ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រធានស្តីទី​បក្សប្រឆាំង​ឃុំខ្លួន​ឯង៣ខែ​ក្នុង​បក្ស ខណៈ​សំណុំរឿង​ក្ដីក្ដាំ​ឈានដល់​ការជំនុំជម្រះ
26, Aug 2016 , 12:33 pm        
រូបភាព
គិត​ត្រឹម​ថ្ងៃទី២៦ កក្កដា​នេះ គឺមាន​រយៈពេល​បី​ខែ​ហើយ ដែល​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ឯកឧត្តម កឹម សុខា សម្ងំ​លាក់ខ្លួន​នៅ​ទីស្នាក់ការ​គណបក្ស ក្រោយពី​រង​ការចាប់ខ្លួន​ក្រោម​បទ​ចោទ «បដិសេធ​ក្នុងការ​ចូលខ្លួន» ពី​សំណាក់​តុលាការ។ មកដល់ពេលនេះ​ចៅក្រម​ស៊ើបសួរ បាន​បញ្ជ​ប់​ការសាកសួរ​សំណុំរឿង​ឯកឧត្តម កឹម សុខា ហើយ ដោយ​ចៅក្រម​ស៊ើបសួរ បញ្ជូន​សំណុំរឿង​ប្រធានស្តីទី​បក្សប្រឆាំង​នេះ ទៅ​ចៅក្រម​ជំនុំជម្រះ​ហើយ ។



ក្នុង​រយៈពេល​បី​ខែ​នេះ ឯកឧត្តម កឹម សុខា មិនបាន​ចុះ​ជួប​ពលរដ្ឋ​តាម​មូលដ្ឋាន​ដោយផ្ទាល់​នោះទេ ពោលគឺ​បានត្រឹមតែ​ជួប​ពលរដ្ឋ​នៅក្នុង​ទីស្នាក់ការ​បក្ស​ប៉ុណ្ណោះ ក្រោយពី​រង​បទ​ចោទ«បដិសេធ​ក្នុងការ​ចូលខ្លួន» ចាប់តាំងពី​ថ្ងៃទី២៦ ឧសភា ឆ្នាំ២០១៦មក។ ងាក​មក​សំណុំរឿង​ក្ដីក្ដាំ​ឯកឧត្តម កឹម សុខា វិញ ត្រូវបាន​ចៅក្រម​ស៊ើប​បញ្ជូន​សំណុំរឿង​របស់​ឯកឧត្តម កឹម សុខា ទៅកាន់​ចៅក្រម​ជំនុំជម្រះ ក្រោយពី​ចៅក្រម​ស៊ើបសួរ បញ្ចប់​ការ​ស៊ើបសួរ​របស់ខ្លួន កាលពីពេលថ្មីៗនេះ។

ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បានត្រឹមតែ​រិះគន់​ការសម្រេច​របស់​តុលាការ​បែបនេះ ជាការ​រំលោភ​យ៉ាងធ្ងន់ធ្ងរ ទៅលើ​រដ្ឋធម្មនុញ្ញ ដែលជា​ច្បាប់កំពូល​របស់​ជាតិ។ គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា ​តំណាង​អយ្យការ និង​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បានធ្វើការ​ចោទប្រកាន់​ស្ថាពរ និង​បញ្ជូន​សំណុំរឿង​ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ទៅ​ជំនុំជម្រះ ដោយ​មិន​លើក​អភ័យឯកសិទ្ធិសភា​ជាមុន។

គណបក្សប្រឆាំង​ចាត់ទុកថា ប្រព័ន្ធតុលាការ​ត្រូវបាន​ប្រើប្រាស់​ជា​ឧបករណ៍​នយោបាយ​ធ្វើ​ទុក​បុក​ម្នេញ​ឥតឈប់ឈរ​មកលើ​មេដឹកនាំ និង​សកម្ម​គណបក្ស ដែល​នឹង​នាំ​ឲ្យ​ស្ថានការណ៍​នយោបាយ​កាន់តែ​តានតឹង ហើយនឹង​ធ្វើ​ឲ្យ​ការប្រកួតប្រជែង​ការបោះឆ្នោត​ខាងមុខ មិន​យុត្តិធម៌ និង​ស្មើភាព​គ្នា​ឡើយ។

ក្រៅពី​រិះគន់ និង​ជំទាស់​តទល់​តាមផ្លូវ​ច្បាប់​នេះ គណបក្ស​សង្គ្រោះ​ជាតិ បា​នរក​មធ្យោបាយ​ជួបចរចា ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ជួយ​សម្រួល​ភាព​តានតឹង​នយោបាយ ដែល​អាច​ឲ្យ​ឯកឧត្តម កឹម សុខា ដើរចេញ​ជួប​ប្រជាពលរដ្ឋ​និង​បង្ហាញ​សារ​នយោបាយ​តាម​ទម្លាប់ខ្លួន​បាន​នោះ តែ​ក៏​នៅតែ​មិនទាន់មាន​ច្រកចេញ​ឡើយ ក្រោយពី​សម្ដេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ប្រកាសថា គណបក្ស​លោក​នឹងមិន​ចរចា​លើ​បញ្ហា​ឃាត់​ឃុំខ្លួន​បុគ្គល​ណា​ម្នាក់​ទេ ព្រោះ​វា​នាំ​ឲ្យ​រំលោភ​លើ​នីតិវិធី​របស់​តុលាការ។ ប៉ុន្តែ​វា​ក៏​មិនមែន​មានន័យថា គណបក្ស​ទាំងពីរ​គ្មាន​ដំណោះស្រាយ លើ​បញ្ហា​ឃុំខ្លួន តំណាងរាស្ត្រ មន្ត្រី​និង​សកម្មជន គណបក្សប្រឆាំង​នេះដែរ។ ព្រោះ​កន្លងមក ប្រមុខ​រដ្ឋាភិបាល ធ្លាប់​និយាយ​ប្រយោល​ដោយ​មិន​ចំ​ឈ្មោះថា លោក​គ្មាន​សិទ្ធិអំណាច​បញ្ជា​លើ​ប្រព័ន្ធតុលាការ ដែល​កំពុង​បន្ត​នីតិវិធី​ទេ លុះត្រាតែ​តុលាការ​សម្រេច​សាលក្រម​ស្ថាពរ ទើប​លោកនាយក​រដ្ឋមន្ត្រី អាចមាន​សិទ្ធិ​ស្នើ​ទៅ​ព្រះមហាក្សត្រ សុំ​ឡាយព្រះហស្ថលេខា​លើកលែងទោស​ឲ្យ​បាន។

ចុះបើ​ត្រូវ​រង់ចាំ​តុលាការ​សម្រេច​សាលក្រម​ស្ថាពរ​ហើយ ទើប​មានការ​សម្របសម្រួល​តា​ម​ផ្លូវ​នយោបាយ​ឲ្យ​មានការ​លើកលែង​វិញ​មែន​នោះ តើ​ឯកឧត្តម កឹម សុខា អាច​នឹង​ដឹកនាំ​គណបក្ស​ឲ្យ​មាន​ភាពរឹងមាំ ក្នុងការ​ប្រកួតប្រជែង​សន្លឹក​ដូច​អាណត្តិ​មុន​ដែរ​ទេ? ទំនងជាមិនអាចរង់ចាំទល់តែមានការចរចាគ្នានោះទេ។ ដូច្នេះចម្ងល់​នេះ​គឺ​គេ​អាច​សង្កេតឃើញ តាមរយៈ​សកម្មភាពរ​បស់​ឯកឧត្តម កឹម សុខា ដែល​បង្ហោះ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ខ្លួន។  

ក្នុង​បរិបទ​នេះ​គេ​អាច​មើល​ពី​ទិដ្ឋភាព​ជាក់ស្ដែង​ដោយ​ឃើញថា ឯកឧត្តម កឹម សុខា ខាន​ចុះ​ជួប​ពលរដ្ឋ​តាម​មូលដ្ឋាន ដើម្បី​បង្កើន​ភាព​ស្និទ​ស្នាល និង​បង្ហាញ​សារ​នយោបាយ​ដល់​អ្នកគាំទ្រ​ខ្លួន ដើម្បី​ផ្ដល់​ទំនុកចិត្ត​ដល់​ពលរដ្ឋ​បាន​ដូច​មុន​អស់​រយៈពេល​បី​ខែ​ពិតមែន ។ តែ​លោក កឹម សុខា ដែល​គេ​ស្គាល់​ថា​ពូកែ​រៀបចំ​យុទ្ធសាស្ត្រ និង​ថ្លែង​សារ​នយោបាយ​ខ្លី​ហើយ​ខ្លឹម​នោះ មិន​ទុក​ពេលវេលា​ខ្លួន​ចោល​នោះទេ ពោលគឺ​លោក បាន​ប្ដូរ​ផែនការ​សកម្មភាព​ជួប​ជាមួយ​ពលរដ្ឋ​គាំទ្រ​ខ្លួន​ពី​គ្រប់​បណ្ដា​ខេត្ត​នានា មកជួប​លោក​ដោយផ្ទាល់​នៅ​ទីស្នាក់ការ​គណបក្ស​វិញ ដើម្បី​ងាយស្រួល​លោក​អាច​បង្ហាញ​សារ​នយោបាយ​ដល់​ពួកគេ ។

សារ​នយោបាយ​ដែល​ប្រធានស្តីទី​រូបនេះ​ធ្លាប់​លើកយក​ទាញ​ចំណាប់អារម្មណ៍​អ្នកគាំទ្រ​ខ្លួន​មានដូចជា៖«យើង​ត្រូវតែ​ធ្វើការ​តស៊ូ ប៉ុន្ដែ​ការតស៊ូ​ដោយ​អហិង្សា។ យើង​ដឹង​ហើយ​ថា គេ​កំពុង​ធ្វើ​ឲ្យ​យើង​ភ័យខ្លាច។ ដើម្បី​កុំ​ឲ្យ​គេ​បន្លាច​យើង​បាន យើង​ត្រូវ​រួបរួម​កម្លាំង​គ្នា​ឲ្យ​បាន​ច្រើន កាលណា​យើង​មាន​គ្នា​តិច គេ​អាច​បន្លាច​យើង​បាន។ បើ​គ្នា​តិច​ខ្មោចលង តែបើ​គ្នាច្រើន​យើង​លង​ខ្មោច​វិញ។ យើង​មិន​ចេះតែ​ខ្លាច នូវ​អ្វីដែល​គេ​បន្លាច​យើង​ទេ។ ប៉ុន្ដែ​យើង​ក៏​មិន​ចង់​ធ្វើ​អ្វី ឲ្យ​គេ​ខ្លាច​យើង​ដែរ»។

ក្រៅពី​ជួប​ប្រជាពលរដ្ឋ​ដើម្បី​រក្សា​សំឡេងគាំទ្រ​ខ្លួន​នោះ​ឯកឧត្តម កឹម សុខា ក៏បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​តាម​មូលដ្ឋាន​ដើម្បី​ពិភាក្សា ពិគ្រោះ​យោបល់ និង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​នយោបាយ​ដល់​មន្ត្រី​ថ្នាក់មូលដ្ឋាន ដើម្បី​រក្សា​ប្រជាប្រិយភាព​គណបក្ស​ខ្លួន​ផងដែរ។ ហើយ​នៅពេលនេះ​តំណាងរាស្ត្រ​បក្សប្រឆាំង សុទ្ធតែ​កំពុង​មមាញឹក​ចុះ​តាម​មូលដ្ឋាន​យ៉ាងសកម្ម ក្នុង​ការជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ ដើម្បី​រក្សា​ប្រជាប្រិយភាព​បក្ស សម្រាប់​សន្លឹកឆ្នោត​អាណត្តិ​ក្រោយ បន្ទាប់ពី​ទទួលបាន​ផ្ដល់​យុទ្ធសាស្ត្រ​នយោបាយ​ពី​ឯកឧត្តម កឹម សុខា ដែល​កំពុង​ជាប់ឃុំ​ក្នុង​បក្ស ។

បើ​និយាយ​ពី​កិច្ចការងារ​ការទូត​វិញ ប្រធាន​ស្តី​បក្សប្រឆាំង​រូបនេះ បាន​ជួប​ជាមួយ​បណ្ដា​អង្គទូត​ជាច្រើនរូប​ជា​បន្តបន្ទាប់ ដើម្បី​ស្នើសុំ​ឲ្យ​ជួយ​ជ្រោមជ្រែង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រង​សម្ពាធ។ ឯកអគ្គ​រដ្ឋ​និង​ឯកអគ្គរាជទូត រួមទាំង​មន្ត្រី​បរទេស ដែល​ចូលជួប​ឯកឧត្តម កឹម សុខា រួមមាន ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក, ឯកអគ្គរាជទូត​ប្រទេស​កាណាដា, ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​បារាំង, ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប, លោក Gerd Müller រដ្ឋមន្ដ្រី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍ​នៃ​រដ្ឋាភិបាល​សហព័ន្ធ​អាឡឺម៉ង់ និង លោក បាត វី​ម៉េ​រិ​ន ប្រធាន​បេសកកម្ម​នៃ​គណៈកម្មាធិការ​អន្ដរជាតិ​នៃ​កាកបាទក្រហម​ប្រចាំ​កម្ពុជា និង លោក អា​ឡាំង វ៉ាន់​ឌើ​មី​សសិន (Mr. Alain VANDERSMISSEN) ជា​ភារធារី​ទូត​សហភាព​អឺរ៉ុប…ជាដើម។

ត្រង់ចំណុច​ទាំងនេះ​គេ​សង្កេតឃើញថា ឯកឧត្តម កឹម សុខា បាន​កំពុង​លួច​សម្ងំ​បំពេញការងារ​ខ្លួន​យ៉ាងសកម្ម​នៅ​ទីស្នាក់ការ​បក្ស​ដោយ​ស្ងប់ស្ងាត់ បើទោះជា​មិនអាច​មាន​សិទ្ធិ​ដើរហើរ​ចេញ​ក្រៅ​គណបក្ស​ដូច​មុន​ក៏ដោយ។

តែបើ​និយាយ​ពី​សិទ្ធិ​ដើរចេញ​ក្រៅ​គណបក្ស​វិញ ក្រសួងយុត្តិធម៌​បាន​អះអាងថា ឯកឧត្តម កឹម សុខា អាចមាន​សិទ្ធិ​ដើរ​ចេញពី​បក្ស​បាន​គ្រប់ពេល ចេញ​ទៅណា​ក៏បាន​ដែរ លើកលែងតែ​ចេញ​ក្រៅប្រទេស ក្រោយពី​តុលាការ​សម្រេច​ដាក់​ឯកឧត្តម កឹម សុខា ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ កាលពី​ថ្ងៃទី១៣កក្កដា កន្លងមក។ បន្ថែម​ពីលើ​នេះ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បកស្រាយ​ថា «បើសិនជា​គេច​ង់​ចាប់ខ្លួន គេ​ចាប់គាត់(កឹម សុខា) នៅពេល​គាត់​កំពុង​សម្ងំ​ក្នុង​បក្ស​ក៏បាន​ដែរ មិនមែន​ចាំ​ទល់​តែ​គាត់​ដើរ​ចេញពី​បក្ស​ទើប​គេ​ចាប់ខ្លួន​នោះទេ»។

បើទោះជា​មានការ​បកស្រាយ​បែបនេះ​ក្តី តែ​ឯកឧត្តម កឹម សុខា បានសម្រេច​ចិត្ត​មិន​ឈានជើងដើរ​ចេញពី​គណបក្ស​ឡើយ ដោយ​លោក​ប្ដេជ្ញាចិត្ត​រួចហើយ ថា សុខចិត្ត​ឃុំខ្លួន​នៅ​គណបក្ស ដើម្បី​ធ្វើ​កូដកម្ម​តស៊ូ​មតិ​ប្រឆាំងនឹង​សេចក្ដីសម្រេច​របស់​តុលាការ ដែល​រំលោភ​លើ​អភ័យឯកសិទ្ធិ​លោក និង​តំណាងរាស្ត្រ​ខ្លួន។ ត្រង់ចំណុច​នេះ​អ្នកវិភាគ​យល់ឃើញថា នេះ​គឺជា​យុទ្ធសាស្ត្រ​ឯកឧត្តម កឹម សុខា ដែល​កំពុង​ឃុំ​សេរីភាព​ខ្លួនឯង ដើម្បី​បង្ហាញ​មហាជន​ពី​ភាពអយុត្តិធម៌​មកលើ​ខ្លួន និង​មន្ត្រី​គណបក្ស ដែលជា​យុទ្ធសាស្ត្រ​មួយ​ក្នុងការ​ទាញ​បាន​ប្រជាប្រិយភាព​សម្រាប់​គណបក្ស​មុនពេល​បោះឆ្នោត​មកដល់​ផងដែរ។

ដូច្នេះ គេ​អាច​មើលឃើញថា បើទោះបីជា​ឯកឧត្តម សម រង្ស៊ី មិនមាន​វត្តមាន​ក្នុងប្រទេស ហើយ​ឯកឧត្តម កឹម សុខា អស់​សេរីភាព​ក្នុង​ការចេញ​ឃោសនា​នយោបាយ​ក៏ដោយ ប៉ុន្តែ​តាមរយៈ​រូបភាព​និង​សកម្មភាព​ឯកឧត្តម កឹម សុខា នេះ​បង្ហាញថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទុក​ឲ្យ​ចលនានយោបាយ​របស់ខ្លួន នៅ​នឹងថ្កល់​នោះទេ។ តែ​ផ្ទុយទៅវិញ ចលនានយោបាយ​របស់​បក្សប្រឆាំង រឹតតែ​សកម្ម​ទៅវិញ តាមរយៈ​ការជួប​មន្ត្រីការទូត​និង​មន្ត្រី​អន្តរជាតិ រួមទាំង​ការប្រមូលផ្តុំ​របស់​អ្នកគាំទ្រ​ខ្លួន​នៅ​ទីស្នាក់ការ។ ថ្វីដ្បិតតែ​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់បាន​អះអាងថា ពួកគេ​កំពុង​រង​នូវ​ការយាយី​និង​ការធ្វើ​ទុក​បុក​ម្នេញ​ក៏ដោយចុះ ប៉ុន្តែ​បក្សប្រឆាំង​មួយ​នេះ បាន​ព្យាយាម​បង្វែរ​ស្ថានភាព​ដែល​មិន​អំណោយផល ឲ្យ​ក្លាយទៅជា​ចំណុច​វិជ្ជមាន​សម្រាប់​ខ្លួន​ទៅវិញ មុនពេល​ការបោះឆ្នោត​ឃុំ​សង្កាត់ ២០១៧ និង​បោះឆ្នោត​សកល​ឆ្នាំ២០១៨ចូលមក​ដល់៕


Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com