ពីនេះ ពីនោះ
ពាក្យ«អាណោចអាធ័ម» និង«អណោចអធ័ម» មួយណាទើបត្រឹមត្រូវ?
× វចនានុក្រមខ្មែររបស់ សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យដែលត្រឹមត្រូវគឺពាក្យ«អាណោចអាធ័ម» ចំណែកពាក្យ«អណោចអធ័ម»គឺគ្មាននៅក្នុងវចនានុក្រមឡើយ។
ពាក្យ«អាណោចអាធ័ម» មកពីពាក្យថា អាណោច ជាកិរិយាសព្ទ មានន័យថា ស្រងោចលន្លោចចិត្ត, នឹកអាណិតខ្លោចចិត្ត, អាណោចចិត្ត។ តែបើប្រើជាគុណនាម មានន័យថា ដែលស្រងោចលន្លោចក្រៃពេក។ ចំណែកពាក្យថា អាណោចអាធ័ម មានន័យថា ស្រងោចលន្លោចចិត្តពោរពេញដោយទុក្ខឬចង្អៀតចិត្តណែនតឹងស្ទើរប្រេះទ្រូងៈ នឹកអាណោចអាធ័មពុំស្រាក។
ចំពោះពាក្យ អាធ័ម អាចប្រើជា អាធម្ម ក៏មាន ប៉ុន្តែពាក្យទាំងពីរនេះមានសេចក្ដីផ្សេងគ្នា គឺអាធ័ម មានន័យថា ដែលពេញ, ដែលពោរពេញ។ រីឯ ពាក្យ អាធម្ម ឬ អធម្ម ជាគុណនាម មានន័យថា ដែលមិនមែនធម៌, ដែលខុសធម៌, ក្រៅពីគន្លងធម៌, ខុសច្បាប់ ជាដើម។ ឧទាហរណ៍ មនុស្សអាធម្ម មានន័យថា មនុស្សក្រៅធម៌, មនុស្សក្រៅច្បាប់។
ដកស្រង់ពីវចនានុក្រមខ្មែររបស់ សម្ដេចព្រះសង្ឃរាជ ជួន ណាត
© រក្សាសិទ្ធិដោយ thmeythmey.com