កីឡាជាតិ
ជាតិ
​កម្ពុជា​ចេញទៅ​ជួប​ម្ចាស់ផ្ទះ​ឆាយ​នី​ស តៃប៉ិ ដែល​លោក Lee គិតថា​ជា​ក្រុម​ខ្លាំង​ជាង​ទី​ម័​រ​ខាងកើត​
31, May 2016 , 3:23 pm        
រូបភាព
ក្រុម​កីឡាបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជាពេល​ចេញដំណើរទៅ​តៃវ៉ាន់។ រូបថត FFC
ក្រុម​កីឡាបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជាពេល​ចេញដំណើរទៅ​តៃវ៉ាន់។ រូបថត FFC
ដោយ:
 
 ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បានចេញ​ដំណើរ​ទៅ​ឆាយ​នី​ស​តៃប៉ិ ហើយ នៅ​ថ្ងៃទី​៣១ ខែឧសភា នេះ ដើម្បី​ចូល​ប្រកួត​ជម្រុះ​ពាន់រង្វាន់​ជើងឯក​ទ្វីបអាស៊ី AFC Asian Cup 2019 ជើង​ទី​១​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ នា​ថ្ងៃទី​២ ខែមិថុនា​។ នៅមុន​ពេលចេញ​ដំណើរ លោក Lee Tae Hoon បាន​ថ្លែង​ដោយ​ទទួលស្គាល់ថា ឆាយ​នី​ស តៃប៉ិ ជា​ក្រុម​ដែលមាន​សមត្ថភាព​ខ្លាំង​ជាង ទី​ម័​រ​ខាងកើត​ដែល​កម្ពុជា​បាន​យកឈ្នះ ២-០ នា​ជំនួប​មិត្តភាព​អន្តរជាតិ កាលពី​ថ្ងៃទី​២៩ ខែឧសភា កន្លងមក​។​

 
​កម្ពុជា និង​ឆាយ​នី​ស តៃប៉ិ ស្ថិតក្នុង​ចំណោម​ក្រុម​ទាំង​១០​ដែល​ត្រូវ​ប្រកួត​វគ្គ Playoff ពានរង្វាន់ AFC Asian Cup បន្ទាប់ពី​ពួកគេ​បរាជ័យ​ក្នុងការ​ឈានចូល​ជុំ​ទី​បី​នៃ​វគ្គ​ជម្រុះ World Cup កន្លងមក​។ ការប្រកួត​ជើង​ទីមួយ​នៅ​កីឡដ្ឋាន National Stadium ក្រុង Koahsiung កោះ​តៃវ៉ាន់ នឹង​ប្រព្រឹត្តទៅ​វេលា​ម៉ោង​៦​ល្ងាច (​ម៉ោង​នៅ​កម្ពុជា​)​។​
 
​លោក Lee Tae Hoon គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុ​ជានា​សន្និសីទ​សារព័ត៌មាន​ក្រោយ​បញ្ចប់​ការប្រកួត​ជាមួយ​ទី​ម័​រ​ខាងកើត​បានទទួល​ស្គាល់​ថា ក្រុម​ជម្រើស​ឆាយ​នី​ស​តៃប៉ិ​មាន​កម្រិត​បច្ចេកទេស និង​សមត្ថ​ភាពខ្លាំង​ជាង​ក្រុមទី​ម័​រ​ខាងកើត ហើយ​ការប្រកួត​នៅក្រៅ​ទឹកដី​វា​ពិតជា​មានការ​លំបាក​ស​ម្រា​ប់​ក្រុម​ភ្ញៀវ តែ​ទោះជា​យ៉ាងនេះ​ក្តី​លោក​នឹង​ខិតខំ​រៀបចំ​យុទ្ធសាស្ត្រ​វាយបក​ឲ្យ​លឿន​បំផុត​តាមតែ​អាចធ្វើ​ទៅបាន​។ 
 
​លោក​បាន​បន្ថែមថា ទោះបីជា​កូនក្រុម​របស់លោក​បាន​យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត​ក៏ដោយ ប៉ុន្តែ​លោក​មើលឃើញថា បច្ចេកទេស និង​សមត្ថភាព​មិនទាន់​ល្អ​គ្រប់គ្រាន់​នោះទេ ព្រោះ​នៅ​ខ្សោយ​ខាង​ផ្នែក​កម្លាំងកាយ ហើយ​ការប្រកួត​ជាមួយ​ទី​ម័​រ​គ្រាន់តែ​ជាការ​ប្រកួត​ត្រៀម​លេង Play off Asian Cup ប៉ុណ្ណោះ​។​
 
​គួរ​បញ្ជាក់ថា ក្រុម​ជម្រើសជាតិ​កម្ពុជា​ធ្លាប់បាន​យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​ឆាយ​នី​ស​តៃប៉ិ​ម្តង​រួចមកហើយ​នា​ការប្រកួត​មិត្តភាព​អន្តរជាតិ​កាលពី​ឆ្នាំ​២០១៤ នៅ​ឆាយ​នី​ស​តៃប៉ិ​។ កាលនោះ ចាន់ វឌ្ឍនាកា បាន​ស៊ុត​បាល់​បញ្ចូល​ទី​ទាំងពីរ​គ្រាប់​ក្នុង​ជ័យជម្នះ ២-០ របស់​កម្ពុជា​។ វា​ក៏​ជាការ​សងសឹក​ផងដែរ​សម្រាប់​កម្ពុជា ដែល​ធ្លាប់​ចាញ់​ឆាយ​នី​ស តៃប៉ិ (​តៃវ៉ាន់​) ៤-០ កាលពី​វគ្គ​ជម្រុះ​បឋម​ក្នុង​ព្រឹត្តិការណ៍ Merka Tournament នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ឆ្នាំ​១៩៦៤ ។​
 
​*ក្រុម​ជម្រើសជាតិ​កម្ពុជា និង​គណៈប្រតិភូ​
-​លោក ឆាំង ពិសិដ្ឋ អ្នកចាត់ការ​ទូទៅ (​សហព័ន្ធ​បាល់ទាត់​កម្ពុជា​)
-​លោក Lee Tae Hoon គ្រូ​បង្គោល (​សហព័ន្ធ​បាល់ទាត់​កម្ពុជា​)
-​លោក អ៊ុង កង​យ៉ា​និ​ត គ្រូ​ជំនួយ (​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​)
-​លោក អ៊ុំ សាវង្ស គ្រូ​ជំនួយ (​ក្រសួងការពារជាតិ​)
-​លោក ហ៊ោ សុខ​ហេង គ្រូ​ជំនួយ (​ក្រសួងការពារជាតិ​)
-​លោក សួង ភិរម្យ គ្រូ​អ្នកចាំទី (​ក្រសួងការពារជាតិ​)
-​លោក ហៃ ស័​ក្ខ​រី ពេទ្យ (​សាលា​បច្ចេកទេស​ថែទាំ​វេជ្ជសាស្ត្រ​)
-​លោក សៀង ប៊ុណ្ណា ពេទ្យ (​ក្រសួងការពារជាតិ​)
 
*​ឈ្មោះ​កីឡាករ​ជម្រើសជាតិ​កម្ពុជា​៖
-​ព្រះខ័ន​រាជ​ស្វាយរៀង​៖ សឿ​យ វិសាល​, ប្រាក់ មុន្នី​ឧ​ត្ត​ម​, ណុប តុលា​, ហួយ ផល្លី​ន​, សំអឿន ពិដោរ​, នេន សុធា​រ័ត្ន​, សុក សំណាង 
-​ក្រសួងការពារជាតិ​៖ ភួង សុខ​សា​ណា​, ឈិន ឈឿន​, អ៊ុំ សេរី​រ័ត្ន​, ច្រឹង ពលរដ្ឋ 
-​បឹងកេត​អង្គរ​៖ ចាន់ វឌ្ឍនាកា​, សុខ សុវណ្ណ​, ឃួន ឡា​បូ​រ៉ាវី​, រស់ សំអឿន​, ស៊ូ យ៉ា​ទី​, ហុង ផេង​
-​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​៖ ទិ​ត្យ ឌី​ណា​, ស៊ុន វ៉ាន់​ដេ​ត​
-​ណាហ្គា​វើ​ល​៖ សុះ ស៊ូ​ហា​ណា​, ង៉​យ ស្រ៊ី​ន​
-​ភ្នំពេញ​ក្រោ​ន​៖ កែវ សុ​សិលា​, កែវ សុខ​ផេង​, ធា​រី ចន្ថា​ប៊ី​ន​
 

Tag:
 បាល់ទាត់​
  ជ​ម្រើ​ជាតិ​កម្ពុជា​
  ឆាយ​នី​ស​តៃប៉ិ​
  AFC Asian Cup 2019
© រក្សាសិទ្ធិដោយ thmeythmey.com