អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បារាំង​ផ្ទេរ​នាវា​ដឹក​ឧទ្ធម្ភាគចក្រ​យោធា «​មី​ស្ត្រា​ល់​» ឲ្យ​អេ​ហ្ស៊ី​ប​ជា​ផ្លូវការ​
04, Jun 2016 , 9:30 am        
រូបភាព
 
​ចុងក្រោយ​ក្រុងប៉ារីស​ផ្ទេរ​នាវា​ដឹក​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ មី​ស្ត្រា​ល់ (Mistral)​ដែល​សង់​សម្រាប់​ទ័ពជើងទឹក​រុស្ស៊ី មួយគ្រឿង​ទៅ​ឲ្យ​អេ​ហ្ស៊ី​ប​នៅ​កំពង់ផែ Saint Nazaire កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ២​ខែមិថុនា​។ នាវា​នឹង​ចាកចេញ​ទៅ​អេ​ហ្ស៊ី​សប្តាហ៍​ក្រោយ ប៉ុន្តែ​តម្លៃ​នាវា​នេះ​មិនត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​ឡើង​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS​។​

  
​នាវា​ដឹក​ឧទ្ធម្ភាគចក្រ​មួយគ្រឿង​ក្នុងចំណោម​នាវា​មី​ស្ត្រា​ល់រ​បស់​បារាំង​ពីរ​គ្រឿង​ត្រូវបាន​ផ្ទេរ​ជា​ផ្លូវការ​ឲ្យ​កងទ័ពជើងទឹក​អេ​ហ្ស៊ី​ប​រួចរាល់​ហើយ​។​ការប្រគល់​នាវា​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​កំពង់ផែ​បារាំង Saint Nazaire ហើយ​នាវា​ដែល​ដំបូង​ឡើង​សាងសង់​ឡើយ​ដើម្បី​លក់​ឲ្យ​ក្រុង​ម៉ូស្គូ​នេះ​នឹង​ចាក​ចេញពី​កំពង់​ផែន​នេះ​ទៅ​អេ​ហ្ស៊ី​ប​នៅ​សប្តាហ៍​ក្រោយនេះ​។ 
 
​អ្នកនាំពាក្យ​ក្រុមហ៊ុន​ផលិត​អាវុធ​បារាំង DCNS លោក Emmanuel Gaudez បាន​អះអាងថា នាវា​ដឹក​ឧទ្ធម្ភាគចក្រ​នេះ​នឹង​ចាក​ចេញទៅ​អេ​ហ្ស៊ី​ប​សប្តាហ៍​ក្រោយ​។ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ឲ្យ​ដឹង​ទេ​ថា នាវា​ដឹក​យន្តហោះ​នេះ​មានតម្លៃ​ប៉ុន្មាន ព្រោះ​វា​គេ​ចង់​រក្សា​ការសម្ងាត់​ពាណិជ្ជកម្ម​។​
 
​បើតាម​ក្រសួងការពារជាតិ​អេ​ហ្ស៊ី​ប​នាវា​នេះ​ត្រូវបាន​គេ​ដាក់ឈ្មោះថា ENS Gamal Abdel Nasser 1010 ដើម្បី​ជាការ​ឧទ្ទិស​ដល់​ប្រធានាធិបតី​អេ​ហ្ស៊ី​ប​ទី​២ ដែល​កាន់តំណែង​ពី​ឆ្នាំ ១៩៥៤ ដល់​ឆ្នាំ ១៩៧០ លោក  Gamal Abdel Nass​។ ទង់ជាតិ​អេ​ហ្ស៊ី​ប​ត្រូវបាន​គេ​បង្ហូត​ឡើងលើ​នាវា​ជា​ផ្លូវការ ហើយ​នាវា​នេះ ក្លាយជា​ទ្រព្យសម្បត្តិ​កងទ័ពជើងទឹក​អេ​ហ្ស៊ី​ប​ផងដែរ​។ 
 
​ដោយ​លើកឡើង​ខាងដើម​ស្រាប់​នាវា មី​ស្ត្រា​ល់​នេះ​ត្រូវបាន​សង់​ឡើង​ក្រោម​កិច្ចសន្យា​រវាង​បារាំង​ជាមួយ​រុស្ស៊ី​ក្នុង​ឆ្នាំ​២០១១​។  ហើយ​នាវាចម្បាំង​ទាំងពីរ​គ្រឿង​នេះ​ត្រូវបាន​គេ​សាងសង់ និង​រចនា​ឡើង​សម្រាប់​កងទ័ពជើងទឹក​រុស្ស៊ី​ប៉ុណ្ណោះ​។ ប៉ុន្តែ​ក្នុងអំឡុង​ឆ្នាំ ២០១៤ រដ្ឋាភិបាល​ក្រុងប៉ារីស​ពន្យារពេល​បញ្ជូន​នាវា​នេះ​ទៅ​ឲ្យ​រុស្ស៊ី ហើយ​បានប្រកាស​លុបចោល​កិច្ចព្រមព្រៀង​វិញ​ក្នុង​ខែសីហា​ឆ្នាំ ២០១៥ ដោយសារ​រុស្ស៊ី​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។ ដោយសារ​លុបចោល​កិច្ចសន្យាលក់​នាវា​នេះ បារាំង​ត្រូវ​ចំណាយលុយ ៥.៧​ពាន់​លាន​ដុល្លារ​អាមេរិក​។ 
 
​យោងតាម​កិច្ចសន្យា​រវាង​ភាគី​ទាំងពីរ​ដែល​បាន​ចុះ​កាលពី​ឆ្នាំ ២០១១ បារាំង​មាន​កាតព្វកិច្ច​បញ្ជូន​នាវា​ដឹក​ឧទ្ធម្ភាគចក្រ​ដំបូង​មក​ឲ្យ​រុស្ស៊ី​នៅ​ចុងឆ្នាំ ២០១៤ និង​មួយគ្រឿង​ទៀត​នៅ​ឆ្នាំ ២០១៥​នេះ​។  ដំបូង​ឡើយ​រុស្ស៊ី​មិន​សុខចិត្ត  តែ​ក្រោយ​ចំណាយពេល​សម្រេចចិត្ត​អស់​ជា​យូរ រុស្ស៊ី​កាត់ចិត្ត​លះបង់​ចោល​បំណង​ទិញ​នាវា​នេះ​វិញ​។ 
 
​នាវា​ពីរ​គ្រឿង​នេះ ជានា​វា​ធុន​ធំ​សម្រាប់​ដឹកជញ្ជូន​សព្វាវុធ​។ វា​អាច​ផ្ទុក​កងទ័ព ៧០០​នាក់ ឧទ្ធម្ភាគចក្រ​សម្រាប់​វាយប្រហារ ១៦ គ្រឿង និង​អាចដាក់​រថក្រោះ និង​រថពាសដែក​បាន​ដល់​៥០​គ្រឿង​ឯណោះ​។ ចំណែក អេ​ហ្ស៊ី​ប​ឯណោះ​វិញ សម្រេច​ទិញ​នាវាចម្បាំង​នេះ​ពី​បារាំង​ក៏ដោយ​សារ​បញ្ហា​មួយចំនួន​។ អេ​ហ្ស៊ី​ប​ចង់​ពង្រឹង​អំណាច​យោធា​របស់ខ្លួន ដើម្បី​ទប់ស្កាត់​បញ្ហា​ប្រឈម​នានា ដូចជា​ការកើនឡើង​នូវ​ការគំរាមកំហែង​ដែល​បង្កឡើង​ដោយ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​និង​ក្រុម​ភេរវជន​ផ្សេងទៀត​៕ 
 

Tag:
 Mistral
  បារាំង​
 ​អេ​ហ្ស៊ី​ប
© រក្សាសិទ្ធិដោយ thmeythmey.com