ពីនេះ ពីនោះ
​ពាក្យ​ថា​«​ម៉ាក់​» មិនមែនជា​ពាក្យ​កម្ចី​មកពី​បរទេស​ទេ​ ​
27, Aug 2016 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
ពាក្យ​ថា​«​ម៉ាក់​» ប្រហែល​ជាមាន​សាធារណជន​ជាច្រើន​គិតថា ជា​ពាក្យ​ដែល​កម្ចី​មកពី​ភាសា​ចិន​។ ប៉ុន្តែ​ពាក្យ​នេះ នៅក្នុង​វនា​នុ​ក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត គឺមាន​កំណើត និង​ប្រភពដើម​ជា​ពាក្យ​ខ្មែរ​ពិតប្រាកដ ហើយ​មិនមែនជា​ពាក្យ​កម្ចី​មកពី​ភាសា​ចិន​ទេ​។



វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពាក្យ​«​ម៉ាក់​»​ថា​មាន​ថ្នាក់​ពាក្យ​ជា​នាម មានន័យថា ម៉ែ​, ម្ដាយ​។ ពាក្យ​នេះ​គឺជា​ពាក្យ​ទំយើ​សម្រាប់​កូនក្មេង​ហៅ​ម្ដាយ (​ច្រើន​និយាយ​ចំពោះតែ​អ្នកទីក្រុង​)​។

​ពាក្យ ម៉ាក់ នេះ​មាន​ប្រភពដើម​មកពី​ពាក្យ​ថា មា ឬ ម៉ា (​សំ​. បា​.​មានន័យថា រាប់​, រាប់រក​, រាប់អាន​) ទើប​ចេញ​មកជា​មាតា​, ម៉ែ​, ម្ដាយ​, ម៉ាក់​, ម៉ាក់​ម៉​ង់​, មែរ​...​ចេញទៅ​ទៀត​ជា មាតុច្ឆា​(​ម្ដាយមីង​ខាង​ម្ដាយ​), មាតុល​(​អាពុក​ធំ​ឬ​មា​ខាង​ម្ដាយ​), មាតុលានី​(​ម្ដាយធំ ឬ​ម្ដាយមីង​ខាង​ម្ដាយ​),... ក៏​មក​តែ​អំពី​ពាក្យ មា ឬ​ម៉ា នេះឯង ដែលមាន​អត្ថន័យ​ថា «​រាប់អាន​យ៉ាង​ជិតស្និទ្ធ​»​។
​ជារួម​មក ពាក្យ​«​ម៉ាក់​» មានន័យថា ស្ត្រី​អ្នក​រាប់អាន​កូន​របស់ខ្លួន​យ៉ាង​ជិតស្និទ្ធ​» ដែល​គេ​តែងតែ​ប្រើ​ជា​គូ​នឹង​ពាក្យ​ថា បា ឬ ប៉ា​(​សំ​. បា​. មានន័យថា ចិញ្ចឹម​, រក្សា​...)​។​

បញ្ជាក់​ពាក្យ​«​ទំយើ​» ជា​កិរិយាសព្ទ មានន័យថា ទម្រើស​, ថ្នម​ជំទួយ​, ពោល​ពាក្យ​ជំទួយ​។ បើជា​នាម មានន័យថា សម្ដី​ថ្លែង​ដោយ​ថ្នម ដូច​ពាក្យ ឪពុកធំ ថា អ៊ំ​, ដេក ថា គេង​, ស៊ី ថា ញ៉ាំ​, បៅ ថា ម៉ឹម ឬ អ៊ឹម​, ប្អូន ថា អូន ជាដើម ដែល​ពាក្យ​ទាំងនេះ​គេ​ហៅថា ពាក្យ ទំយើ​៕

ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ​ជួន ណាត​


© រក្សាសិទ្ធិដោយ thmeythmey.com