អត្ថបទពាណិជ្ជកម្ម
​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ និង នគរបាល​ស្រុក​កោះធំ បាន​សហការគ្នា​រៀបចំ ​កម្មវិធី​គាំពារ​សុខភាព​សហគម​ន៍ UP នៅ​ស្រុក​កោះធំ
30, May 2016 , 10:13 am        
រូបភាព
ដោយ: ថ្មីៗ
​នា​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៦ នេះ សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ និង នគរបាល​ស្រុក​កោះធំ បានរៀបចំ កម្មវិធី​គាំពារ​សុខភាព​សហគម​ន៍ UP នៅ​ស្រុក​កោះធំ ខេត្តកណ្តាល ដោយមាន​ការសហការ​ឧបត្ថម្ភ​ដោយ សហគ្រាស​ផលិត​ឱសថ អឺ​ហ្វាក់ និង​ក្រុមហ៊ុន​ខ​ល​ហ្គេ​ត​។ នេះ​ជា​លើក​ទី​២ ដែល​កម្មវិធី​គាំពារ​សុខភាព​សហគម​ន៍ UP ត្រូវបាន​រៀបចំឡើង ដោយ​លើក​ទី​១ កម្មវិធី​គាំពារ​សុខភាព​សហគម​ន៍ UP បាន​ចុះទៅ​ធ្វើការ អប់រំ ព្យាបាល និង ពិនិត្យ​ជំងឺ ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ទ្រាំង ខេត្តតាកែវ កាលពី​ឆ្នាំ ២០១៥ ។

គោលបំណង​នៃ​ការបង្កើត​កម្មវិធី​គាំពារ​សុខភាព​សហគម​ន៍​នេះ​ឡើង គឺ​ដើម្បី​ចូលរួម​លើកកម្ពស់​អំពី​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ ពី​បញ្ហា​សុខភាព ចូលរួម​កាត់បន្ថយ​បន្ទុក​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុងការ​ចំណាយ​លើ​ការព្យាបាល​ជំងឺ ផ្តល់​បទពិសោធ​ន៏​ដល់​ប្អូនៗ​និស្សិត​ពេទ្យ នៃ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ ក្នុងការ​អនុវត្ត​ន៏​ជាក់ស្តែង និង​យល់​ពី​ស្ថានភាព​ពិត​របស់​អ្នកជំងឺ និង ចូលរួម​លើកស្ទួយ​លើ​ការងារ​មនុស្សធម៌​នៅក្នុង​សង្គម​ផងដែរ​។ កម្មវិធី​គាំពារ​សុខភាព​សហគម​ន៍ UP  លើក​ទី​២​នេះ ប្រព្រឹត្តទៅ​នៅ អធិការដ្ឋាន​គរ​បាល​ស្រុក​កោះធំ ដែល​ទទួល​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ចាប់ ពី​ម៉ោង ៧.៣០​ព្រឹក រហូតដល់ ម៉ោង ១៥.៣០​រសៀល ។

ក្នុង​ពិធី​បើក​កម្មវិធី​គាំពារ​សុខភាព​សហគម​ន៍​នេះ ក៏មាន​ការចូលរួម​ជា​កិត្តិយស​ពី​សំណាក់ លោក គិត ច័ន្ទ​គ្រឹ​ស្នា សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ និង​លោក​វរ​សេនី​យ៏​ត្រី ឈឿន ប៊ុន​ឆន អធិការនគរបាល​ស្រុក​កោះធំ​ផងដែរ ដោយ​មានការ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​ការពិនិត្យ និង​ព្យាបាល​ជំងឺ ។



ក្នុង​កម្មវិធី​គាំពារ​សុខភាព​សហគម​ន៍​នេះ មានការ​ចូលរួម​ពី​គ្រូពេទ្យ​ស័​គ្ម្រ​ចិត្ត និង​និស្សិត​ពេទ្យ ស័​គ្ម្រ​ចិត្ត នៃ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ មាន​ចំនួន ១០៥​នាក់ ដែល​រំពឹងថា​នឹង​អាច​ទទួល​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដល់​ប្រជាពលរដ្ឋ​ចំនួន ៥០០ នាក់ ។



កម្មវិធី​គាំពារ​សុខភាព​សហគម​ន៍​នេះ នឹង​ផ្តល់​សេវា​អប់រំ ពិនិត្យ និង​ព្យាបាល​បញ្ហា​សុខភាព ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​កោះធំ​ដូចជា​៖

១.​    ​អប់រំ​អំពី​ការថែរក្សា​អនាម័យ ការថែទាំ​សុខភាព និង​ការព្យាបាល​ដោយ​មិនបាច់​ប្រើ​ថ្មាំ​ដូចជា​ការឈឺ​ខ្នង ចង្កេះ ស្មា សំអាត​មាត់​ធ្មេញ ។​ល​។​
២.​    ​ការពិនិត្យ និង​ព្យាបាល​ជំងឺ​ទូទៅ រោគ​កុមារ មនុស្ស​ចាស់​
៣.​    ​ការពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ​
៤.​    ​ការពិនិត្យ​ផ្ទៃពោះ និង​ការណែនាំ​ពី​ការថែរក្សា​គ​ត៌​
៥.​    ​របៀប​ធ្វើ​អាហារ​គ្រប់គ្រឿង​
៦.​    ​ការផ្តល់​ថ្នាំ​តាម​វេជ្ជបញ្ជា​
៧.​    ​ផ្តល់​ការអប់រំ តាមរយះ ការហូប​ស្អាត ការផឹក​ស្អាត និង ការរស់នៅ​ស្អាត​។



​បន្ទាប់ពី​ការពិនិត្យ និង​ព្យាបាល​ជំងឺ បានបញ្ចប់ អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ក៏បាន​រៀបចំ​ពិធីសូត្រមន្ត​សុំ​សេចក្តីសុខ និង​ការ​ពិសារ​អាហារ​សាមគ្គី​ពេល​ល្ងាច សម្រាប់​ក្រុមការងារ​គ្រូពេទ្យ និង​និស្សិត​ស័​គ្ម្រ​ចិត្ត និង​កងកំលាំងប្រដាប់អាវុធ​ទាំងបី​ទូទាំង​ស្រុក​កោះធំ​ផងដែរ​។​
​​












(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com