អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អស់ពី​តំណែង​មេបក្ស លោក ថេ​ន សេន ផ្តាំ​ឲ្យ​សមាជិក​កុំ​បាក់​ទឹកចិត្ត​ដ្បិត​ចាញ់​បក្ស​លោកស្រី​ស៊ូ​ជី
24, Aug 2016 , 3:56 pm        
រូបភាព
ដោយ:
​បើទោះបីជា​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជា​ជា​ធិបតេយ្យ​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ផ្តួល​អតីត​បក្ស​កាន់អំណាច​មី​យ៉ាន់​ម៉ា​សហភាព​រួបរួម​និង​ការអភិវឌ្ឍ​របស់​អតីត​ប្រធានាធិបតី​លោក ថេ​ន សេន ក្នុង​សំឡេង​យ៉ាងច្រើន​លើសលប់​តាមរយៈ​ការបោះឆ្នោត​នា​ចុងឆ្នាំ​២០១៥​ក៏ដោយ បក្ស​នេះ មិនទាន់​ចុះចាញ់​ឡើយ​។ ហើយ​នោះ​គឺ បក្ស​សហភាព​រួបរួម និង​ការអភិវឌ្ឍ បាននិងកំពុង​តែ​រៀបចំ​ជើង​ព្រួល​របស់ខ្លួន​ឡើងវិញ​ដោយមាន​ការកែប្រែ​រចនា​សម្ព័ន្ធ រួមទាំង​តំណែង​ប្រមុខ​ថ្មី​ផងដែរ​។​



​អតីត​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក ថេ​ន សេន បាន​ចុះ​ចេញពី​តំណែង​ប្រមុខ​ប្រឆាំង​បក្ស​សហភាព​រួបរួម និង​ការអភិវឌ្ឍ ហើយ​តំណែង​នោះ​ត្រូវ​ជំនួស​ដោយ លោក Than Htay ដែលជា​អតីត​ទាហាន​ចូលនិវត្តន៍ និង​ជា​អតីតរដ្ឋមន្ត្រី​ដឹកជញ្ជូន និង​ថាមពល​។ បក្សប្រឆាំង​នេះ ក៏បាន​ផ្លាស់ប្តូរ​មន្ត្រីជាន់ខ្ពស់រ​បស់​ខ្លួន​ជាច្រើន​ផ្សេងទៀត​ផងដែរ​ដែល​ភាគច្រើន​គឺជា​អតីត​យោធា​។ ការផ្លាស់ប្តូរ​នេះ ស្ថិតក្រោម​គោលនយោបាយ​កែទម្រង់​ដើម្បី​យក​ជម្នះ​ពី​បក្ស​កាន់អំណាច​របស់លោក​ស្រី​អ៊ុង​សាន ស៊ូ​ជី​វិញ​ក្នុងការ​បោះឆ្នោត​អាណត្តិ​ក្រោយ​ទៀត​។

​បើ​យោងតាម​ការអះអាង​រប​ស់ លោក Khin Yi អ្នកនាំពាក្យ​បក្ស​សហភាព​រួបរួម និង​ការអភិវឌ្ឍ ជាមួយនឹង​សារព័ត៌មាន Irrawaddy លោក ថេ​ន សេន នឹង​នៅតែ​បន្ត​ផ្តល់យោបល់​ទៅ​ឲ្យ​បក្ស ដូចជា​ប្រធាន​ដដែល​។ លោក បន្ថែមថា ការផ្លាស់ប្តូរ​តំណែង​នៅក្នុង​បក្ស​នេះ ចង់​បង្ហាញថា មានការ​ផ្ទេរអំណាច និង​កែទម្រង់​នៅក្នុង​បក្សប្រឆាំង​។

​តាម​ប្រភព​សារព័ត៌មាន​ដដែល នា​ថ្ងៃ​បើក​សន្និបាទ​បក្សប្រឆាំង នៅ​ថ្ងៃ​២២ ខែសីហា​កន្លងទៅ អតីត​ប្រមុខ​បក្សប្រឆាំង លោក ថេ​ន សេន បាន​ទទូច​ឲ្យ​សមាជិក​បក្ស​របស់លោក​ទាំងអស់ «​កុំ​បាក់​ទឹកចិត្ត​ដោយសារ​ការបរាជ័យ​នៃ​ការបោះឆ្នោត​ចុងឆ្នាំ​២០១៥ ប៉ុន្តែ ត្រូវ​សំឡឹងមើល​អនាគត​ក្នុង​ផ្លូវ​វិជ្ជមាន​។ អនាគត​នោះ សំដៅលើ​ការបោះឆ្នោត​អាណត្តិ​ក្រោយ​នោះឯង​។

​លោក​អតីត​ប្រធានាធិបតី​ពាក់កណ្តាល​យោធា​-​ស៊ីវិល​រូបនោះ ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា «​ក្នុង​របប​ប្រជាធិបតេយ្យ​របស់​ពិភពលោក គ្មាន​បក្ស​ណាមួយ​ដែល​ឈ្នះ​រហូត​នោះទេ​»​។ ហើយ លោក ផ្តាំ​ដល់​សមាជិក​ទាំងអស់​ឲ្យ​កសាង​បក្ស​សហភាព​រួបរួម និង​ការអភិវឌ្ឍ ឲ្យ​ដូចជា​បក្ស​របស់​ប្រជាជន និង​រក្សា​ទំនាក់ទំនង​ជាមួយនឹង​ប្រជាជន ស្តាប់​ក្តីបារម្ភ និង​ដោះស្រាយ​បញ្ហា​របស់​ពួកគេ​ផងដែរ​។

​សូម​ជម្រាប​ផងដែរ​ថា បក្ស​សហភាព​រួម​រួប និង​ការអភិវឌ្ឍ ត្រូវបាន​បង្កើត​ក្នុង​ឆ្នាំ​២០១០ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ក្រុម​យោធា​។ បក្ស​នេះ បានឈ្នះ​ការបោះឆ្នោត​មី​យ៉ាន់​ម៉ា​ដំបូង​នៅក្នុង​ឆ្នាំ​២០១០​ដែល​លទ្ធផល​ពេលនោះ​ត្រូវបាន​គេ​ចាត់ទុកថា​ចេញពី​ការបន្លំ និង​មិនមាន​ការប្រកួតប្រជែង​ប្រជាធិបតេយ្យ​។ ពេលនោះ​ដែរ ក៏​ជា​ដែល​មី​យ៉ាន់​ម៉ា ស្ថិតនៅ​ដំណាក់កាល​នៃ​ការ​ប្រែក្លាយ​ពីរ​បប​យោធា​មកកាន់​ប្រជាធិបតេយ្យ​ផងដែរ​៕


Tag:
 មី​យ៉ាន់​ម៉ា​​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com