ជាតិ
សង្គមជាតិ
លោកស្រី មូ សុខ​ហួរ បង្កើត​មូលនិធិ​ជួយ​អ្នកជំងឺ​មហារីក​តាម​បណ្ដាំ​ស្វាមី
04, Jul 2016 , 3:35 pm        
រូបភាព
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មូ សុខ​ហួរ បានសម្រេច​បណ្ដាំ​ស្វាមី​ខ្លួន ដោយបាន​បង្កើត​មូលនិធិ​សប្បុរសធម៌​មួយ ដើម្បី​ជួយ​ទ្រទ្រង់​ដល់​អ្នកជំងឺ​មហារីក​នៅ​ក្នុងប្រទេស​កម្ពុជា។ លោក ស្ក​ត់ លី​ពឺ​រ៍ (Scott Leiper)  ស្វាមី​របស់លោក​ស្រី មូ សុខ​ហួរ បាន​ស្លាប់​ដោយសារ​ជំងឺមហារីក​លំពែង និង​ផ្ដាំ​ឲ្យ​លោកស្រី មូ សុខ​ហួរ បង្កើត​មូលនិធិ​ជួយ​អ្នកជំងឺ​មហារីក​នៅ​កម្ពុជា។



ដូច​ការសន្យា​តាម​បណ្ដាំ​ស្វាមី​ខ្លួន​នោះ លោកស្រី មូ សុខ​ហួរ បាន​បង្កើត​មូលនិធិ​សប្បុរសធម៌​ចុះ​តាម​មូលដ្ឋាន​ជួយ​ទ្រទ្រង់​អ្នកជំងឺ​មហារីក បើទោះជា​ស្ថាន​ការ​នយោបាយ​កំពុងមាន​ភាព​តានតឹង​ក៏ដោយ។ លោកស្រី មូ សុខ​ហួរ ដែល​ទើបតែ​ធ្វើបុណ្យ​គំរប់​ខួប១០០ថ្ងៃ​ស្វាមី​ខ្លួន បាន​បញ្ជាក់ថា មូលនិធិ​លោកស្រី​បាន​ជួយ​ដល់​អ្នកជំងឺ​មហារីក​នេះ ដោយ​មិន​គិតពី​និន្នាការ​នយោបាយ និង​មិន​កេងចំណេញ​នយោបាយ​តាមរយៈ​ការជួយ​អ្នកជំងឺ​មហារីក​នេះឡើយ។ បើតាម​លោកស្រី សុខ​ហួរ មូលនិធិ​ខ្លួន​បាន​ជួយ​ទ្រទ្រង់​ដល់​អ្នកជំងឺ​មហារីក​ចំនួន៤នាក់​ហើយ តាមរយៈ​សេវា​ផ្នែក​សង្គមកិច្ច ដូចជា ការផ្ដល់​ថវិកា ការពិគ្រោះ​យោបល់ ការលើកទឹកចិត្ត​ជាដើម។

ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ តំណាងរាស្ត្រ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា៖« មូលនិធិ​ខ្ញុំ​បាន​ជួយ​មនុស្ស៤នាក់​ហើយ ដោយ​ម្នា​ក់កើត​ជំងឺមហារីក​ស្បូន មហារីកក្រពះ២នាក់ និង​មហារីក​បំពង់ក ១នាក់ ដោយ​ជួយ​ឧ​ត្ថ​ប​ម្ភ​ជា​ផ្នែក​សង្គមកិច្ច ជា​ថវិកា មួយខែ១០០ដុល្លារ ទៅ១២០ដុល្លារ សម្រាប់​អ្នកជំងឺ​ទៅពិនិត្យ​នៅ​ពេទ្យ​មួយខែ​ម្ដង ។ ចំណែក​ក្មេង​ដែល​ឪពុក ឬ​ម្ដាយ​ស្លាប់​ដោយសារ​ជំងឺមហារីក យើង​ជួយ​ពួកគេ​មួយខែ១០ដុល្លារ។ ហើយ​ខ្ញុំ​មិនទាន់មាន​លទ្ធភាព​ជូន​ថវិកា​ទៅ​មន្ទី​ពេទ្យ​ទុក​សម្រាប់​ជួយ​អ្នកជំងឺ​ដូច​នៅ​ស្រុក​គេ​ទេ។ យើង​មាន​ក្រុមការងារ​ពិគ្រោះ​យោបល់ លើកទឹកចិត្ត ដោយ​អត់​និយាយ​ពី​រឿង​នយោបាយ ដើម្បី​ប្រយោជន៍​ខ្ញុំ​ទេ ព្រោះ​ជំងឺ​កើតឡើង​អត់​នយោបាយ អ្នក​ឈឺចាប់​អត់​នយោបាយ»។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​បាត់ដំបង​រូបនេះ បាន​ឲ្យ​ដឹងថា មូលនិធិ​ដែល​លោកស្រី​បង្កើតឡើង​តាម​បណ្ដាំ​ស្វាមី​ខ្លួន​នេះ មាន​ទឹកប្រាក់​ចំនួន១៧,០០០ ដុល្លារ ដែល​បាន​ជំនួយ​ពី​មិត្តភក្ដិ សាច់ញាតិ​និង​ក្រុមគ្រួសារ​ខ្លួន។ បើតាម​លោកស្រី សុខ​ហួរ អ្នកជំងឺ​មហារីក​ដែល​ខ្វះខាត​លទ្ធភាព អាចមក​ទាក់ទង​ជាមួយ​ក្រុមប្រឹក្សា ឃុំ​សង្កាត់​គណបក្ស​តាម​មូលដ្ឋាន​គ្រប់​ខេត្ត ក្រុង ដើម្បី​ទទួលបាន​សេវា​ជួយ​ទ្រទ្រង់​ពី​មូលនិធិ​នេះ។ «ដោយសារតែ​តាម​បណ្ដាំ​គ្រួសារ(លោក Scott Leiper)ខ្ញុំ ទើប​ខ្ញុំ​សុខចិត្ត​មករ​វល់​ជាមួយ​ការងារ​នេះ ក្រៅពី​ការងារ​នយោបាយ ដើម្បី​ជួយ​សម្រួល​ទុក​លំបាក​អ្នកជំងឺ​មហារីក​នេះ ។ ហើយ​បើសិនជា​ខ្ញុំ​អស់​លទ្ធភាព​ទ្រទ្រង់ ក៏​ខ្ញុំ​សុខចិត្ត​នឹង​ដើរ​រៃអង្គាសប្រាក់​នៅក្រៅ​ប្រទេស​ដើម្បី​បំពេញ​តាម​បណ្ដាំ​គ្រួសារ​ខ្ញុំ  »។ នេះ​ជាការ​បញ្ជាក់​របស់លោក​ស្រី មូ សុខ​ហួរ ដែល​បាន​សន្យាថា លោកស្រី​នឹង​ខិតខំ​ថែរក្សា​គម្រោង​មូលនិធិ​នេះ មិន​ឲ្យ​បាត់បង់​វិញ​ឡើយ ។

គួរ​បញ្ជាក់ថា លោក ស្ក​ត់ លី​ពឺ​រ៍ (Scott Leiper) ដែលជា​ស្វាមី​របស់​អ្នកស្រី មូ សុខ​ហួរ ទទួលមរណភាព ដោយសារ​ជំងឺមហារីក​លំពែង កាលពី​ខែមីនា​កន្លងមក នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​ញី​វ​យ៉​ក (New York) ក្នុង​អាយុ ៦១ឆ្នាំ។ លោក ស្ក​ត់ លី​ពឺ​រ៍ គឺ​តែងតែ​តស៊ូ​លះបង់​កំលាំងកាយ​ចិត្ត​ជួយ​ពលរដ្ឋ​ខ្មែរ​តាមរយៈ​ការងារ​របស់លោក​ជាម​ន្ត្រី​អង្គការសហប្រជាជាតិ ដូចជា​ធ្លាប់​បម្រើការ​ជា​មន្ត្រី​នៃ​ក្រុម​ប្រតិបត្តិការ​អង្គការសហប្រជាជាតិ​ដើម្បី​ជួយសង្គ្រោះ​នៅតាម​ព្រំដែន (UNBRO) អង្គការ យូ.អិន.ឌី.ភី (UNDP) និង​អង្គការ​ស្បៀងអាហារ និង​កសិកម្ម (FAO) ជាដើម។

តាមរយៈ​សកម្មភាពរ​ប​ស់លោក ស្ក​ត់ លី​ពឺ​រ៍ និង​សកម្មភាព​នយោបាយ អ្នកស្រី មូ សុខ​ហួរ ដែល​តែងតែ​ចូលរួម តស៊ូ​មតិ​របស់​ដោះស្រាយ​បញ្ហា​សង្គម​នេះ ទើប​គ្រួសារ​អ្នកស្រី មូ សុខ​ហួរ ត្រូវបាន​មជ្ឈដ្ឋាន​មួយចំនួន​ទទួលស្គាល់ថា ជា​និម្មិត​រូប​នៃ​ការតស៊ូ ។ ធាតុ​របស់លោក ស្ក​ត់ លី​ពឺ​រ៍ ត្រូវបាន​យកមក​តម្កល់ទុក​នៅ​ខេត្តកំពត ជាទី​កន្លែង​ដែល​លោក​និង​លោកស្រី មូ សុខ​ហួរ សាង​សុភមង្គល​គ្រួសារ​ជាមួយគ្នា៕


Tag:
 មួ សុខ​ហួរ
 មហារីក
© រក្សាសិទ្ធិដោយ thmeythmey.com