ជាតិ
​​​ន​យោ​បាយ​ជាតិ​
​ឈ្មោះ​ជនជាតិ​វៀតណាម​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៣ នឹង​មិនមាន​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី​ទេ​
06, Jul 2016 , 11:31 am        
រូបភាព
 
 
​ភ្នំពេញ​៖ បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ក្នុង​អាណត្តិ​មុនៗ មិនត្រូវ​បាន​យកទៅ​ប្រើប្រាស់​សម្រាប់​ការបោះឆ្នោត នា​អាណត្តិ​ក្រោយ​ឡើយ​។ សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ គជប នឹង​រៀបចំ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ថ្មី​តែម្តង​។ នេះ​ជាការ​ឆ្លើយតប​របស់​គ​ជប ទៅកាន់ គណបក្ស​អំណាច​ខ្មែរ ដែល​ស្នើ​ឲ្យ​គជប លុបឈ្មោះ​ជនជាតិ​វៀតណាម ចេញពី​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៣​។

 
​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គជប បាន​អះអាងថា ចាប់តាំងពី​ចូលកាន់​តំណែង សមាជិក​គជប​ទាំងអស់ បាន​ខិតខំ​បំពេញការងារ ដើម្បី​រៀបចំ​ការបោះឆ្នោត​នៅ​អាណត្តិ​ក្រោយ ឲ្យ​ប្រព្រឹត្ត​ទៅដោយ​រលូន ហើយ​ប្រជាពលរដ្ឋ​គ្រប់រូប រួមទាំង​គណបក្សនយោបាយ​ទាំងអស់ អាច​ទទួលយក​លទ្ធផល​ដោយ​ពេញចិត្ត​។ លោក​បន្ថែមថា បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត គឺជា​បញ្ហា​ដ៏​សំខាន់​មួយ ដែល​គជប ត្រូវតែ​រៀបចំ​ឲ្យ​បាន​ត្រឹមត្រូវ​និង​ច្បាស់លាស់​។ លោក ហង្ស ពុទ្ធា សង្កត់ធ្ងន់ៗ​បែបនេះ​ថា​៖«​យើង​មិន​ប្រើ​បញ្ជី​ចាស់​ទេ​។ បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត គឺ​យើង​ធ្វើ​ថ្មី​តែម្តង​»​។ 
 
​ថ្មី​ត្បិត​លោក ហង្ស ពុទ្ធា មិន​សន្យាថា គជប នឹង​ហាមឃាត់​ជនជាតិ​វៀតណាម​ខុសច្បាប់ មិន​ឲ្យ​ចុះឈ្មោះ​បោះឆ្នោត​ក៏ពិតមែន តែ​លោក ហ៊ាន​អះអាងថា គជប នឹង​បង្កើត​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​មួយ ដែល​ស្អាតស្អំ សម្រាប់​អាណត្តិ​ទី​៦​។ អ្នកនាំពាក្យ​រូបនេះ ថែមទាំង​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​ធ្វើ​អន្តរាគមន៍​ទៀតផង ប្រសិនបើ​ជួបប្រទះ​ភាពមិនប្រក្រតី​ណាមួយ ដែល​កើតឡើង​ក្នុងអំឡុងពេល​នៃ​ការចុះឈ្មោះ​ឬ​ការបោះឆ្នោត​។ លើសពីនេះ លោក ហង្ស ពុទ្ធា បាន​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ដាក់ពាក្យ​ប្តឹងទៅ​កាន់​គជប ហើយ​គជប​នឹង​ដោះស្រាយ​ជានិច្ច ចំពោះ​បញ្ហា​ទាំងនោះ​។ 
 
​ការលើកឡើង​របស់លោក ហង្ស ពុទ្ធា ខាងលើ គឺ​ដើម្បី​ឆ្លើយតប​នឹង លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ដែលដាក់​លិខិត​ទៅកាន់​គជប កាលពី​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៦ ដើម្បី​ស្នើ​ឲ្យ​ពិនិត្យ​និង​លុបឈ្មោះ​ជនជាតិ​វៀតណាម​ខុសច្បាប់​ទាំងអស់ ចេញពី​បញ្ជី​បោះ​ឆ្នោត​។ លោក សួន សេរី​រដ្ឋា បានលើកឡើង​ក្នុង​លិខិត​នោះ​ថា គណបក្ស​អំណាច​ខ្មែរ បាន​តាមដាន​និង​ពិនិត្យឃើញបញ្ជី​ឈ្មោះ​អ្នកមាន​សិទ្ធិ​បោះឆ្នោត ដែល​បន្សល់ទុក​កាលពី​ឆ្នាំ​២០១៣ មានឈ្មោះ​ជនជាតិ​វៀតណាម​ខុសច្បាប់​ជាច្រើន​នាក់ បាន​បន្លំ​ខ្លួន​ចុះឈ្មោះ​បោះឆ្នោត​នៅក្នុង​តំបន់​មួយចំនួន​ក្នុង​ដែនដី​ដែល​ពួកគេ កំពុង​រស់នៅ​។ លិខិត​នោះ បាន​ឲ្យ​ដឹង​ទៀតថា គណបក្ស​អំណាច​ខ្មែរ ចង់​ឲ្យ​ពលរដ្ឋ​កម្ពុជា និង​បរទេស​ដែលមាន​សញ្ជាតិ​ខ្មែរ​ប៉ុណ្ណោះ ដែល​ត្រូវ​បានផ្តល់​សិទ្ធិ​ឲ្យ​ចុះឈ្មោះ​បោះឆ្នោត​៕

Tag:
 គជប​
  សួន សេរី​រដ្ឋា​
  ហង្ស ពុទ្ធា
© រក្សាសិទ្ធិដោយ thmeythmey.com