កីឡាជាតិ
ជាតិ
អត្តពលកម្ម​បានកំណត់​ផែនការ និង​សកម្មភាព​រួចជាស្រេច​ក្នុង​ដំណើរ​ឆ្ពោះទៅ​រកស៊ី​ហ្គេម​
30, May 2016 , 7:59 am        
រូបភាព
ដោយ:
​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត​កម្ពុជា បាន​ដាក់ចេញ​ផែនការ​យុទ្ធសាស្ត្រ និង​សកម្មភាព​របស់ខ្លួន​រួចជាស្រេច​ក្នុងការ​អនុវត្ត​ដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស សម្រាប់​ត្រៀម​ឆ្ពោះទៅរក​ការប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ នា​ឆ្នាំ​២០២៣ ដោយ​ឆ្នាំនេះ​កីឡាករ​អត្តពលកម្ម​ទាំង​ក្រុមយុវជន និង​ថ្នាល​បាននិងកំពុង​ធ្វើការ​ហ្វឹកហាត់​យ៉ាង​សកម្មភាព​ដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​របស់ខ្លួន​ស​ម្រា​ប់​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ​ធំៗ​ជាច្រើន​។​



​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត​កម្ពុជា​បានកំណត់​ផែនការ​សកម្មភាព​រួច​ជាស្រេច​សម្រាប់​ឆ្នាំនេះ ក្នុងការ​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​កីឡាករ​កីឡាការិនី​សម្រាប់​ត្រៀម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ ជាពិសេស​ត្រៀម​សម្រាប់​ស៊ី​ហ្គេម​។ ឆ្នាំនេះ​សហព័ន្ធ​នឹង​បញ្ជូន​កីឡាករ​កីឡាការិនី​ឲ្យ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំៗ​ជាច្រើន​ដូចជា ការប្រកួត​កី​ឡ​អូឡាំពិក នៅ​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល​, ការប្រកួត​ជើងឯក​យុវជន​អាស៊ី នៅ​វៀតណាម​, ការប្រកួត​ជើងឯក​ក្របខណ្ឌ​និស្សិត នៅ​ប្រទេស​សិង្ហ​បុរី​, ការប្រកួត​ជើងឯក​សិស្ស​នៅ​ប្រទេស​ថៃ និង​ការត្រៀម​រៀបចំ​ការប្រកួត National Games 2016​។​


​លោក ប៉ែន វុទ្ធី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រ​ចិត្តបាន​បញ្ជាក់ថា សម្រាប់​ការប្រកួត​ជើងឯក​យុវជន​អាស៊ី​លើក​ទី​១៧ នៅ​ប្រទេស​វៀតណាម ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២ ខែមិថុនា ខាងមុខនេះ កម្ពុជា នឹង​បញ្ជូន​អត្ត​ព​លិ​ក​ចំនួន​៥​រូប​(​ស្រី​១​រូប​) ដើម្បី​ចូលរួម​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​ចំនួន​៤៥​ផ្សេងទៀត​។ គួរ​បញ្ជាក់ថា នេះ​ជា​លើក​ទី​៣​ហើយ​សម្រាប់​កម្ពុជា ប៉ុន្តែ​សម្រាប់​ការចូលរួម​កាលពី​លើក​មុន​មិន​ទទួល​ចំណាត់ថ្នាក់​អ្វី​នោះទេ​។

​សម្រាប់​ការប្រកួត​ជើងឯក​អាស៊ី​ក្របខណ្ឌ​និស្សិត ASEAN University Games 2016 នៅ​ប្រទេស​សិង្ហ​បុរី នា​ថ្ងៃទី​៦ ខែកក្កដា សហព័ន្ធ​អត្តពលកម្ម នឹង​បញ្ជូន​កីឡាករ​ចំនួន​៤​នាក់​(​ស្រី​២​នាក់​)​ចូលរួម​។ ជាមួយគ្នានេះ​សហព័ន្ធ​អត្តពលកម្ម​នឹង​ប​ញ្ចូ​ន​កីឡាករ​កីឡាការិនី​ជាច្រើនរូប​ផងដែរ ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ព្រឹ​តិ្ត​ការណ៍​ជើងឯក​សិស្ស​មធ្យ​សិក្សា នៅ​ទីក្រុង​ឈៀង​រ៉ៃ ប្រទេស​ថៃ នា​ខែកក្កដា ផងដែរ​។ ហើយ​នៅ​ខែសីហា ខាងមុខនេះ​សហព័ន្ធ​នឹង​បញ្ជូន​កីឡាករ​ចំនួន​២​រូប​ដើម្បី​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល​។​


​ដោយឡែក នៅក្នុង​ខែតុលា សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត នឹងធ្វើ​ការប្រកួត​ជើងឯក​ជាតិ​ប្រចាំឆ្នាំ​២០១៦National Games 2016 ដើម្បី​ជ្រើសរើស​កី​ឡករ​ដែលមាន​សមត្ថភាព​ខ្ពស់​សម្រាប់ធ្វើ​ការហ្វឹកហាត់​ពង្រឹងសមត្ថភាព​បន្ថែម និង​ដើម្បី​វាស់​ស្ទង់​សមត្ថភាព និង​កម្រិត​បច្ចេកទេស​ចៅក្រម និង​អាជ្ញាកណ្តាល​សម្រាប់​ឈានឆ្ពោះ​ទៅរក​ការរៀបចំ​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​។
 
​លោក​អគ្គលេខាធិការ​ស​ហ​ព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត​រូបនេះ​បាន​បន្ថែមថា មុន​ឈានដល់​ការរៀបចំ​ការប្រកួត National Games 2016 ដែលជា​ការប្រកួត​ក្របខណ្ឌ​ជាតិ​មាន​លំនាំ​ដូច​ការប្រកួត​ស៊ី​ហ្គេម សហព័ន្ធ​នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ចៅក្រម និង​អាជ្ញាកណ្តាល និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ឲ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការរៀបចំ​ការប្រកួត​នេះ មុន​ឈានដល់​ការធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។​


​គួរ​បញ្ជាក់ថា សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត​កម្ពុជា បច្ចុប្បន្ន​មាន​គ្រួ​បង្វឹក​ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​ពី​គ្រួ​អន្តរជាតិ​មាន​ចំនួន​ជាង​១០​នាក់ ដោយ​កម្រិត​១​មាន​ចំនួន​ជាង​១០​នាក់ និង​កម្រិត​២​ចំនួន​១​នាក់ ប៉ុន្តែ​មិនមាន​គ្រួ​កម្រិត​៣ និង​កម្រិត​៤​នោះទេ​។ ហើយ​ពាក់ព័ន្ធ​ទៅនឹង​គ្រូបង្វឹក​នេះដែរ នៅក្នុង​ខែមិថុនា​ខាងមុខនេះ សហព័ន្ធ គ្រោង​នឹង​បញ្ជូន​គ្រូបង្វឹក​ចំនួន​១​នាក់ ដើម្បី​ទទួល​ការបណ្តុះបណ្តាល​គ្រូ​ក្របខណ្ឌ​អន្តរជាតិ​នៅ​ប្រទេស​អាល្លឺម៉ង់​រយៈពេល​១៣​ខែ​។ ដើម្បី​ឈានដល់​ការបណ្តុះបណ្តាល​គ្រូបង្វឹក​កម្រិត​អន្តរជាតិ សហព័ន្ធ​គ្រោង​នឹង​រៀបចំ​ឲ្យ​មាន​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​មូលដ្ឋាន​កម្រិត​ជាតិ​។   

​លោក ប៉ែន វុទ្ធី បាន​រៀបរាប់​ទៀតថា ដើម្បី​ត្រៀម​ប្រកួត​ក្នុង​ព្រឹ​តិ្ត​ការណ៍​ជាតិ និង​អន្តរជាតិ​នេះ សហព័ន្ធ​ទទួលបាន​គោលការណ៍​អនុញ្ញាត​ពី​ក្រសួង​អប់រំ​សម្រាប់ធ្វើ​ការប្រមូលផ្តុំ​ក្រុម​ជម្រើសជាតិ ដើម្បី​ធ្វើការ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​ផងដែរ ដោយ​ក្នុងនោះ​មាន​ក្រុម​ពេញវ័យ​ចំនួន​១០​នាក់ និង​ក្រុម​ថ្នាល​ចំនួន​៨​នាក់​។

​ស្របពេល​ជាមួយគ្នានេះដែរ សហព័ន្ធ បាន​បង្កើត​ក្រុម​កីឡាករ​មួយក្រុម​ទៀត​ដែល​ទ្រទ្រង់​ដោយ​សហព័ន្ធ​ផ្ទាល់ ដើម្បី​ទុក​ជំនួស ឬក៏​ដោះដូរ​កីឡាករ​ដែល​ទទួលបាន​ការប្រមូលផ្តុំ​ហ្វឹកហាត់ ប៉ុន្តែ​មិន​គោរព​វិន័យ​ក្នុងការ​ហ្វឹកហាត់ ឬ​ហ្វឹកហាត់​មិនមាន​សមត្ថភាព និង​បច្ចេកទេស​កើនឡើង​។​

​គួរ​បញ្ជាក់ថា ក្នុងឆ្នាំនេះ​ដែរ សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត បាន​ចូល​ការប្រកួត​ជើងឯក​យុវ​ថ្នាល​នៅ​ប្រទេស​ថៃ និង​បាន​រៀបការ​ប្រកួត​សាកល្បង​សមត្ថភាព​នៅ​ខេត្តកំពត ដើម្បី​ចំរាញ់​ជ្រើសរើស​កីឡាករ​ដែលមាន​សមត្ថ​ភាព​សម្រាប់​ចូលរួម​ប្រកួត​នៅ​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល​។ ហើយ​កាលពីពេល​ថ្មីៗ​សហព័ន្ធ​បាន​ចូលរួម​ការប្រកួត​ជើងឯក​សិស្ស​មធ្យមសិក្សា​ទូទាំងប្រទេស និង​រៀបចំ​ការប្រកួត​កីឡាអត្តពលកម្ម ដើម្បី​អបអរ​ទិវា​កីឡាអត្តពលកម្ម​ពិភពលោក​លើក​ទី​២១៕   


Tag:
 ​អត្តពលកម្ម​
 ​ ប៉ែន វុទ្ធី​
© រក្សាសិទ្ធិដោយ thmeythmey.com