អន្តរជាតិ
មហាសេដ្ឋី​អាមេរិក​នាំគ្នា​ជួយ ហ៊ី​ឡា​រី គ្លី​ន​តុ​ន បំបាក់​លោក ដូ​ណា​ល់ ត្រាំ​
02, Aug 2016 , 8:59 pm        
រូបភាព
​មហាសេដ្ឋី Warren Buffett បាន​ចេញមុខ​គាំទ្រ​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​។ លោក​បានជា​អ្នកជំនួញ​ដ៏​ជោគជ័យ​ម្នាក់ទៀត​ដែល​បាន​ចេញមុខ​ប្រកាស​គាំទ្រ​លោកស្រី គ្លី​ន​តុ​ន បន្ទាប់ពី​លោក Bloomberg និង​មហាសេដ្ឋី​អាមេរិក​ផ្សេងទៀត​នោះ​។​ក្រៅពី​គាំទ្រ​លោកស្រី គ្លី​ន​តុ​ន លោក​ក៏បាន​ចោទសួរ​លោក ដូ​ណា​ល់​ត្រាំ ផងដែរ ហេតុម្តេច​បានជា​លោក​មិន​បញ្ចេញ​របាយការណ៍​ព​ន្ធ​ប្រចាំឆ្នាំ​នោះ​។ ហើយ​លោក​ក៏​រិះគន់​បេក្ខជន​ប្រធានាធិបតី​រូបនេះ​ដែលមាន​ជម្លោះ​ជាមួយ​ក្រុមគ្រួសារ​ទាហាន​អាមេរិក​ម្នាក់​ដែល​ស្លាប់​នៅ​អ៊ីរ៉ាក់​ផងដែរ​។ លោក Buffett ថា ការបង្កើត​ការងារ​និង​កសាង​អាគារ​ធំៗ​របស់លោក ដូ​ណា​ល់ ត្រាំ មិនមែនជា​ការលះបង់​សម្រាប់​ប្រទេសជាតិ​ឡើយ​។​



​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖



​រដូវ​កាល​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​កំពុង​បន្ត​ទៅមុខ​យ៉ាង​សស្រាក់សស្រាំ​នៅ​សហរដ្ឋអាមេរិក ក្រោយ​សមាជ​បក្ស​បញ្ចប់ទៅ​។ បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ និង​សេដ្ឋី​អចលនទ្រព្យ ដូ​ណា​ល់ ត្រាំ បន្ត​វាយប្រហារ​សំណុំរឿង​សារ​អេឡិចត្រូនិក​របស់លោក​ស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន និង​លើកយក​រឿងចម្រូងចម្រាស​ផ្សេងទៀត​មក​ឃោសនា​ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​។ ប៉ុន្តែ​បញ្ហា​ត្រង់​ថា សម្តី​របស់​សេដ្ឋី​រូបនេះ​ភាគច្រើន​ទទួលបាន​ការរិះគន់​និង​ប្រតិកម្ម​តប​វិញ​យ៉ាង​ចាស់ដៃ​ពី​សំណាក់​សា​ធាណ​ជន​និង​សមាជិក​បក្ស​ប្រជាធិបតេយ្យ​ផង​។ ជាក់ស្តែង​សម្តី​របស់លោក​ដែល​រិះគន់​ក្រុមគ្រួសារ​លោក Khizr Khan ដែល​បាន​បាត់បង់​កូនប្រុស​ជា​ទាហាន​នៅ​ប្រទេស​អ៊ីរ៉ាក់​កាលពី ១២ ឆ្នាំមុន​នោះ​។​

​រឿង​ដែល​គួរ​ឲ្យ​កត់សម្គាល់​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បានទទួល​ការគាំទ្រ​ច្រើន​មិន​ត្រឹមតែ​ពី​សំណាក់​អ្នកនយោបាយ​បក្ស​របស់ខ្លួន និង​អ្នក​ឯករាជ្យ​ប៉ុណ្ណោះ​ទេ តែ​ពី​សំណាក់​អ្នកជំនួញ​ល្បីៗ​នៅ​អាមេរិក​ទៀត​។ ដូច​ឃើញស្រាប់ ក្នុង​វេទិកា​ឃោ​នា​របស់​បក្ស​ប្រជាធិបតេយ្យ​នៅ​ក្រុង OMAHA រដ្ឋ Nebraska  មហាសេដ្ឋី​អាមេរិក​ម្នាក់ទៀត​គឺ​លោក (​វ៉ារិន បៅ​ហ្វិ​ត​) Warren Buffett បាន​ចេញមុខ​គាំទ្រ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន និង​រិះគន់​លោក ដូ​ណា​ល់ ត្រាំ​ផងដែរ​។ វត្តមាន​របស់លោក Warren Buffett ជាមួយ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន កើតឡើង​ត្រឹម​មួយ​សប្តាហ៍​ប៉ុណ្ណោះ ក្រោយ លោក Michael Bloomberg (​មៃ​ឃើ​ល ប្លូ​ម​បឺ​ក​) ដែលជា​មហាសេដ្ឋី​និង​ជា​អ្នក​ឯករាជ្យ​ម្នាក់​នោះបាន​ប្រកាសថា​លោក​គាំទ្រ​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​ដែល​នោះ​។​ហើយ​ក្រៅពីនេះ​សេដ្ឋី  Mark Cuban (​ម៉ាក ខ្ជូ​ន​បិ​ន​) ក៏​ចេញមុខ​លើ​វេទិការ​ឃោសនា​ជាមួយ​លោកស្រី គ្លី​ន​តុ​ន កន្លងមក​ដែរ​។​

​វត្តមាន​របស់​បណ្តា​អ្នកជំនួញ​ល្បីៗ និង​ជា​មហាសេដ្ឋី​នៅលើ​វេទិកា​ឃោសនា​ជាមួយ​លោកស្រី ហ៊ី​ឡា​រី កាន់តែ​ធ្វើ​ឲ្យ​លោកស្រី​មានសង្ឃឹម​ច្រើន​ក្នុងការ​ផ្តួល​លោក ដូ​ណា​ល់ ត្រាំ​។ ប៉ុន្តែ​វា​មិនមែន ជា​រឿង​គួរ​ភ្ញាក់ផ្អើល​ឡើយ ព្រោះ​វា​បង្ហាញ​ឲ្យ​ឃើញ​ពី​សម្ព័ន្ធភាព​រវាង​អ្នកជំនួញ​ជាមួយ​អ្នកនយោបាយ ឬ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ក្នុងសង្គម​អាមេរិក​តែប៉ុណ្ណោះ​។ បើ​អ្នកនយោបាយ​បានទទួល​ជ្រោមជ្រែង​ពី​អ្នកជំនួញ អ្នកនយោបាយ​នោះ​ក៏ត្រូវ​ជួយ​អ្នកជំនួញ​ក្នុងការ​រកស៊ី​វិញ​ដែរ​។​

១. Warren Buffett ៖ សព្វនាម «He »​ក្នុង​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​នឹងត្រូវ​ផ្លាស់ប្តូរ ខែមករា ឆ្នាំក្រោយ​
​គ្រាន់តែ​ឡើងដល់​វេទិកា​ភ្លាម លោក Warren Buffett ស្រែក​បន្ទោរ​ជាមួយ​អ្នកចូលរួម​ថា​៖​​« ហ៊ី​ឡា​រី !​ហ៊ី​ឡា​រី​! ហ៊ី​ឡា​រី​» ហើយ​លោក​ចាប់ផ្តើម សុន្ទរកថា​របស់លោក ដែលមាន​រយៈពេល​ប្រហែល​២៥​នាទី​នោះ​។ សេដ្ឋី​រូបនេះ​បានចាប់ផ្តើម​សុន្ទរកថា​របស់លោក​ដោយ​បញ្ជាក់ប្រាប់​អ្នកចូលរួម​ថា​លោក​មាន​ប្រធានបទ​ពីរ​ក្នុងនោះ​ទាក់ទង​លោកស្រី​ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ផ្ទាល់ និង​មួយទៀត​រឿង​របស់លោក ដូ​ណា​ល់ ត្រាំ​។ លោក​ថា ពាក់ព័ន្ធ​លោកស្រី ហ៊ី​ឡា​រី លោក​ផ្តោតលើ​អ្វីដែល​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន អាចធ្វើ​ឬ​នឹងធ្វើ​ក្នុង​រយៈពេល​៨​ឆ្នាំ​បន្ទាប់ពី​ខែមករា​ឆ្នាំក្រោយ​។ សកម្មភាព​បន្ទាប់ពី​ខែមករា​ឆ្នាំក្រោយ គឺ​លោក​ចង់​បញ្ជាក់ថា លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​នឹង​ឈ្នះឆ្នោត​ខែវិច្ឆិកា​និង​កាន់តំណែង​ចាប់ពី​ខែមករា​តទៅ​។​

​ក្រៅពីនេះ លោក Warren Buffett ក៏បាន​អធិប្បាយ​ប្រាប់​អ្នកគាំទ្រ​ផងដែរ​ថា អាមេរិក​នឹង​អាច​ស្គាល់​ប្រធានាធិបតី​ល្អ​បំផុត​មួយ ហើយ​អ្នកនយោបាយ​ម្នាក់​នោះ​នឹង​ផ្លាស់ប្តូរ «​សព្វនាម​សម្គាល់​បុរស​»​ដែលមាន​ប្រើប្រាស់​នៅក្នុង​រដ្ឋធម្មនុញ្ញ​អាមេរិក​នោះ​ក្នុង​ខែមករា​ឆ្នាំក្រោយ​ផង​។

​លោក​ពន្យល់ថា បើ​យោងតាម​មាត្រា ២​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ចែង​ពី ប្រធានាធិបតី​សព្វនាម​សម្គាល់​បុរស «He»​ត្រូវបាន​គេ​ប្រើប្រាស់​ប្រហែល ២០​ដង ហើយ​គ្មាន​សព្វនាម​សម្គាល់​ភេទ​ស្រី​នៅក្នុង​មាត្រា​នោះឡើយ​។ ដូច្នេះហើយ​នៅ​ឆ្នាំនេះ ប្រជាជន​អាមេរិក​គួរ​ចូលរួម​ផ្លាស់ប្តូរ​វា​។​

​បន្ទាប់ពី​បង្ហាញ​ការគាំទ្រ​ដល់​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ អ្វីដែល​គួរ​ឲ្យ​សម្គាល់ សេដ្ឋី​រូបនេះ​បាន​ប្រើប្រាស់​សុន្ទរកថា​ភាគច្រើន​ដោយ​ផ្តោតអារម្មណ៍​លើ​បញ្ហា​លោក ដូ​ណា​ល់ ត្រាំ ហើយ​លោក​ឆ្លៀត​រិះគន់​លោក ដូ​ណា​ល់​ត្រាំ បន្តិចបន្តួច​ដែរ​។​

២.​លោក Warren Buffett ទារ​ឲ្យ​ដូ​ណា​ល់ ត្រាំ បញ្ចេញ​របាយការណ៍​ព​ន្ធ​ប្រចាំឆ្នាំ​
​ដូច​បានបញ្ជាក់​ខាងដើម​ស្រាប់​ហើយ សុន្ទរកថា​របស់​សេដ្ឋី Warren Buffett បាន​ផ្តោត​ជ្រៅ​លើស​ម្តី​ក៏ដូចជា​បញ្ហា​របស់​គូប្រជែង​លោកស្រី ហ៊ី​ឡា​រី​គ្លី​ន​តុ​ន​គឺ​លោក ដូ​ណា​ល់ ត្រាំ ។ បញ្ហា​ដែល​លោក​លើកឡើង​មុនគេ គឺ​ការបដិសេធ​បញ្ចេញ​របាយការណ៍​ពន្ធ​ប្រចាំឆ្នាំ​របស់លោក ដូ​ណា​ល់ ត្រាំ​។ ចំណែក ហេតុផល​ដែល​លោក​មិន​បញ្ចេញ​របាយការណ៍​ព​ន្ធ​ប្រចាំឆ្នាំ​នោះ​គឺ​ដោយសារ​វា​ស្ថិតក្រោម​ការត្រួតពិនិត្យ​។​

​លោក Warren Buffett បាន​ចម្អក​ថា ការលើក​ហេតុផល​ថា របាយការណ៍​ពន្ធ​ស្ថិតក្រោម​ការត្រួតពិនិត្យ​នោះ វា​ជាការ​ដោះសារ​មួយ​ដ៏​ទន់ខ្សោយ​។ លោក​បាន​បន្តថា​៖«​ឥឡូវ​ខ្ញុំ​បានទទួល​ព័ត៌មាន​ពី​គាត់​ហើយ​។ របាយការណ៍​ខ្ញុំ​ក៏​ស្ថិតក្រោម​ការត្រួតពិនិត្យ​ដែរ​។ ហើយ​ខ្ញុំ​ពិតជា​រីករាយ បើ​អាច​ជួប​លោក ដូ​ណា​ល់ ត្រាំ ពេលណា​និង​ទីកន្លែង​ណា​ក៏បាន ឲ្យ​តែ​នៅមុន​បោះឆ្នោត​។ ខ្ញុំ​នឹង​យក​របាយការណ៍​ខ្ញុំ​ទៅជា​មួយ ហើយ​ដូ​ណា​ល់ ត្រាំ អាច​យក​របស់គាត់​ទៅ​មួយ​ដែរ​។ ហើយ​យើង​អនុញ្ញាត​ឲ្យ​សាធារណជន​ចោទសួរ​យើង​ពី​របាយការណ៍​នេះ​តែម្តង​»​។​

​ក្រោយ​ស្នើ​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ បញ្ចេញ​របាយការណ៍ មហាសេដ្ឋី​ខាងលើ​បាន​បន្ថែម​ប្រាប់​អ្នកចូលរួម​ថា បេក្ខជន ដូ​ណា​ល់ ត្រាំ ប្រហែលជា​មិនមែន​ខ្លាច​ការប្រមូល​ពន្ធ​រប​ស់​ភ្នាក់ងារប្រមូលពន្ធ​រប​ស់រ​ដ្ឋ (IRS) ឡើយ តែ​ខ្លាច​អ្នកបោះឆ្នោត​ទៅវិញ​ទេ​។

៣.Warren Buffett៖ បង្កើត​ការងារ​និង​សង់​អាគារ​មិនមែនជា​ការលះបង់​សម្រាប់​ប្រទេសជាតិ​ឡើយ​
​បន្ទាប់ពី​ចម្អក​ឲ្យ​សេដ្ឋី​អចលនទ្រព្យ​និង​ជា​បេក្ខជន​ប្រធានាធិបតី លោក Warren Buffett ឆ្លៀត រិះគន់​លោក ដូ​ណា​ល់ ត្រាំ ដែល​ឈ្លោះ​ជាមួយ​ក្រុមគ្រួសារ​នាយទាហាន​អាមេរិក​ម្នាក់​ដែល​ស្លាប់​នៅ​អ៊ីរ៉ាក់​ដែរ​។

​មុន​ចូលដល់​ការរិះគន់ សូមបញ្ជាក់​បន្តិច​ពី​ដើមហេតុ​នៃ​ជម្លោះ​។ ឪពុកម្តាយ​ទាហាន​អាមេរិក លោក  Khizr Khan និង​ភរិយា​បាន​ចូលរួម​ក្នុង​វេទិកា​បក្ស​ប្រជាធិបតេយ្យ ហើយ​លោក​បានលើកឡើង​ពី​រឿងចម្រូងចម្រាស​របស់​លោក ដូ​ណា​ល់ ត្រាំ ផងដែរ​។ លោក Khizr Khan បរិយាយ​ថា​លោក ដូ​ណា​ល់ ត្រាំ មិន​គោរព​ប្រជាជន​ម៉ូ​ស្លី​ម ស្ត្រី និង​ជនជាតិភាគតិច និង​សូម្បីតែ​អ្នក​សាធារណរដ្ឋ​ផង​នោះ​។ លោក​ក៏​ស្នើ​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ អាន​រដ្ឋធម្មនុញ្ញ​អាមេរិក ហើយ​គួរ​ទទួលស្គាល់ថា លោក​មិនបាន​លះបង់​អ្វី​សម្រាប់​ប្រទេសជាតិ​ឡើយ​។​

​ក្រោយ​ទទួល​ការរិះគន់ លោក ដូ​ណា​ល់ ត្រាំ បាន​តប​វិញ​ថា​លោក​បានរួម​ចំណែក​និង​លះបង់​ច្រើនណាស់​សម្រាប់​ប្រទេសជាតិ​។ លោក​លើក​ឧទាហរណ៍​ដូចជា ការបង្កើត​ការងារ​តាមរយៈ​ជំនួញ​របស់លោក​និង​ការសង់​អាគារ​ធំ​និង​ប្រណីត​ជាដើម​កន្លងមក​។​

​ទាក់ទិន​បញ្ហា​នេះ លោក Warren Buffett  ទទួលស្គាល់ថា ទាំង​លោក​ផ្ទាល់ និង​លោក ដូ​ណា​ល់ ត្រាំ មិនបាន​លះបង់​អ្វី​ឡើយ​ដើម្បី​ប្រទេសជាតិ​។ លោក​ថា​៖ « គ្មាន​ក្រុមគ្រួសារ​ខ្ញុំ ឬ​សមាជិក​ក្រុម​របស់លោក ដូ​ណា​ល់ ត្រាំ ណា​ម្នាក់​ទៅធ្វើ​សង្គ្រាម​នៅ​អ៊ីរ៉ាក់​ឬ​អា​ហ្វ​ហ្កា​នី​ស្ថា​នៅឡើយ​»​។

​លើសពីនេះ លោក Warren Buffett ក៏​ទាត់ចោល​ការលើកឡើងរ​ប​ស់លោក ដូ​ណា​ល់ ត្រាំ​ផងដែរ ដែលថា ជំនួញ​បង្កើត​ការងារ​និង​សង់​អាគារ​ជាការ​លះបង់​សម្រាប់​ប្រទេសជាតិ​នោះ​។ វា​ត្រឹម​ជាការ​វិនិយោគ ហើយ​វា​ជា​ជំនួញ​រក​ចំណូល​មកវិញ​ប៉ុណ្ណោះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com