ពីនេះ ពីនោះ
«​មន្ត្រីរាជការ​»​ត្រូវធ្វើ​ការបម្រើ​ព្រះរាជា ប្រទេសជាតិ និង​រាស្ត្រ ព្រោះ បើកប្រាក់​ខែ​ពី​រាស្ត្រ​
21, Jun 2016 , 11:20 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​វចនានុក្រម​សម្តេច​សង្ឃ​ជួន​ណាត គេ​ពន្យល់​ពាក្យ​«​មន្ត្រី​»​ថា អ្នកមាន​គំនិត​, ពួក​អ្នកមាន​សេចក្តី​ដឹង​រាក់​ជ្រៅ​, អ្នក​ប្រឹក្សា​ផែនដី​, អ្នករាជការ​ដែលមាន​ស័ក្តិយស​, នាម៉ឺន​។​ល​។ មន្ត្រីកិត្តិយស គឺជា​មន្ត្រី​ដែល​ព្រះករុណា​ជា​ម្ចាស់ជីវិត​ទ្រង់​ប្រោស​ព្រះរាជទាន​ងារ​ឲ្យ​គ្រាន់តែ​មានកេរ្តិ៍ឈ្មោះ ឥតមាន​ប្រាក់ខែ ឬ​ប្រាក់រង្វាន់ ព្រោះ​យសស័ក្តិ​នោះទេ​។



​ពាក្យ​«​មន្ត្រី​»​នេះ មាន​ទំនាក់ទំនង​ជាមួយ​ពាក្យ​«​រាជការ​»​។ «​រាជការ​» ត្រូវបាន​គេ​ពន្យល់ថា ការងារ ឬ​កិច្ច​ការដែល​ត្រូវធ្វើ​សម្រាប់​បម្រើ​ព្រះរាជា ឬ​ប្រទេសជាតិ​។ ពាក្យ​នេះ ប្រើ​សម្រាប់​ប្រទេស​ដែលមាន​សេ្ត​ច​គ្រងរាជ្យ​។​

​ប្រសិនបើ​គេ​បូក​បញ្ចូល​ពាក្យ​«​មន្ត្រី​» និង​«​រាជការ​» ចេញ​ជា​ពាក្យ​«​មន្ត្រីរាជការ​»​តែមួយ គេ​អាច​ពន្យល់​រួមគ្នា​បាន​ថា ក្រុម​អ្នកមានចំណេះដឹង​ជ្រៅជ្រះ​ដែល​ត្រូវធ្វើ​កិច្ចការ​បម្រើ​ព្រះរាជា ឬ​ប្រទេសជាតិ ឬ​អាច​និយាយ​ម្យ៉ាងទៀត​បាន​ថា ធ្វើការ​បម្រើ​រាស្ត្រ​ខ្លួនឯង​។

​ដោយ​មិន​ពន្យល់​ទាក់ទង​នឹង​អត្ថន័យ​នៃ​ពាក្យពេចន៍​«​មន្ត្រីរាជការ​»​ឡើយ តែ​សម្តេច ហ៊ុន សែន កាលពី​ម្សិលមិញ បាន​ប្រាប់​មន្ត្រី​កុំ​ឲ្យ​តាំងខ្លួន​ជា​ចៅហ្វាយ​រាស្ត្រ តែ​ត្រូវ​ធ្វើខ្លួន​ជា​អ្នកបម្រើ​ប្រជារាស្ត្រ​វិញ​។ សម្តេច ក៏​ហាម​មិន​ឲ្យ​ប្រើ​មន្ត្រី​ទាំងឡាយណា ដែល​ទទួល​យកតែ​ត្រូវ​ដាក់ខ្លួន ហើយ​ពេល​ជួបនឹង​កំហុស​ទម្លាក់​ដល់​អ្នកដទៃ​។

​សូមបញ្ជាក់ថា តាម​ធម្មតា «​មន្ត្រីរាជការ​»​ត្រូវតែ​ធ្វើការ​បម្រើ​រាជា បម្រើ​ប្រទេសជាតិ និង​បម្រើ​រាស្ត្រ​ហើយ ពីព្រោះ ពួកគេ​ទទួលបាន​ប្រាក់ខែ​ពីរ​ដ្ឋ ដែល​ប្រាក់ខែ​ទាំងនោះ​ជា​ញើស​ឈាម​របស់​ពលរដ្ឋ តាមរយៈ​ការបង់ពន្ធ​។ បើ​និយាយ​តាមបែប​ក្រុមហ៊ុន​វិញ មានន័យថា ពលរដ្ឋ​ជា​ថៅកែ​«​មន្ត្រីរាជការ​» ពីព្រោះ ពលរដ្ឋ​ជា​អ្នកបើក​ប្រាក់ខែ​ជូន​«​មន្ត្រីរាជការ​»​។ សរុបសេចក្តី​មកវិញ «​មន្ត្រីរាជការ​»​មិនមែនជា​ចៅហ្វាយ​របស់​រាស្ត្រ​ទេ តែ​រាស្ត្រ​ទៅវិញ​ទេ​ដែល ជា​ចៅហ្វាយ​របស់​«​មន្ត្រីរាជការ​»​នោះ​៕


Tag:
 ប្រាប់​ត្រង់
© រក្សាសិទ្ធិដោយ thmeythmey.com