ពីនេះ ពីនោះ
ពាក្យ​ថា​«​បាឡាត់​»​មានន័យ​ជាប់ទាក់ទង​ឋានន្តរ​នៃ​មន្ត្រី​សង្ឃ​ ​
29, Aug 2016 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ពាក្យ​ថា​«​បាឡាត់​»​គឺជា​ពាក្យ​មួយ​ដែល​គេ​ធ្លាប់​ឮ និង​ប្រើប្រាស់​នៅក្នុង​ប្រលោមលោក របស់​ខ្មែរ​។ ពាក្យ​«​លោក​បាឡាត់​» គឺ​គេ​ប្រើ​សំដៅ ឬ​សម្គាល់​អ្នកមាន​តួនាទី​ធំ នៅ​សម័យមុន​ជាដើម ប៉ុន្តែ​ពាក្យ​នេះ​នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត ក៏មាន​អត្ថន័យ​សំដៅ​ដល់​ឋានន្តរ​នៃ​មន្ត្រី​សង្ឃ​ផងដែរ​។



ពាក្យ​ថា​«​បាឡាត់​» ដែល​គេ​អាច​សរសេរ​ម្យ៉ាង​ទៀតថា «​បាល័ដ្ឋ​» មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា ឋានន្តរ​នៃ​មន្ត្រី​សង្ឃ ថ្នាក់​ឋានានុក្រម​ថ្នាក់​ខ្ពស់ជាង សមុហ៍ ជា​សហការី​នៃ​ព្រះរាជ​គណៈ​គ្រប់​ថ្នាក់​ទាំង ៤ គឺ ឯក​, ទោ​, ត្រី និង ចត្វា មាន​ឋានន្តរ​គឺ​ងារ​ជា​ភាសាបាលី​ផ្សេងៗ​គ្នា​។ សម្រាប់​មេគុណ​គ្រប់​ខេត្ត ក៏មាន​ឋានានុក្រម​ទី​បាឡាត់​ដែរ​។

សម្រាប់​សម្ដេចព្រះសង្ឃរាជ និង​សម្ដេចព្រះ​សង្ឃនាយក មាន​ឋានានុក្រម​ទី​បាឡាត់ ពីរៗ​រូប ស្ដាំ​មួយរូប និង​ឆ្វេង​មួយរូប ដែល​ក្នុងសម័យ​ពី​ដើម​គេ​ហៅថា បាឡាត់​ទូល​ឆ្វេង​មាន​នាទី​ជា​អ្នកទទួល​ភារកិច្ច​ផ្សេងៗ ជា​ជំនួយ​ឬ​ជា​ជំនួស​សម្ដេចព្រះសង្ឃរាជ  ឬ​សម្ដេចព្រះ​សង្ឃនាយក ក្នុងការ​ទទួលភ្ញៀវ និង​ការ​ពិតទូល​អំពី​កិច្ចការ​នានា​របស់​ភ្ញៀវ​សាធារណៈ ដែលមាន​ប្រាស្រ័យ​ទាក់ទង​ជាការ​ចាំបាច់​។

សម្រាប់​ខាង​មន្ត្រី​គ្រហស្ថ​តាម​ខេត្ត និង​ស្រុក​ក៏មាន បាឡាត់​ដែរ គេ​ហៅថា​បាឡាត់ខេត្ត​, បាឡាត់ស្រុក​...​។ ខ្មែរ​បុរាណ​លោក​សរសេរ​ជា បាល័ដ្ឋ ដែល​ប្រហែលជា​លោក​សំដៅ​អត្ថន័យ​ថា អ្នកមាន​នាទី​ខាង​ការថែរក្សា​។​

ប៉ុន្តែ​សម្រាប់​ប្រទេស​សៀម គេ​សរសេរ ប៉​ល័ត មាន​អត្ថន័យ​ថា អ្នក​ផ្លាស់​មុខការ​នាទី​ជំនួយ​ឬ​ជា​ជំនួស​រង​ពី​អធិបតី​របស់ខ្លួន​...​។​

ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ​ជួន ណាត​


© រក្សាសិទ្ធិដោយ thmeythmey.com