អន្តរជាតិ
ជប៉ុន ៖ ក្មេងប្រុស​ជនជាតិ​ជប៉ុន​ដែល​បាត់​ខ្លួន​នៅក្នុង​ព្រៃ ត្រូវបាន​រកឃើញ​ហើយ​
03, Jun 2016 , 2:11 pm        
រូបភាព
រូបថតក្មេងប្រុសជនជាតិជប៉ុន
រូបថតក្មេងប្រុសជនជាតិជប៉ុន
ដោយ: ធីតា
​ក្មេងប្រុស​ជនជាតិ​ជប៉ុន​ដែល​បាន​បាត់​ខ្លួន​នៅក្នុង​ព្រៃ​រយៈពេល ៦ ថ្ងៃ ត្រូវបាន​ក្រុម​ជួយសង្គ្រោះ​រកឃើញ​នៅមាន​ជីវិត​នៅឡើយ កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ នៅក្នុង​បន្ទាយ​ទាហាន​បោះបង់ចោល​មួយ នៅក្នុង​ព្រៃ​ជ្រៅ​នៃ​ប្រជុំ​កោះ​ហុក​កៃ​ដូ​។​



​វា​ជា​រឿង​អស្ចារ្យ​ណាស់​ដែល​កុមារ យ៉ាម៉ា​តុ តា​នូ​កា អាយុ ៧ ឆ្នាំនេះ​អាចមាន​ជីវិត​រស់នៅ បន្ទាប់ពី​រស់នៅក្នុង​ព្រៃ​តែម្នាក់ឯង​រយៈពេល ៦ ថ្ងៃ ដោយ​គ្មាន​អាហារ និង​ទឹក​។ ពាក្យ​ដំបូង​បំផុត​ដែល​ក្មេងប្រុស​បាន​និយាយ​ទៅកាន់​ក្រុម​ជួយសង្គ្រោះ​នោះ​គឺ « ខ្ញុំ​ឃ្លាន​ខ្លាំងណាស់ »​។ ក្មេងប្រុស​ត្រូវគេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​។ ក្រៅពី​មាន​អាការ​អស់កម្លាំង​រហិតរហៃ និង​ខ្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន ក្មេងប្រុស​គ្រាន់​តែមាន​របួស​សើ​ស្បែក​តិចតួច​នៅ​ដៃ និង​ជើង​ប៉ុណ្ណោះ​។ ក្រុម​ជួយសង្គ្រោះ​បាន​រកឃើញ​យ៉ាម៉ា​តុ​នៅក្នុង​ព្រៃ​ជ្រៅ ក្នុង​បន្ទាយ​ហ្វឹកហាត់​ទាហាន​មួយ​ដែល​គេបោះបង់​ចោល ស្ថិតនៅ​ចម្ងាយ​ប្រមាណ ៥ គីឡូម៉ែត្រ​ពី​កន្លែង​ដែល​ក្មេងប្រុស​បាត់​ខ្លួន​។​

​យ៉ាម៉ា​តុ​បាន​និយាយថា គេ​បាន​ដើរកាត់​ព្រៃ​ទៅកាន់​អតីត​បន្ទាយ​ទាហាន​នោះ​ដោយ​ខ្លួនឯង​។ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​ដែល​ក្មេងប្រុស​វង្វេង​នៅក្នុង​ព្រៃ មាន​ភ្ញៀ​ង​ធ្លាក់​ខ្លាំងៗ ហើយ​សីតុណ្ហភាព​ធ្លាក់ចុះ​ដល់ ៧ អង្សា​សេ​។ ក្មេងប្រុស​បាន​ជ្រកកោន​នៅក្នុង​អគារ​បន្ទាយ​ទាហាន ដោយ​ដេក​នៅ​ចន្លោះ​ពូក​ពីរ និង​ផឹកទឹក​ចេញពី​ក្បាល​រ៉ូ​ប៊ី​នេ​នៅក្រៅ​អគារ​។​

​ឪពុក​របស់​យ៉ាម៉ា​តុ​បាន​និយាយ​តាម​ទូរ​សព្ទ​នៅលើ​កញ្ចក់​ទូរទស្សន៍​អាសា​ហ៊ី​ថា​៖ « ខ្ញុំ​រកឃើញ​យ៉ាម៉ា​តុ​ហើយ​។ ខ្ញុំ​បាន​សុំទោស​កូន ហើយ​គេ​បាន​ងក់ក្បាល​។ វា​ពិតជា​ល្អ​ណាស់ ដែល​កូន​ខ្ញុំ​មាន​សុវត្ថិ​ភាពល្អ​។ ខ្ញុំ​រក​ពាក្យ​អ្វី​មក​និយាយ​មិន​បានទេ »​។​

​ក្រុម​អ្នក​ជួយសង្គ្រោះ​ជាង ១៨០ នាក់​រួមទាំង​ទាហាន​ផង បាន​ចុះ​រុករក​យ៉ាម៉ា​តុ​ដែល​បាន​បាត់​ខ្លួន​នៅក្នុង​ព្រៃ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន បន្ទាប់ពី​ឪពុកម្តាយ​របស់គេ​បញ្ជា​ឲ្យ​ចុះ​ពី​រថយន្ត ដើម្បី​ដាក់ទោស​ចំពោះ​កូន ដែល​បាន​លេង​គប់​ដុំថ្ម​ទៅលើ​រថយន្ត​របស់​អ្នកដទៃ​៕

​ប្រភព​៖ Daily Mail


Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com