បទយកការណ៍ / បទសម្ភាសន៍
សៅ ពិសិដ្ឋ ចង់​ធ្វើជា​វិស្វករ​បូម​ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​
06, Jun 2016 , 10:05 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ យុវជន សៅ ពិសិដ្ឋ អាយុ ២៤​ឆ្នាំ មានគំនិត​សុទិដ្ឋិនិយម​ខ្ពស់ ក្នុងការ​ឆក់យក​ឱកាស​ការងារ​ជា​វិស្វករ​បូម​ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា ស្របពេល​ក្រុមហ៊ុន​នានា កំពុង​សិក្សា​ពី​លទ្ធផល​ភាព​ចម្រាញ់​យក​កំណប់​រ៉ែ​ប្រេង​ពី​បាតសមុទ្រ​កម្ពុជា​បច្ចុប្បន្ន​។ ពិសិដ្ឋ កំពុង​ក្រេប​វិជ្ជា​បូម​ប្រេងកាត​ក្នុងប្រទេស​រុស្សី រួចហើយ​លោក​នឹង​បន្ត​សិក្សា​នៅ​ប្រទេស​ចិន រយៈពេល ៣​ឆ្នាំ​បន្ថែមទៀត ស្របពេល​គម្រោង​ចម្រាញ់​ប្រេង​កម្ពុជា មិនទាន់​លេច​រូបរាង​ជា​ផ្លូវការ​នៅឡើយ​។​


​លោក សៅ ពិសិដ្ឋ បាន​ជ្រើស​យក​ជំនាញ​សិក្សា​ផ្នែក វិស្វករ​ប្រេងកាត និង​ឧស្ម័ន ព្រោះ​លោក​មើលឃើញ​ពី​ឱកាស​ការងារ​ជំនាញ​មួយ​នេះ ស្របពេល​កម្ពុជា​កំពុង​ត្រូវការ​វិស្វករ​ជំនាញ ដើម្បី​បូម​យក​រ៉ែ​ប្រេង​ពី​ដែនដី​សុវណ្ណ​ភូមិ​មួយ​នេះ​។​
 
​ពិសិដ្ឋ បាន​បោះបង់​ការសិក្សា​ពីរ​ជំនាញ នៅ​កម្ពុជា គឺ​ថ្នាក់​ឆ្នាំ​មូលដ្ឋាន​នៅ​វិទ្យាស្ថាន​បច្ចេកវិជ្ជា​កម្ពុជា (​សាលា​តិច​ណូ​) និង ជំនាញ​សេដ្ឋកិច្ច (​អាហារូបករណ៍​) នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ដើម្បី​បន្ត​អាហារូបករណ៍​ការសិក្សា​នៅ​ប្រទេស​រុស្សី​។​
 
​យុវជន​មាន​ស្រុកកំណើត​នៅ​ស្រុក​កោះធំ ខេត្តកណ្តាល រូបនេះ បាន​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការសិក្សា​ជំនាញ​វិទ្យាសាស្ត្រ​មួយ​នេះ បើទោះបីជា​លោក​ជួបប្រទះ​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ​សិក្សា ក្នុងប្រទេស រុស្សី ក្តី​។​
​និស្សិត​ឆ្នាំ​ទី​បួន ថ្នាក់​បរិញ្ញាបត្រ ជំនាញ​ផ្នែក​ផលិត​ប្រេងកាត និង​ឧស្ម័ន នៃ​សាកលវិទ្យាល័យ​បច្ចេកទេស​ប្រេងកាត​រដ្ឋ​អ៊ូ​ហ្វា (Ufa State Petroleum Technological University) បាន​ត្អួ​ញ​ត្អែ​រថា ទោះបីជា​លោក​ទទួលបាន​ប្រាក់​អាហារូបករណ៍​ឧបត្ថម្ភ ពី​រដ្ឋាភិបាល​រុស្សី និង​រដ្ឋាភិបាល​កម្ពុជា​ក្តី ក៏​លោក​នៅតែ​ពុំ​អាច​ចំណាយ​គ្រប់គ្រាន់ អំឡុងពេល​សិក្សា​ឡើយ​។ 
 
​លោក​ប្រាប់ថា គ្រួសារ​លោក​ផ្ញើ​ថវិកា​ជាង ១០០​ដុល្លារ​អាមេរិក​បន្ថែម ជាង​រៀងរាល់ខែ ពី​កម្ពុជា ទៅ​រុស្សី ដើម្បី​ចំណាយ​លើ​ម្ហូបអាហារ​របស់លោក អំឡុងពេល​សិក្សា​ពី​ឆ្នាំ​ទីមួយ រហូត​ដល់ទី​បួន នៅលើ​ទឹកដី​រុស្សី​។​
 
​កូនប្រុស​ចម្បង​ក្នុង​គ្រួសារ​ដែលមាន​ម្តាយ​ជា​អា​ជីករ និង​ឪពុក​ជា​គ្រូបង្រៀន​កម្រិត​បឋមសិក្សា រូបនេះ​និយាយ​ពី​ការចំណាយ​លើ​ម្ហូបអាហារ​ប្រចាំខែ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ចំណាយ​ទិញ​ម្ហូបអាហារ​ហូបចុក​ជាង ១៥០​ដុល្លារ​ក្នុង​មួយខែ​។ រីឯ ការ​ស្នាក់នៅ ទឹក ភ្លើង ខ្ញុំ​ត្រូវ​បង់​ឲ្យ​សាលា ចំនួន ១២០​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំ​»​។​

​យុវជន​ខ្មែរ​ឆ្នើម​ដែល​តែង​ប្រឡង​ជាប់​ជ័យលាភី​ល្អប្រសើរ​នៅ​រុស្សី រូបនេះ និយាយ​បន្តថា​៖«​ខ្ញុំ​ទទួល​ប្រាក់​អាហារូបករណ៍ ក្រសួង​អប់រំ​ចំនួន ១០​ដុល្លារ ក្នុង​មួយខែ ហើយ​សរុប ១២០​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំ​។ រីឯ​ប្រាក់​អាហារូបករណ៍​ក្រសួង​អប់រំ​រុស្សី​ចំនួន ១៥០០​រ៉ូ​ប ស្មើនឹង ២៣​ដុល្លារ​អាមេរិក ក្នុង​មួយខែ និង​អាហារូបករណ៍​បន្ថែមរ​បស់​រដ្ឋាភិបាល​រុស្សី​ចំនួន ៥០​ដុល្លារ​ក្នុង​មួយខែ​»​។ យ៉ាង​ណាណ យុវជន​រូបនេះ រីករាយ​នៅពេល​រដ្ឋាភិបាល​កម្ពុជា សម្រេច​បន្ថែម​ថវិកា ៥០​ដុល្លារ​អាមេរិក ក្នុង​មួយខែ ដល់​និស្សិត​ខ្មែរ​នៅ​រុស្សី ព្រោះ​វា​អាចជួយ ឲ្យ​ការចំណាយ​ថវិកា​សម្រាប់​ទិញ​ម្ហូបអាហារ និង​ឯកសារ​សិក្សា​គ្រប់គ្រាន់​សមរម្យ​ជាង​មុន​។​
 
​បើទោះបីជា ពិសិដ្ឋ ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ​សិក្សា​បន្តិច​ក្តី ក៏​លោក​បាន​ព្យាយាម​ជំនះ​បញ្ហា នេះ ជា​បន្តបន្ទាប់ រហូតមក​។ និស្សិត​បច្ចេកទេស​បូម និង​ចម្រាញ់ ប្រេងកាត និង​ឧស្ម័ន សៅ ពិសិដ្ឋ បាន​ព្យាយាម​សិក្សា​ទាំង​ភាសា​រុស្សី​ដែល​មិនជា​ភាសា​កំណើត និង​ស្រាវជ្រាវ មុខវិជ្ជា​ជំនាញ​បន្ថែម​ពី​ព្រលឹម ទល់​ព្រលប់​។ ក្រៅពី​ការសិក្សា​នៅ​សាលា​ទាំង​ព្រឹក និង​រសៀល លោក ពិសិដ្ឋ ត្រូវ​ចំណាយពេល​បន្ថែម​ស្រាវជ្រាវ នៅ​បន្ទប់​ស្នាក់នៅ និង​បណ្ណាល័យ​សាលា​ផងដែរ ដើម្បី​ទទួល​ចំណេះ​ជំនាញ​ឲ្យ​កាន់តែច្បាស់​។​
 
​លោក​និយាយថា​៖«​ខ្ញុំ​តែងតែ​រម្លឹក​មេរៀន​សាលា ស្រាវជ្រាវ​អនុវត្ត​រូបមន្ត​លំ​ហាត់ ពេលយប់​ពី​ម៉ោង ៨​យប់ ដល់​ម៉ោង ១០​យប់​ហើយ ពេលខ្លះ​ដល់​ម៉ោង​២ កណ្តាល​អា​ធ្រា​តុ​ក៏មាន ព្រោះ​មេរៀន​ច្រើន ដែល​ផ្តោតលើ​ជំនាញ​ប្រេង និង​ឧស្ម័ន​នេះ​»​។ ម្យ៉ាងទៀត លោក​ត្រូវតែ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ ប្រជែង​ជាមួយ​និស្សិត​សាសន៍​ដទៃទៀត​ផងដែរ ស្របពេល​ការសិក្សា​យកគុណ​ភាព ជាសំខាន់​។ ពិសិដ្ឋ និយាយថា​៖«​សាលា​នៅ​រុស្សី​គ្មាន​ឡើយ ការលួចចម្លង​គ្នា​ពេល​ប្រឡង ដូច្នេះ និស្សិត​ម្នាក់ៗ ត្រូវ​ប្រឹងប្រែង​ស្រាវជ្រាវ ស្តាប់​គ្រូ​ពន្យល់​យ៉ាង​យកចិត្តទុកដាក់​។ មេរៀន​ណា មិនទាន់​ច្បាស់ យើង​ត្រូវ​ពិភាក្សាគ្នា និង​សួរ​សាស្ត្រាចារ្យ​បន្ថែម​»​។​

​យុវជន​ខែ្មរ​ដែល​កំពុង​សិក្សា​នៅក្នុង​ប្រទេស​មហាអំណាច​ខ្លាឃ្មុំ​ទឹកកក​រូបនេះ ត្រូវ​ប្រជែង​ជាមួយ​និស្សិត​សាសន៍​ដទៃ​ចំនួន ២៥​នាក់ ក្នុង​មួយ​បន្ទប់ រួមមាន ចិន វៀតណាម និស្សិត​មកពី​តំបន់​អាហ្វ្រិក និង​រុស្សី​ផ្ទាល់​។ យ៉ាងណា លោក​ពុំ​លំបាក​លើ​ការសិក្សា​ជំនាញ​វិទ្យាសាស្ត្រ​មួយ​នេះឡើយ ពីព្រោះ​លោក​ជា​សិស្ស​ពូកែ​ដែល​ស្រលាញ់​មុខវិជ្ជា​វិទ្យាសាស្ត្រ និង​មាន​មូលដ្ឋានគ្រឹះ​ចំណេះ​វិទ្យាសាស្ត្រ ពី​កម្ពុជា​ស្រាប់​។ ប៉ុន្តែ លោក​ប្រឈម​នឹង​ភាសា បច្ចេកទេស ពីព្រោះ​ការសិក្សា​រៀបចំ​ឡើងជា​ភាសា​រុស្សី​។ ដូច្នេះ ពិសិដ្ឋ ថា លោក​ត្រូវ​ស្រាវ ជ្រាវ​ឯកសារ​សិក្សា​ភាសា​រុស្សី តាមរយៈ​វចនានុក្រម និង​អ៊ី​ន​ធឺ​ណេ​ត ដើម្បី​សិក្សា​ភាសា​រុស្សី ឲ្យ​កាន់តែច្បាស់​។​

​ទន្ទឹមគ្នា លោក​ស្នើ​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​អប់រំ គួរ​បង្កើត​គណៈកម្មាកា​រ​ជំនាញ ភាសាបរទេស សិក្សា​ស្រាវជ្រាវ​ចងក្រង​ឯកសារ​នានា ពី​ភាសាបរទេស មក​ភាសា​ខ្មែរ ដើម្បី សម្រួល​ដល់​ការសិក្សា​រៀនសូត្រ​របស់​និស្សិត​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស​ផងដែរ​។​
 
 
​ទោះបីជា​ការសិក្សា​លំបាក​ក្តី ពិសិដ្ឋ​ពុំ​បោះបង់​ឱកាស​នេះឡើយ ព្រោះ​លោក​មើលឃើញ ពី​អនាគត​ភ្លឺ នាពេលខាងមុខ​។ មិន​ត្រឹមតែ​មានឱកាស​សិក្សា​អាហារូបករណ៍​នៅ​រុស្សី​ប៉ុណ្ណោះ​ទេ និស្សិត​ខ្មែរ​ដែល​ត្រៀម​ស្រាវជ្រាវ​សារ​ណា​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ ជំនាញ​ប្រេង និង​ឧស្ម័ន រូបនេះ បានស្នើ​អាហារូបករណ៍ តាមរយៈ​សេចក្តីជូនដំណឹង​ក្រសួង​អប់រំ បន្ត​ថ្នាក់អនុបណ្ឌិត រយៈពេល ៣​ឆ្នាំ នៅ​ប្រទេស​ចិន បន្ត​ទៀតផង​។ ក្នុងឆ្នាំនេះ លោក​នឹង​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ នៅ​រុស្សី ហើយ​លោក​នឹង​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត​ជំនាញ​ដដែល នៅ​សាកលវិទ្យាល័យ​China University of Petroleum ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ទៀត​។​

​ក្រោយពី​បញ្ចប់​ការសិក្សា​នៅក្នុង​ប្រទេស​ចិន ពិសិដ្ឋ មាន​សុទិដ្ឋិនិយម​ថា លោក​នឹង​អាច​ចូល ធ្វើការ​រដ្ឋ ផ្នែក​បូម​ប្រេង ក្នុង​ឈូង​សមុទ្រ​កម្ពុជា​ផងដែរ ស្របពេល​ក្រុមហ៊ុន​នានា កំពុង​ស្រាវជ្រាវ​រុករក​រ៉ែ​ប្រេង នៅ​ឈូង​សមុទ្រ​កម្ពុជា​។ បើទោះបីជា​គម្រោង​ទាំងនោះ ពុំ​លេច​ជា​រូបរាង​ក្តី ពិសិដ្ឋ និយាយ​យ៉ាង​ដូច្នេះ​ថា​៖« ពេល​សិក្សា​ចប់ ខ្ញុំ​នឹង​វិល​នៅ​ប្រទេស​យើង​វិញ​។ ខ្ញុំ​នឹង​ប្រឹងប្រែង​ប្រឡង​ចូល​ការងារ​រដ្ឋ ផ្នែក​នេះ​។ ខ្ញុំ​សង្ឃឹមថា រាជរដ្ឋាភិបាល នឹង​ផ្តល់ឱកាស​ច្រើន ដល់​យុវជន​ជំនាញ​ខ្មែរ​។ ខ្ញុំ​ចង់​ធ្វើជា​អ្នកជំនាញការ​បូម​ប្រេង នៅ​សមុទ្រ​ខ្មែរ​»​។​

​យ៉ាងណា លោក​ថា ប្រសិនបើ​លោក​ពុំមាន​ឱកាស​ទេនោះ លោក​នឹងដាក់​ពាក្យ​ធ្វើការ នៅតាម​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងទៀត រយៈពេល ៥​ឆ្នាំ ទៅ ១០​ឆ្នាំ ដើម្បី​យក​បទពិសោធន៍​បន្ថែម មុនពេល លោក​ត្រឡប់​ចូលធ្វើការ​នៅក្នុង​ប្រទេស​៕
 

Tag:
 សៅ ពិសិដ្ឋ​
  ប្រេង
© រក្សាសិទ្ធិដោយ thmeythmey.com