អន្តរជាតិ
លោក Duterte បង្ហាញរូបភាពទាហានអាមេរិកសម្លាប់ជនជាតិហ្វីលីពីន ចំពោះមុខលោក អូបាម៉ា
× បន្ទាប់ពីសោកស្ដាយលើការប្រើពាក្យសម្ដីវាយប្រហារប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា មុនពេលមកឡាវ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានធ្វើឲ្យគេឯងភ្ញាក់ផ្អើលម្ដងទៀត ដោយបានវាយប្រហារលើប្រមុខរដ្ឋអាមេរិកម្ដងទៀត។ នៅលើកនេះ លោក Duterte បានបង្ហាញរូបភាពនៃសកម្មភាពទាហានអាមេរិកសម្លាប់ជនជាតិហ្វីលីពីន នៅក្នុងចំណោមមេដឹកនាំជាច្រើនក្នុងរដ្ឋធានីវៀងចន្ទន៍។
ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ធ្វើឲ្យមេដឹកនាំដែលចូលរួមក្នុងកិច្ចប្រជុំអាស៊ីបូព៌ា ភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីលោកបានលើកបង្ហាញរូបភាពដែលទាហានអាមេរិកសម្លាប់ជនជាតិហ្វីលីពីនក្នុងសម័យអាណានិគម។ នេះជាការវាយប្រហារថ្មីមួយទៀតរបស់ប្រធានាធិបតីហ្វីលីពីន ក្រោយមួយថ្ងៃពីលោក Duterte បង្ហាញការសោកស្ដាយចំពោះការប្រើសម្ដីគំរោះគំរើយដាក់លោក អូបាម៉ា មុនពេលមកឡាវ។
ក្នុងកិច្ចប្រជុំអាស៊ីបូព៌ា នៅថ្ងៃទី៨ ខែកញ្ញា ប្រធានាធិបតីហ្វីលីពីន បានលើកឡើងពីសកម្មភាពរបស់ទាហានអាមេរិក ដែលគ្រប់គ្រងហ្វីលីពីនចាប់ពីឆ្នាំ១៨៩៨ ដល់ឆ្នាំ១៩៤៦។ ប្រតិភូឥណ្ឌូណេស៊ីដែលចូលរួមកិច្ចប្រជុំនេះ ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា លោក Duterte បានបង្ហាញពីរូបភាពកាប់សម្លាប់របស់យោធាអាមេរិក និងបាននិយាយថា «នេះជាដូនតារបស់ខ្ញុំដែលត្រូវសម្លាប់។ ហេតុអ្វីបានជាយើងនិយាយពីសិទ្ធិមនុស្សពេលនេះ»?
រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Perfecto Yasay បញ្ជាក់ថា លោកប្រធានាធិបតី Duterte ពិតជាបានបង្ហាញរូបភាពនៃអំពើព្រៃផ្សៃលើកោះមិនដាណាវនេះមែន គឺនៅចំពោះមុខប្រធានាធិបតី បារ៉ាក់ អូបាម៉ា និងបណ្ដាមេដឹកនាំប្រទេសអាស៊ីបូព៌ាតែម្ដង។ យ៉ាងណាក្ដី នៅមុនពេលមកកាន់ឡាវ លោក Duterte ក៏ធ្លាប់លើករឿងនេះមកនិយាយម្ដងដែរ ដើម្បីវាយប្រហារលើអាមេរិកនោះ។
តាមពិតទៅ រឿងរ៉ាវមកដល់ដំណាក់កាលនេះ គឺដោយសារតែការរិះគន់របស់អាមេរិក មកលើយុទ្ធនាការបោសសម្អាតគ្រឿងញៀនរបស់ប្រធានាធិបតី Duterte។ រដ្ឋបាលក្រុងវ៉ាស៊ីនតោន បានបង្ហាញការព្រួយបារម្ភចំពោះការសម្លាប់មនុស្សយ៉ាងច្រើន ដែលភាគច្រើននោះគឺធ្វើឡើងនៅក្រៅប្រព័ន្ធតុលាការ។ មកទល់ពេលនេះ មនុស្សច្រើនជាងពីរពាន់នាក់ហើយ ត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងប៉ូលិស និងទាហាន។
យ៉ាងណាក្ដី លោក Duterte បានទាត់ចោលការរិះគន់ទាំងឡាយមកលើប្រតិបត្តិការបោសសម្អាតគ្រឿងញៀន។ លោកក៏ប្រកាសដែរថា លោកមិនត្រូវការការណែនាំណាមួយពីអាមេរិកឡើយ ហើយមានតែប្រជាជនហ្វីលីពីនប៉ុណ្ណោះ ដែលលោកគោរព។ ជារឿយៗ ប្រធានាធិបតីហ្វីលីពីន ក៏តែងសួរបកទៅអាមេរិកវិញ ជុំវិញការបាញ់សម្លាប់នៅអាមេរិក ក៏ដូចជាអ្វីដែលកើតឡើងនៅហ្វីលីពីនពីអតីតកាលដែរ៕
Tag:
Rodrigo Duterte
Barack Obama
ឡាវ
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com