ពីនេះ ពីនោះ
«អ្នកហ៊ានស្បែកដាច អ្នកខ្លាចស្បែកគង់» គិតវិជ្ជមានមានន័យអហិង្សា
× ភ្នំពេញ៖ មរតកគតិបណ្ឌិតរបស់ចាស់បុរាណខ្មែរ មានច្រើនណាស់ដែលកូនខ្មែរជំនាន់ក្រោយត្រូវតែគាស់កកាយយកមកពិចារណា ដើម្បីជាថ្នាលគំនិត និងមាគ៌ាសម្រាប់បង្ហាញច្រកជីវិតខ្លួន និងដំណើរសង្គមជាតិឲ្យក្លាយជាឧត្ដមប្រទេស។ ចំណានិយាយថា "អ្នកហ៊ានស្បែកដាច អ្នកខ្លាចស្បែកគង់" គឺជាសុភាសិតមួយដែលសាធារណជនបច្ចុប្បន្ន កំពុងវាយតម្លៃថា ជាសុភាសិតមួយ បើយកមកអនុវត្តន៏ នោះនគរទាំងមូល ប្រាកដជា មិនអាចរកងារ ជនស្នេហាជាតិ ឧត្ដមជនសម្រាប់សង្គម និងវីរជន បានទេ។ តើការវិនិច្ឆ័យបែបនេះ គឺជាការខុសឆ្គងដែរឬយ៉ាងណា?
ដូនតាខ្មែរបានបន្សល់ទុក ទស្សនៈ គំនិតពិចារណា ដល់ជនជំនាន់ក្រោយ គឺសុទ្ធតែមានមូលហេតុ។ ជាក់ស្ដែងណាស់មានសុភាសិតមួយលោកថា"អ្នកហ៊ានស្បែកដាច អ្នកខ្លាចស្បែកគង់" ទោះបីមានការរិះគន់ថា ជាគំនិតមួយ ជាផ្នត់គំនិតអន់ថយមួយដែលចាស់បុរាណលើកឡើង ហើយពិតជាមិនគួរយកសុភាសិតមួយនេះមកអនុវត្តបានឡើយក្នុងពេលបច្ចុប្បន្ន។
ប៉ុន្តែបើយើងធ្វើការពិចារណាពីសុភាសិតមួយនេះ នៅក្នុងវិធីគិតបែបវិជ្ជមានជាមុន ទៅលើចេតនារបស់ដូនតាខ្មែរ ដែលបានលើកឡើងនេះគេឃើញថាជាធម្មតា មនុស្ស ឬបុគ្គលដែលអះអាងខ្លួនខ្លាំង ខ្លួនអង់អាចក្លាហ៊ាន មិនចេះខ្លាចអ្វី គឺភាគច្រើនតែងតែវិនាស ព្រោះតែភាពក្លាហានរបស់ខ្លួនដែលបានអួតអាង។ ប៉ុន្តែអ្នកដែលមិនអួតអាង មិនពាល បែរជាភាពច្រើនរស់នៅមិនមានរបួសស្នាម និងមិនឈឺចាប់ដោយហេតុផ្សេងៗ។
ឧទាហរណ៍ដ៏សាមញ្ញ ការធ្វើចរាចរណ៍បច្ចុប្បន្ន ព្រោះតែហ៊ាន ទើបធ្វើឲ្យឈាមអ្នកស្លាប់មានរាល់ថ្ងៃនៅតាមដងផ្លូវ។ ប៉ុន្តែបើខ្លាចប្រាកដណាស់ដើម្បីមានសុវត្ថិភាព អ្នកបើកបរទាំងអស់នាំគ្នាគោរពច្បាប់និងមានទឹកចិត្ត អធ្យាស្រ័យគ្នាទៅវិញទៅមក គោរពច្បាប់ យល់ដឹងអំពីច្បាប់និងតម្លៃនៃជីវិត មិនប្រកាន់ចិត្តយកឈ្នះនិងខ្លាំងរៀងខ្លួនឡើយ។
ខាងលើនេះគឺជាហេតុផលមួយដែលគេនិយាយក្នុងផ្លូវដែលសាមញ្ញ ប៉ុន្តែបើគិតចូលជ្រៅបន្តិច គំនិតដែលលើកឡើងថា "អ្នកហ៊ានស្បែកដាច អ្នកខ្លាចស្បែកគង់" គឺច្បាស់ណាស់លោកចង់កូនចៅជំនាន់ក្រោយ ឲ្យចេះប្រើប្រាស់ភាពវៃឆ្លាត និងភាពបន់បែនរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាផ្សេងៗ ទោះតូចក្ដីធំក្ដី។ មូលហេតុអ្វីដែលអាចនិយាយបែបនេះបាន?
ជាការពិត គំនិតមនុស្សគឺគេពិបាកស្មានឲ្យបានច្បាស់ពីចេតនារបស់ជននោះដែលបានលើកឡើងណាស់។ ប៉ុន្តែរឿងដែលសំខាន់គឺបំណងល្អ ឬអាក្រក់នៅក្នុងគំនិតនោះ។ បកមកសុភាសិតនេះវិញ គឺជាសុភាសិតមួយបានដាស់តឿន ឲ្យចេះប្រមាណអំពីកម្លាំងរបស់ខ្លួន ហើយប្រើប្រាស់ពេលវេលាឲ្យសមស្របទៅតាមបញ្ហាចំពោះមុខ។ ភាពក្លាហានគ្មានយុទ្ធសាស្ត្រ គ្មានបញ្ញា គ្មានការសិក្សាស្វែងយល់ វាគ្រាន់តែជាទង្វើលីលា ដែលនាំឲ្យវិនាសខ្លួនតែប៉ុណ្ណោះ។ ប៉ុន្តែបើទុកសេចក្ដី ហ៊ាននៅមួយកន្លែង ហើយថយមួយជំហ៊ានមករិះគិត រកមធ្យោបាយ និងសន្សំកម្លាំងឲ្យបានគ្រប់គ្រាន់ និងរឹងមាំដើម្បីប្រយុទ្ធដោយភាពវៃឆ្លាត បែបនេះទើបគេហៅថាអ្នកកក្លាហានពិតប្រាកដ ទោះមើលមួយភ្លែតវាហាក់ដូចជា"កំសាក" ប៉ុន្តែមិនបរាជ័យ និងវិនាសខ្លួន។
ជាមរតកគតិបណ្ឌិតនៃសុភាសិតនេះ បើធៀបជាមួយទ្រឹស្ដីក្នុងព្រះពុទ្ធសាសនា សរបញ្ជាក់ពីតម្លៃនៃការប្រើប្រាស់ធម៌អហិង្សា។
តែទោះជាយ៉ាងណា ភាពខ្វះខាតនៃសុភាសិត នៅតែមាន ពេលការគិត និងការប្រតិបត្តិ ក្នុងបរិបទសង្គមថ្មី ដែលចរន្ដនៃការគិតរបស់មនុស្សចាប់ផ្ដើមស្វែងយល់កាន់តែច្បាស់។ បើគិតក្នុងផ្លូវ អវិជ្ជមាន ដោយធ្វើការបកស្រាយថាសុភាសិតខ្មែរ "អ្នកហ៊ានស្បែកដាច អ្នកខ្លាចស្បែកគង់" ក្នុងន័យការអប់រំ មហាជនខ្មែរ អោយខ្លាចនិងរណបគេ បើយក មកអនុវត្ត ច្បាស់ណាស់មនុស្សកាន់តែច្រើននឹងទទួលរងភាពអយុត្តិធម៌ សង្គមជាតិត្រូវគេមើលងាយ អ្នកចេះគ្មានឱកាសសាងស្នាដៃឡើយ។ បន្ថែមពីនេះ គឺបង្រៀនឲ្យមនុស្សក្នុងសង្គមកាន់តែនៅសម្ងំស្ងៀម ចាំអែបអបយកបុណ្យសក្តិ ជិះជាន់គេកាន់តែច្រើនឡើង។
ជារួមមកវិញ ពិភពលោកប្រទេសដែលមានការអភិវឌ្បន៍ រីកចម្រើន សេរីភាព និងសន្ថិភាព គឺមកពីប្រជាជនមានការយល់ដឹងច្រើន ហើយស្គាល់ពីតួនាទី ស្គាល់ភារកិច្ច និងកាតព្វកិច្ចខ្លួនឯង។ បន្ថែមពីនេះ ការនិយាយចេះស្តាប់គ្នា និងចេះស្គាល់ហេតុផលគឺជាមាគ៌ាដ៏ប្រសើរសម្រាប់ជាតិ។ ចំណែកសុភាសិត "អ្នកហ៊ានស្បែកដាច អ្នកខ្លាចស្បែកគង់"វាមានឥទ្ធិពលទៅតាមអ្នកដែលបកស្រាយន័យតែប៉ុណ្ណោះ ព្រោះម្ចាស់សម្ដីមិនអាចងើបមកតវាទាមទាររកខុសត្រូវថា ការបកស្រាយនោះត្រឹមត្រូវ ឬក៏ខុសឡើយ។ ប៉ុន្តែបើអ្នកបកស្រាយចូលចិត្ត គិតតែលើផ្លូវអវិជ្ជមានច្បាស់ណាស់សុភាសិតនោះគឺគ្មានតម្លៃឡើយ ប៉ុន្តែបើយកតែអ្វីដែលជាចេតនាល្អ មកពិចារណា ច្បាស់ណាស់ តម្លៃរបស់សុភាសិតនេះមានជារៀងរហូត៕
Tag:
សុភាសិតខ្មែរ
វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com