ជាតិ
សម្តេច ហ៊ុន សែន ចេញ​វិធានការ​គ្រប់គ្រង​ធនធានធម្មជាតិ​
01, Oct 2016 , 9:30 pm        
រូបភាព
​រដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​វិធានការ​ចាំបាច់​ចំនួន​៩​ចំណុច ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ធនធានធម្មជាតិ​នៅ​កម្ពុជា​។ វិធានការ​នេះ គឺ​បន្ទាប់ពី​រដ្ឋាភិបាល​មើល​ឃើញថា មាន​បុគ្គល​មួយចំនួន បាន និង​កំពុង​ឆ្លៀតឱកាស​ប្រព្រឹត្ត​បទល្មើស​ធនធានធម្មជាតិ ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​នៅក្នុង​តំបន់​ការពារ និង​អភិរក្ស​ធម្មជាតិ​។​



​មុននឹង​បង្ហាញ​ពី​វិធានការ​ទាំងឡាយ ដែល​ត្រូវដាក់​ឲ្យ​អនុវត្តន៍ ដើម្បី​គ្រប់គ្រង​ធនធានធម្មជាតិ បានលើកឡើង​ពី​កិច្ច​ការដែល​រដ្ឋាភិបាល​បានធ្វើ ក្នុងការ​ការពារ​ធន​ធាន​ធម្មជាតិ​។  

​នៅក្នុង​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល ចុះ​ថ្ងៃទី ២២ ខែកញ្ញា ដែល​ចុះហត្ថលេខា​ដោយ​សម្តេចនាយក​មន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា រដ្ឋាភិបាល​បាន និង​កំពុង​ធ្វើកំណែទម្រង់​ស៊ីជម្រៅ លើ​ការគ្រប់គ្រង​ធនធានធម្មជាតិ ជាពិសេស​ទៅលើ​វិស័យ​ព្រៃ និង​ជលផល​។ កំណែទម្រង់​ទាំងនោះ មានដូចជា​ការជំរុញ​ឲ្យ​មាន​ការធ្វើ​វិសោធនកម្ម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ ការបែងចែក​ឡើងវិញ​នូវ​សមត្ថកិច្ច​ឲ្យ​បានច្បាស់លាស់ រវាង​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ថ្នាក់ជាតិ ព្រមទាំង​រវាង​ថ្នាក់ជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ជាដើម​។ ជាមួយគ្នា​នោះ រដ្ឋាភិបាល​បាន ផ្ទេរ និង​ប្រគល់ តំបន់​ការពារ និង​អ​ភ​រក្ស​ព្រៃឈើ​ទាំងអស់ ទៅ​ឲ្យ​ក្រសួងបរិស្ថាន​គ្រប់គ្រង ខណៈ​ឲ្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​គ្រប់គ្រង ជា​អ្នកគ្រប់គ្រង​តំបន់​វិនិយោគ​អភិវឌ្ឍន៍​សម្បទាន​សេដ្ឋកិច្ច​ទាំងអស់​វិញ រួមទាំង​បានដាក់​បញ្ចូល​តំបន់​ព្រៃឈើ​មួយចំនួន​បន្ថែមទៀត ឲ្យ​ក្លាយទៅជា​តំបន់ការពារធម្មជាតិ​។​

​ប៉ុន្តែ​ស្របពេល​នៃ​ការផ្ទេរ​ដែន​សមត្ថកិច្ច​គ្រប់គ្រង​តំបន់​ទាំងនេះ និង​ការជំរុញ​ឲ្យ​មាន​ការធ្វើ​វិសោធនកម្ម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នានា មាន​បុគ្គល​មួយចំនួន បាន និង​កំពុង​ឆ្លៀតឱកាស​ប្រព្រឹត្ត​បទល្មើស​ធនធានធម្មជាតិ នៅក្នុង​តំបន់​ការពារ និង​អភិរក្ស​ធម្មជាតិ​។ ដូច្នេះ​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ប្រសិទ្ធភាព នៃ​ការគ្រប់គ្រង​ធនធានធម្មជាតិ​ក្នុងដំណាក់កាល​នេះ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​វិធានការ​ចំនួន​៩​ចំណុច ដែលមាន​ដូចជា​

១. អភិបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមរយៈ​គណៈបញ្ជាការ​ឯកភាព នៃ​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​ដឹកនាំ សម្របសម្រួល​កម្លាំង​អធិការ ខណ្ឌ ផ្នែក សង្កាត់ រដ្ឋបាល​ព្រៃឈើ អធិការ​ខណ្ឌ ផ្នែក សង្កាត់រដ្ឋបាល​ជលផល មន្ទីរ​បរិស្ថាន និង​កងកម្លាំង​មាន​សមត្ថកិច្ច​នានា ដែល​ស្ថិតនៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ឲ្យ​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ នូវ​តួនាទី​ភារកិច្ច​របស់ខ្លួន សំដៅ​ពង្រឹង​សមត្ថកិច្ច និង​ការទទួលខុសត្រូវ​រប​ស់​គណៈបញ្ជាការ​ឯកភាព​គ្រប់​ថ្នាក់​ចំពោះ​រាជរដ្ឋាភិបាល​ក្នុងការ​គ្រប់គ្រង ការថែរក្សា និង​ការការពារ​ធនធានធម្មជាតិ ដោយ​ត្រូវ​ចាត់វិធានការ​ឲ្យ​បាន​ហ្មត់ចត់ ក្នុងការ​ទប់ស្កាត់ បង្ក្រាប និង​ការលុបបំបាត់​បទល្មើស​ធនធានធម្មជាតិ​គ្រប់​ប្រភេទ រួមទាំង​ការ​រុករាន​ដី​នៅក្នុង​តំបន់​ការពារ និង​អភិរក្ស​ធម្មជាតិ ដែល​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។​

២. អភិបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​បង្ក​លទ្ធភាព និង​លើកទឹកចិត្ត​ឲ្យ​សហគមន៍​មូលដ្ឋាន អង្គការ​សង្គម​ស៊ីវិល និង​អ្នកពាក់ព័ន្ធ​នានា​ចូលរួម​ទប់ស្កាត់ និង​លុបបំបាត់​បទល្មើស​ធនធាន​ធម្មជាតិ គ្រប់​ប្រភេទ​នៅក្នុង​តំបន់​ការពារ និង​អភិរក្ស​ធម្មជាតិ ដែល​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។ រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​នីមួយៗ ត្រូវ​រៀបចំ​កិច្ចប្រជុំ​ជាមួយ​ក្រុមប្រឹក្សាឃុំ សង្កាត់ តំណាង​អង្គការ​សង្គម​ប្រជុំ​តាម​ការចាំបាច់ ដើម្បី​ពិនិត្យ​ពិភាក្សា​អំពី​ស្ថានភាព​នៃ​ការគ្រប់គ្រង​ធនធានធម្មជាតិ និង​ដើម្បី​ចាត់វិធានការ​ជាក់ស្តែង​នានា ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព​។​

៣. ប្រគល់​សមត្ថកិច្ច​ដល់​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បី​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺង​មាត់ និង​ហ្មត់ចត់ ដូចជា​៖- គ្រប់គ្រង​រាល់​សិប្បកម្ម​កែច្នៃ និង​អាជីវកម្ម​ធនធាន​ព្រៃឈើ និង​ជលផល​ដែលមាន​ច្បាប់​អនុញ្ញាត ព្រមទាំង​ទប់ស្កាត់ និង​លុបបំបាត់​សិប្បកម្ម​កែច្នៃ និង​អាជីវកម្ម​ធនធាន​ព្រៃឈើ និង​ជលផល​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​។​

- ត្រួតពិនិត្យ និង​ចាត់វិធានការ​លុបបំបាត់​ការដឹកជញ្ជូន និង​ការ​ស្តុក​ឈើ​គ្រប់​ប្រភេទ ដែល​គ្មាន​ការអនុញ្ញាត​ត្រឹមត្រូវ​តាមច្បាប់ នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។​
- ចាត់វិធានការ​ទប់ស្កាត់ និង​លុបបំបាត់​ការនាំចេញ​ឈើ និង​ផលិតផល​កែច្នៃ​ពី​ឈើ​គ្រប់​ប្រភេទ ព្រមទាំង​សត្វព្រៃ​ដែល​គ្មាន​ការអនុញ្ញាត ទៅ​ក្រៅប្រទេស​តាម​ច្រកព្រំដែន និង​តាម​ច្រករបៀង​។​

- ដឹកនាំ សម្របសម្រួល​អធិការ ខណ្ឌ ផ្នែក សង្កាត់រដ្ឋបាល​ព្រៃឈើ អធិការ ខណ្ឌ ផ្នែក សង្កាត់រដ្ឋបាល​ជលផល មន្ទីរ​បរិស្ថាន និង​កម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងឡាយ ដើម្បី​ធានាបាន​នូវ​ការប្រើប្រាស់​កម្លាំង​សរុប និង​មធ្យោបាយ​ចាំបាច់​នានា ក្នុងការ​ថែរក្សា និង​ការពារ​ធនធានធម្មជាតិ ព្រមទាំង​ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​បទល្មើស នៅក្នុង​តំបន់​ការពារ និង​អភិរក្ស​ធម្មជាតិ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។​

- ធ្វើ​របាយការណ៍​បូកសរុប​ប្រចាំត្រីមាស ឬ​ធ្វើ​របាយការណ៍​ក្នុងករណី​ចាំបាច់ អំពី​ស្ថានភាព​នៃ​ការគ្រប់គ្រង​តំបន់​ការពារ និង​អភិរក្ស​ធម្មជាតិ​នានា ដែល​ស្ថិតនៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ជូន​ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដោយ​ត្រូវ​ចម្លងជូន​ក្រសួងមហាផ្ទៃ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។ ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ត្រូវ​ធ្វើការ​បូកសរុប​របាយការណ៍​ទាំងនេះ ដើម្បី​រាយការណ៍​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​។​

៤. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដោយមាន​រដ្ឋបាល​ព្រៃឈើ​ជា​សេនាធិការ ត្រូវ​ត្រួតពិនិត្យ និង​ពង្រឹង​ការគ្រប់គ្រង ការចេញលិខិត​អនុញ្ញាត​ដឹកជញ្ជូន​ផល និង​អនុផល​ព្រៃឈើ​គ្រប់​ប្រភេទ ដើម្បី​ទប់ស្កាត់ និង​លុបបំបាត់​ការដឹកជញ្ជូន និង​អនុផល​ព្រៃឈើ​ខុសច្បាប់​។​

៥. ក្រសួងបរិស្ថាន ដោយមាន​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ​ជា​សេនាធិការ ត្រូវ​ពង្រឹង​យន្តការ និង​ផ្តល់​កម្លាំង​គាំទ្រ​ដល់​គណៈ​បញ្ជា​ឯកភាព​នៃ​រដ្ឋបាល​គ្រប់​ថ្នាក់ ក្នុងការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។​

៦. រាល់​អន្តរាគមន៍​រប​ស់​អង្គភាព ឬ​បុគ្គល ដែល​គ្មាន​សមត្ថកិច្ច​លើ​ការដឹកជញ្ជូន​ផល និង​អនុផល​ព្រៃឈើ ត្រូវបាន​ហាមឃាត់​ជាដាច់ខាត ហើយនឹង​ត្រូវ​ទទួលខុស​ត្រូវ​ចំពោះមុខ​ច្បាប់​។​

៧. ក្រសួង ស្ថាប័ន និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​ផ្តល់​កិច្ចសហការ និង​គាំទ្រ​ដល់   គណៈបញ្ជាការ​ឯកភាព​នៃ​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងការ​អនុវត្ត​វិធានការ​ទាំងនេះ​។​

៨. ក្នុងករណី​ចាំបាច់ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី ខេត្ត អាច​ស្នើសុំ​កម្លាំង​អន្តរាគមន៍​ជាបន្ទាន់ មក​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។​

៩. រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ត្រូវ​ដឹកនាំ​កិច្ចប្រជុំ ត្រួតពិនិត្យ​ការងារ​គ្រប់គ្រង​ធនធានធម្មជាតិ​រៀងរាល់​ត្រីមាស​៕


Tag:
 ធនធានធម្មជាតិ​
 ​ ព្រៃឈើ​
  ​បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com