ជាតិ
​​​ន​យោ​បាយ​ជាតិ​
​សាលក្រម​៖ CNRP ថា​តុលា​ការរំលោភ​អភ័យឯកសិទ្ធិ ឯ​រដ្ឋាភិបាល​ថា ជាការ​ពង្រឹង​ប្រជាធិបតេយ្យ
09, Sep 2016 , 4:20 pm        
រូបភាព
លោក ផៃ ស៊ីផាន នៅខាងឆ្វេង ឯឯកឧត្តមកឹម សុខា នៅខាងស្តាំ
លោក ផៃ ស៊ីផាន នៅខាងឆ្វេង ឯឯកឧត្តមកឹម សុខា នៅខាងស្តាំ
ដោយ:
 
 
​ប៉ុន្មាន​នាទី​ក្រោយពី​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្តន្ទាទោស​ឯកឧត្តម កឹម សុខា រួចមក មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​លោក អ៊ូ ច័ន្ទ​ឫទ្ធិ បានប្រកាស​ពី​គោលជំហរ​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ភ្ញាក់ផ្អើល​ចំពោះ​ការសម្រេច​របស់​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​ទេ​។ តែ​ខាង​ភាគី​រដ្ឋាភិបាល​វិញ សាទរ​ចំពោះ​ការសម្រេច​នេះ​។

 
​លោក អ៊ូ ច័ន្ទ​ឫទ្ធិ បានប្រកាស​នៅក្នុង​សន្និសីទកាសែត​ក្រោយពី​តុលា​ការចេញ​សាលក្រម​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បន្ត​តស៊ូ​ជាមួយ​ប្រជាពលរដ្ឋ​ត​ទៀត​ដោយ​អហិង្សា ហើយ​គណបក្ស​នេះ មិន​ភ្ញាក់​ផ្អើ​ចំពោះ​សេចក្តីសម្រេច​របស់​តុលាការ​នៅថ្ងៃនេះ ដែល​ឲ្យ​ឯកឧត្តម កឹម សុខា ជាប់ពន្ធនាគារ ៥ ខែ និង​ពិន័យ ៨ សែន​រៀល​។ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រឆាំង​រូបនេះ បាន​បរិហារ​តុលាការ​ថា ស្ថាប័ន​នេះ បាន​រំលោភ​អភ័យឯកសិទ្ធិ​អ្នក​តំ​ណា​ងរាស្ត្រ​។​
 
​លោក ច័ន្ទ​ឫទ្ធិ បដិសេធ​មិនទាន់​និយាយ​ពី​ផែនការ ដែល​គណបក្ស​សង្គ្រោះ​ជាតិ នឹងធ្វើ​បន្តទៀត​នៅឡើយ​ទេ បន្ទាប់ពី​សាលក្រម​រប​ស់​តុលាការ​ផ្តន្ទាទោស​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​។ តែ​លោក ច័ន្ទ​ឫទ្ធិ បាន​អំពាវនាវ​ទៅកាន់​អ្នកគាំទ្រ​​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាងនេះ​ថា​៖ « ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​បងប្អូន​បន្ត​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឲ្យ​មានការ​ផ្លាស់ប្តូរ​។ យើង​តស៊ូ​ដោយ​សន្តិវិធី អហិង្សា ដើម្បី​ឲ្យ​មានការ​ផ្លាស់ប្តូរ​......​។ ពេល​ទៅវិញ​ប្រាប់​អ្នកភូមិ​យើង​ថា យើង​តស៊ូ​ទៀត​។  ហើយ​ពេលណា យើង​ត្រូវការ​កម្លាំង ពេលនោះ​បងប្អូន​មក​ពេញ​ភ្នំពេញ​»​។​
 
​ចំណែក​ខាង​ភាគី​រដ្ឋាភិបាល​វិញ លោក ផៃ ស៊ី​ផាន ដែលជា​អ្នកនាំពាក្យ​ទី​ស្តី​គណៈរដ្ឋមន្ត្រី បានចាត់ទុក​ការសម្រេច​របស់​តុលាការ​លើ​ករណី​ឯកឧត្តម កឹម សុខា ថា ជាការ​អនុវត្ត​នីតិវិធី​របស់​តុលាការ​បាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព ដោយសារ​ឯកឧត្តម កឹម សុខា បាន​បំពាន​ច្បាប់​។ លោក ស៊ី​ផាន បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ទៀតថា ការ​កាត់សេចក្តី​នេះ ជាការ​ពង្រឹង និង​អភិ​វ​ឌ្ឍ​បន្ថែម​នូវ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​។ អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់​យ៉ាងនេះ​ថា​៖«​ករណី​របស់ ឯកឧត្តម កឹម សុខា គឺជា​រឿង​ឯកជន​ផ្ទាល់ ហើយ​មិន​សហការ​ជាមួយ​តុលាការ ដែលជា​ស្ថាប័ន​ឯករាជ្យ​»៕
 
 
 

Tag:
 ផៃ ស៊ីផាន
  កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com