទ្ធ ក្រោយពី​ឈ្នះ​មេដាយប្រាក់​ពី​ការប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ជើងឯក​អាស៊ាន​នៅ​ប្រទេស​ម៉ាឡេស៊ី លើ​វិញ្ញាសា​វាយ​ជា​ក្រុម កាលពីដើម​ខែឧសភា​។ កីឡាករ​រូបនេះ​នឹងចូលរួម​ប្រកួត​ដណ្តើម​ជើងឯក​ក្នុង​ក្នុង​ព្រឹត្តិការណ៍ Angle World Soft Tennis Championships នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នា​ខែមិថុនា ខាងមុខនេះ​។ ព្រឹត្តិការណ៍​នេះ​មាន​កីឡាករ​ល្បីៗ​ដែល​មកពី​បណ្តា​ប្រទេស​ជាច្រើន​ចូលរួម ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី​ម្ចាស់​មេដាយប្រាក់​រូបនេះ ហាក់ដូចជា​មិនមាន​ភ័យខ្លាច​នោះទេ មិន​ត្រឹមតែ​ប៉ុណ្ណោះ​រូបគេ​ថែមទាំង​បាន​លើក​ទស្សន​មួយ​ថា​«​ពេល​លេង​កុំ​គិតថា​គេ​ខ្លាំង ត្រូវ​គិតថា​យើង​ខ្លាំង​»​។



​កីឡាករ យី សរ​សារិទ្ធ បាន​លើក​ទស្សនៈ​មួយ​មុននឹង​ទៅ​ចូលរួម​ប្រកួត​ដណ្តើម​ជើងឯក​ក្នុង​ព្រឹត្តិការណ៍ Angle World Soft Tennis Championships នៅ​ថៃ ថា​៖«​ពេល​លេង​កុំ​គិតថា​គេ​ខ្លាំង ត្រូវ​គិតថា​យើង​ខ្លាំង​» ការលើកឡើង​បែបនេះ​ធ្វើឡើង​ក្នុងឱកាស​ទទួល​ប្រាក់រង្វាន់​លើកទឹកចិត្ត​ពីស​ម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១៥ ខែឧសភា បន្ទាប់ពី​រូបគេ​ឈ្នះ​មេដាយប្រាក់​ពី​ការប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ជើងឯក​អាស៊ាន នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ដើមខែ​កន្លងមកនេះ​។​

​ម្ចាស់​មេដាយប្រាក់​រូបនេះ​បញ្ជាក់​ដូច្នេះ​ថា​៖«​ពួក​ខ្ញុំ​តាំងចិត្ត​ខ្លាំង ព្រោះថា​រាល់ថ្ងៃ​ពួក​ខ្ញុំ​ខំ​ហាត់​ខ្លាំង ហើយ​អារម្មណ៍​នៅពេល​ចូលទៅ​លេង​កុំ​គិតថា​គេ​ខ្លាំង ត្រូវ​គិតថា​យើង​ខ្លាំង​ដែរ អញ្ចឹង​ទើប​យើង​អាច​ទប់ទល់​ជាមួយ​គេ​បាន​»​។​

​ទោះបីជា​យ៉ាងនេះ​ក្តី​កីឡាករ​រូបនេះ​បាន​ចាត់ទុកថា ការប្រកួត​នៅ​ថៃ វា​មិន​ខុសប្លែក​អ្វី​ពី​ការប្រកួត​នៅ​ប្រទេស​ម៉ាឡេស៊ី​នោះទេ ប៉ុន្តែ​រូបគេ​មិន​បានដាក់​ក្តីសង្ឃឹម​ឈ្នះ​១០០​ភាគរយ​សម្រាប់​ការចូលរួម​ប្រកួត​នៅក្នុង​ព្រឹត្តិការណ៍ Angle World Soft Tennis Championships នោះទេ ដោយ​រូបគេ​បានដាក់​ក្តីសង្ឃឹម​ត្រឹមតែ ៧០​ភាគរយ​ប៉ុណ្ណោះ​។​


​យ៉ាងណាមិញ​កីឡាការិនី​ម្ចាស់​មេដាយប្រាក់ និង​សំ​រឹ​ទ្ទ​ពី​ការប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ជើងឯក​អាស៊ាន​នៅ​ប្រទេស​ម៉ាឡេស៊ី ម៉េ​ត ម៉ា​រី​យ៉ាន បាន​យល់ឃើញ​ខុសពី​កីឡាករ យី សរ​សារិទ្ធ ដោយ​រូបគេ​បានចាត់ទុក​ការប្រកួត​នៅ​ប្រទេស​ថៃ វា​ជាការ​ប្រកួត​កម្រិត​ពិភពលោក ពោល​គឹ​វា​មានការ​លំបាក​សម្រាប់​រូបគេ ព្រោះ​មាន​កីឡាករ​ល្បីៗ និង​មាន​សមត្ថភាព​ខ្ពស់​ចូល​រូ​ម ប៉ុន្តែ​រូបគេ​បាន​ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​កាន់តែខ្លាំង ដើម្បី​ចូលរួម​ប្រកួត​នៅក្នុង​កម្មវិធី​នេះ​។ 

​គួរ​បញ្ជាក់ថា ការប្រកួត​សូ​ហ្វ​តេ​ន្នី​ស​កម្រិត​ពិភពលោក​នេះ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៧ ខែមិថុនា ខាងមុខ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ហើយ​ការប្រកួត​នេះ​មាន​អត្ត​ពលិកម​ក​ពី​ជាង​២០​ប្រទេស​ចូលរួម​។ កម្ពុជា ធ្លាប់បាន​ចូលរួម​ព្រឹត្តិការណ៍ Angle World Soft Tennis Championships នេះ​ម្តង​រួចមកហើយ កាលពី​ឆ្នាំ​២០១៥ តែ​ពុំ​ទទួលបាន​លទ្ធផល​ល្អ​នោះទេ​៕


Tag:
 សូ​ហ្វ​តិ​ន្នី​ស​
  យី សរ​សារិទ្ធ​
  ម៉េ​ត ម៉ា​រី​យ៉ាន
© រក្សាសិទ្ធិដោយ thmeythmey.com