ជាតិ
​​​ន​យោ​បាយ​ជាតិ​
​ប្រទេស​ចំនួន ៣៦ បារម្ភ​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា តែ​មន្ត្រី​រដ្ឋាភិបាល​ច្រានចោល​
14, Sep 2016 , 3:48 pm        
រូបភាព
លោក  Keith Harper ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ
លោក Keith Harper ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ
ដោយ:
​ប្រទេស​ចំនួន ៣៦ បានចេញ​សេចក្តីប្រកាស​រួមគ្នា បង្ហាញ​ក្តីបារម្ភ​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា បន្ទាប់ពី​មានការ​គំរាមកំហែង​មកលើ​គម្រោង​ធ្វើ​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ករណី​បាញ់សម្លាប់​លោក កែម ឡី​។ តែ​យ៉ាងណា អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​ច្រានចោល​នូវ​កង្វល់​របស់​ប្រទេស​ទាំងនោះ​។



​ប្រទេស អូស្ត្រាលី សហរដ្ឋអាមេរិក ជប៉ុន កាណាដា ម៉ា​សេ​ដូ​នី ណ័​រ​វ៉េ ស្វី​ស អាល់​បា​នី និង​ប្រទេស​ចំនួន ២៨ ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប ដែល​សរុប​ទាំងអស់​ចំនួន ៣៦ ប្រទេស កំពុងមាន​ក្តីកង្វល់​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្តីកង្វល់​ដែល​បង្ហាញ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​រួមគ្នា​របស់​ប្រទេស​ទាំង ៣៦ នៅថ្ងៃនេះ ធ្វើឡើង​នៅឯ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ នាទី​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ហើយ​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​។

​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ លោក  Keith Harper ជា​អ្នកអាន​នូវ​សេចក្តីប្រកាស​រួម​របស់​ប្រទេស​ទាំង ៣៦ នោះ ដោយមាន​ខ្លឹមសារ​សំខាន់​បែបនេះ​ថា​៖«​យើង​មាន​កង្វល់​យ៉ាងខ្លាំង ចំពោះ​ការកើនឡើង​នូវ​ភាព​តានតឹង​នយោបាយ នៅ​កម្ពុជា​នៅពេលនេះ ដែលជា​ការគំរាមកំហែង​ដល់​សកម្មភាព​ស្របច្បាប់​របស់​គណបក្សប្រឆាំង និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស​»​។ សេចក្តីប្រកាស​រួម​នោះ បន្ត​ដូច្នេះ​ទៀតថា​៖«​យើង​មាន​កង្វល់​ជាពិសេស​ដោយ​មើលឃើញថា មានការ​ប្តឹងទៅ​តុលាការ​ដោយ​មិន​ទំនង ប្រឆាំងនឹង​អ្នក​រិះគន់​រដ្ឋាភិបាល​។ យើង​មាន​កង្វល់​ដូចគ្នានេះ​ផងដែរ ពី​ស្ថានភាព​នៃ វប្បធម៌​សន្ទនា រវាង​គណបក្សនយោបាយ​ធំជាងគេ​ទាំងពីរ ដែល​ឈប់​មានដំណើរ​ទៅមុខ​»​។

​ប្រទេស​ទាំង ៣៦ នោះ ក៏​សម្តែង​ការសោកស្តាយ ចំពោះ​ឃាតកម្ម លើ​រូបលោក​កែម ឡី អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ ហើយ​ករណីនេះ ក៏​ធ្វើ​ឲ្យ​សង្គម​ស៊ីវិល និង​អ្នក​ឯករាជ្យ​នៅ​កម្ពុជា​មានការ​ភ័យព្រួយ ដែរ​។​

​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​ច្រានចោល​ចំពោះ​ក្តីកង្វល់​របស់​ប្រទេស​ទាំង ៣៦ នោះ​។ « សេចក្តីប្រកាស​នោះ មិនបាន​ឆ្លុះបញ្ចាំង​ពី​ការពិត​នៅ​កម្ពុជា​ទេ​។ គណបក្ស​សង្គ្រោះ​ជាតិ​ទេ ជា​អ្នក​បង្ករឿង ដែល​នាំ​ឲ្យ​មានការ​ភ​ន្ត​ច្រឡំ​។ យើង​យល់ថា សេចក្តីប្រកាស​នេះ ជា​ហេតុផល​នយោបាយ​ច្រើនជាង​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ផៃ ស៊ី​ផាន ហើយ​លោក ក៏​បន្ត​ការពារ​រដ្ឋាភិបាល​ទៀតថា ករណី​ឯកឧត្តម កឹម សុខា កន្លងមក គឺជា​រឿង​បុគ្គល ដែល​ប្រព្រឹត្ត​ខុសច្បាប់​តែប៉ុណ្ណោះ ហើយ​កម្ពុជា​បច្ចុប្បន្ន​មានការ​គោរព​សិទ្ធិមនុស្ស​ត្រឹមត្រូវ​។ លោក អះអាង​បែបនេះ​ថា​៖ « វា​ជា​រឿង​បុគ្គល​ខុសច្បាប់ ចង់​ប្រមូល​ពលរដ្ឋ​ធ្វើបាតុកម្ម​ការពារ​ខ្លួន​។ យើង​ត្រូវមាន​វិធានការ​»​។​

​យ៉ាងណា អ្នកនាំពាក្យ​រដ្ឋាភិបាល​រូបនេះ បន្ថែម​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្តីកង្វល់​របស់​ប្រទេស​ទាំង ៣៦ អំពី​បញ្ហា​សិទ្ធិមនុស្ស​កម្ពុជា មន្ត្រី​ទូត​កម្ពុជា នឹង​ពន្យល់​ប្រទេស​ទាំងនោះ នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ នាទី​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។
 
ចុងបញ្ចប់​នៃេសេចក្តី​ប្រកាសរួមនោះ ​ ប្រទេសទាំង ៣៦ បានអំពាវនាវឲ្យ ភាគីពាក់ព័ន្ធទាំងអស់ ពោលគឺគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ត្រូវធ្វើយ៉ាងណាបន្ថយ​ភាពតាន​តឹង​ និងបង្កើន​ទំនុក​ចិត្តដល់គ្នា​ឡើងវិញ។  ប្រទេសទាំងនោះ ក៏អំពាវនាវដូច្នេះ​ទៀតថា៖«យើង​សូម​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ខិតខំ​ជា​អតិប្បរិមា ដើម្បី​បង្កើតឲ្យមាន​បរិយាកាស​នយោបាយ​មួយ ដែល​គណបក្សប្រឆាំង និង​សង្គម​ស៊ីវិល​អាចធ្វើ​សកម្មភាព​បាន​ដោយ​សេរី​។ យើង​សូម​អំពាវនាវ​ផងដែរ ឲ្យ​ប្រទេស​កម្ពុជា​គោរព​តាម​ការប្តេជ្ញាចិត្ត​របស់​ខ្លួន​ចំពោះ​ប្រជាជន​កម្ពុជា និង​សហគមន៍​អន្តរជាតិ ដើម្បីឲ្យការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ដែល​នឹង​ធានា​ភាពស្របច្បាប់​នៃ​រដ្ឋាភិបាល​ក្រោយ​។ យើង​ត្រៀម​ជាស្រេច​ក្នុង​ការជួយ​ប្រទេស និង​ប្រជាជន​កម្ពុជា ក្នុងការ​ដោះស្រាយ​កង្វល់​ទាំងនេះ តាម​លក្ខណៈ​ស្របតាម​ច្បាប់​អន្តរជាតិ​ស្តីពី​សិទ្ធិមនុស្ស»​។​

ជាមួយគ្នានេះ ប្រទេស​ទាំង ៣៦ នោះ ក៏អំពាវនាវឲ្យ​បើកការ​ស៊ើបអង្កេត​ពេញលេញ និង​ដោយ​តម្លាភាព ចំពោះ​ការស្លាប់​របស់ លោក​កែម ឡី ដែរ​។
 



Tag:
 ផៃ ស៊ី​ផាន​
  សហរដ្ឋអាមេរិក​
  សិទ្ធិមនុស្ស​កម្ពុជា​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com