ជាតិ
​​​ន​យោ​បាយ​ជាតិ​
GDP ស្នើ​ឲ្យ​CPP និង​CNRP ងាក​មក​ដោះស្រាយ​បញ្ហា​កសិករ​សិន ប្រសើរ​ជាង​នៅ​ឈ្លោះ​គ្នា​
14, Sep 2016 , 10:39 pm        
រូបភាព
​ភ្នំពេញ​៖ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ស្នើ​ឲ្យ​គណបក្ស​ដែលមាន​អាសន​ក្នុង​រដ្ឋសភា គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ចូល​តុ​ពិភាក្សា​រួមគ្នា ដើម្បី​រក​ដំណោះស្រាយ​ជួយ​ប្រជាកសិករ ដែល​កំពុង​រងគ្រោះ​ដោយសារ​បញ្ហា​កសិផល​ចុះថ្លៃ​សិន ប្រសើ​ជាង​ឈ្លោះ​គ្នា​ផ្ដល់​ផល​អាក្រក់​ដល់​ប្រទេសជាតិ និង​ជា​គំរូ​មិនល្អ​ដល់​យុវជន​ខ្មែរ​។ បើតាម​សេចក្ដីថ្លែងការណ៍​ចុះ​ថ្ងៃទី​១៤ កញ្ញា របស់​គណបក្ស​ប្រជាធិបតេយ្យ​។​



«​សូម​ក្រើន​រំ​ឮ​ក​ដល់​មេដឹកនាំ និង​តំណាងរាស្ត្រ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​ងាក​មកប្រើប្រាស់​ពេលវេលា ប្រាជ្ញា និង​ធនធាន ដើម្បី​រក​ដំណោះស្រាយ​ជូន​កសិករ ជាជាង​ឈ្លោះប្រកែក​គ្នា​» ។ នេះ​ជាការ​យល់ឃើញ​របស់​គ​ណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​បាន​អំពាវនាវ ឲ្យ​សមាជិកសភា​ទាំង​១២៣​រូប ដែល​ទទួលបាន​សន្លឹក​ឆ្នោត​ពី​ប្រជាពលរដ្ឋ ក្នុងនាម​ជា​តំណាងរាស្ត្រ និង​តំណាង​ស្ថាប័ន​រដ្ឋាភិបាល​សំខាន់ៗ​ត្រូវ​បើក​កិច្ចប្រជុំ​បន្ទាន់ ដើម្បី​ដោះស្រាយ​បញ្ហា​ទីផ្សារ​ក​សិ​ផ​ល​ប្រជាកសិករ ឲ្យ​បាន​សមស្រប និង​ឲ្យ​ទាន់ពេលវេលា​។​

​បើតាម​គណបក្ស​ប្រជាធិបតេយ្យ ក្រសួង​ពាក់ព័ន្ធ​ដែល​ត្រូវ​បើក​កិច្ចប្រជុំ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​នោះ​រួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជាដើម​។​

​ការអំពាវនាវ​របស់​គណបក្ស​ប្រជាធិបតេយ្យ​នេះ​ធ្វើឡើង ខណៈដែល​កសិករ​ខ្មែរ​កំពុង​ជួបប្រទះ​បញ្ហា​តម្លៃ​កសិផល ដែល​ធ្លាក់ចុះ​តម្លៃ​ទីផ្សា​យ៉ាងខ្លាំង ក្នុងពេលដែល​មេដឹកនាំ​គណបក្សនយោបាយ​ជាប់ឆ្នោត​ទាំងពីរ កំពុង​គំរាមកំហែង​គ្នា​ទៅវិញទៅមក តាមរយៈ​ការប្រើប្រាស់​កម្លាំង​មហាជន និង​កម្លាំងប្រដាប់អាវុធ ក្នុងការ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​៕


Tag:
 GDP
  CPP
  CNRP
  ​កសិផល
© រក្សាសិទ្ធិដោយ thmeythmey.com