អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ហ៊ី​ឡា​រី គ្លី​ន​តុ​ន ឈ្នះឆ្នោត​នៅ​ Virgin Islands​ និង​ទឹកដី Puerto Rico
06, Jun 2016 , 10:48 am        
រូបភាព
ដោយ: ថ្មីៗ
​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បានទទួល​ជ័យជម្នះ​បន្តបន្ទាប់​នៅ នៅ​ថ្ងៃ​សៅរ៍​កោះ Virgin Islands​និង​នៅ​ទឹកដី​អាមេរិក « Puerto Rico»​នៅ​ថ្ងៃ​នៅ​អាទិត្យ​ទៀត​។ ជ័យជម្នះ​នេះ​ធ្វើ​ឲ្យ​លោកស្រី​កាន់តែ​មានសង្ឃឹម​ក្នុង​ការដណ្តើម​ការតែងតាំង​ពី​បក្ស​។ ប៉ុន្តែ គេ​រង់​ចាំមើល​លទ្ធផល​បោះឆ្នោត​នៅ​កាលី​ហ្វ​រ​នីញ៉ា​ដែលជា​រដ្ឋ​សំខាន់​មួយ​នោះ​នឹងត្រូវ​រៀបចំឡើង​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​សិន​។​


 
​លទ្ធផល​បោះឆ្នោត​សាកល្បង​ក្នុង​បក្ស​ប្រជាធិបតេយ្យ​នៅ​កោះ Virgin Islands​និង ទឹកដី​អាមេរិក Puerto Rico បង្ហាញថា លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​បាន​ផ្តួល​គូប្រជែង​លោក ប៊ែ​នី សេន​ដឺ​។ ជ័យជម្នះ​របស់លោក​ស្រី​ចំនួន​ពីរដង​ក្នុង​មួយ​សប្តាហ៍​នេះ បង្ហាញ​កាន់តែច្បាស់​ថា លោកស្រី​មានលទ្ធភាព​ច្រើន​ក្នុងការ​ក្លាយជា​បេក្ខជន​ប្រ​ធា​ធិបតី​របស់​បក្ស​ជា​ផ្លូវការ​។ 
 
​នៅ​កោះ Virgin Islands មាន​តំណាង​សរុប​ចំនួន ៧​នាក់​ដែល​បេក្ខជន​អាច​ដណ្តើមបាន​។ បើតាម​សារព័ត៌មាន Politico លោកស្រី​បានទទួល ១៣០៨ សំឡេង ហើយ​លោកស្រី ប៊ែ​នី សេន​ដឺ បានទទួល​ត្រឹម ១៩០ សំឡេង​ប៉ុណ្ណោះ​។​
 
​ចំណែក​ក្នុងការ​បោះឆ្នោត​សាកល្បង​នៅ​ទឹកដី Puerto Rico ថ្ងៃអាទិត្យ​ម្សិលមិញ លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ក៏បាន​ផ្តួល​គូប្រជែង​របស់ខ្លួន​លោក ប៊ែ​នី សេន​ដឺ​ទៀត​។ លោកស្រី​ឈ្នះ​បាន ៦៤​ភាគរយ ខណៈដែល​លោក ប៊ែ​នី សេន​ដឺ បានទទួល​សំឡេងគាំទ្រ​ត្រឹមតែ ៣៤​ភាគរយ​ប៉ុណ្ណោះ ហើយ​នៅ​ទឹកដី​នេះ មាន​អ្នកតំណាង​សរុប​ចំនួន ៦០ នាក់​។ 
 
​ក្រោយ​ទទួល​ជ័យជម្នះ​បន្តបន្ទាប់​គ្នា​មក លោកស្រី​រកបាន​អ្នកតំណាង​រហូតដល់ ២៣៥៥ រួចទៅហើយ ខណៈដែល​ដើម្បី​ទទួលបាន​ការតែងតាំង​ពី​បក្ស​បេក្ខជន​ម្នាក់​ត្រូវមាន​តំណាង​សរុប ២៣៨៣​នាក់​ប៉ុណ្ណោះ​។ ដូច្នេះ​មានន័យថា​លោកស្រី​នៅ​ខ្វះ​បន្តិចបន្តួច​ប៉ុណ្ណោះ​ដើម្បី​ឈ្នះ​ការ​តែ​តាំងពី​បក្ស​។ 
 
​ចំនួន​តំណាង ២៣៥៥​នាក់​នេះ​គឺ​បូករួម​ជាមួយ​អ្នកតំណាង​ឯករាជ្យ​ដែល​ប្រកាសថា​នឹង​គាំទ្រ​លោកស្រី​នៅក្នុង​សមាជ​បក្ស​។ អតីតរដ្ឋមន្ត្រី​ការបរទេស​រូបនេះ ទទួលបាន​ការគាំទ្រ​ពី​អ្នកតំណាង​ឯករាជ្យ​របស់​បក្ស (super delegates)  រហូតដល់ ៥៤៨​នាក់ ប៉ុន្តែ​គេ​បារម្ភ​ថា ក្រុម​នេះ​អាច​ផ្លាស់ប្តូរ​ការគាំទ្រ​ក្នុងពេល​សមាជ​បក្ស​មកដល់​ខែកក្កដា​ខាងមុខ​។ នេះ​ក៏​ព្រោះតែ​ពួកគេ​មាន​សិទ្ធិ​ពិសេស និង​ឯករាជ្យ​ក្នុងការ​គាំទ្រ​បេក្ខជន​ណា​ម្នាក់​ដែល​ពួកគេ​ពេញចិត្ត​។ ហើយម្យ៉ាង​លោក ប៊ែនី សេនដឺ កំពុងប្រឹងប្រែងអូសទាញបណ្តាក្រុមអ្នកតំណាងពិសេសទាំងនោះឲ្យ​គាំទ្រលោកថែមទៀតផង។
 
​យ៉ាងណា​ក៏ដោយចុះ នៅសល់​សមរភូមិ​នយោបាយ​សំខាន់ៗ​មួយចំនួនទៀត​ដែល​អាច​ផ្លាស់ប្តូរ​លទ្ធផល​បាន​។ ជាពិសេស​ការបោះឆ្នោត​នៅ​រដ្ឋកា​លី​ហ្វ​រ​នីញ៉ា​នា​ថ្ងៃ​អង្គារ​ខាងមុខនេះ​តែម្តង​។ ក្រៅពី​រដ្ឋកា​លី​ហ្វ​រ​នីញ៉ា រដ្ឋ​ផ្សេងទៀត​ដូចជា New Jersey, New Mexico, South Dakota និង​Montana ក៏​រៀបចំ​បោះឆ្នោត​នៅថ្ងៃនោះ​ដែរ​។ ការ​ប្រជែង​គ្នា​ត្រូវ​បិទ​បញ្ចប់​នៅក្នុងបោះឆ្នោត​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ថ្ងៃ ១៤ មិថុនា​ មុនសមាជបក្សប្រជាធិបតេយ្យមកដល់៕
 

Tag:
 Virgin Islands
  Puerto Rico
  ហ៊ី​ឡា​រី គ្លី​ន​តុ​ន​
© រក្សាសិទ្ធិដោយ thmeythmey.com