អន្តរជាតិ
រុស្ស៊ី​គំរាម​អាមេរិក ដោយ​ព្យូ​រ​សន្ធិសញ្ញា​ភ្លុ​យ​តូ​ញ៉ូ​ម​ផលិត​នុយក្លេអ៊ែរ​
04, Oct 2016 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បានសម្រេច​ចុះហត្ថលេខា​លើ​ក្រឹត្យ​មួយ​ដើម្បី​ព្យួរ​ការអនុវត្ត​សន្ធិសញ្ញា​ស្តីពី​ការបោះបង់ចោល​សារធាតុ​ភ្លុ​យ​តូ​ញ៉ូ​ម​(Plutonium)​សម្រាប់​ផលិត​អាវុធ​នុយក្លេអ៊ែរ​។​ប្រមុខរដ្ឋ​រុស្ស៊ី​អះអាងថា ការសម្រេចចិត្ត​នេះ​ធ្វើឡើង​ដើម្បី​ឆ្លើយតប​សកម្មភាព​បង្ករឿង​របស់​អាមេរិក​ប្រឆាំង​រុស្ស៊ី និង​ការមិន​បំពេញ​កាតព្វកិច្ច​ស្របតាម​សន្ធិសញ្ញា​អន្តរជាតិ​។​



​ក្រឹត្យ​មួយ​មាន​គោលដៅ​ផ្អាក​ការអនុវត្ត​សន្ធិសញ្ញា​ស្តីពី​ការបោះបង់​សារធាតុ​ភ្លុ​យ​តូ​ញ៉ូ​ម ត្រូវបាន​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ចុះហត្ថលេខា​ផ្ទាល់ដៃ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​។ តែ​ការអនុវត្ត​កិច្ចព្រមព្រៀង​ដែល​អនុវត្តបាន ១៦​ឆ្នាំ​មកនេះ បើសិនជា​អាមេរិក​បំពេញ​តាម​លក្ខខណ្ឌ​ដែល​រដ្ឋាភិបាល​រុស្ស៊ី​កំណត់​ឲ្យ​។​

​ស្របពេល​រុស្ស៊ី​សម្រេច​ព្យួរ​ការអនុវត្ត​កិច្ចព្រមព្រៀង​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​នេះ  ប្រធានាធិបតី​រុស្ស៊ី​បាន​ពន្យល់ថា ការសម្រេច​ផ្អាក​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ​ជាការ​ឆ្លើយតប​ចំពោះ​សកម្មភាព​បង្ករឿង​របស់​ក្រុង​វ៉ាស៊ីនតោន​, ការមិន​បំពេញ​កាតព្វកិច្ច​តាម​ការកំណត់​ក្នុង​សន្ធិសញ្ញា និង​ការបន្ត​គំរាមកំហែង​សន្តិសុខ​និង​ស្ថិរភាព​រុស្ស៊ី​។​

​ក្រោម​អំណាច​នៃ​សន្ធិសញ្ញា​ឆ្នាំ ២០០០ នេះ រុស្ស៊ី និង​អាមេរិក​ត្រូវ​បោះបង់ចោល​សារធាតុ ភ្លូ​យ​តូ​ញ៉ូ​ម​ចំនួន ៦៨​តោន​(៣៤​តោន​សម្រាប់​ភាគី​នីមួយៗ​) ហើយ​វា​ជា​ផ្នែក​មួយ​នៃ​ការជំរុញ​ឲ្យ​មានការ​កាត់បន្ថយ​អាវុធ​នុយក្លេអ៊ែរ​ផងដែរ​។

​យោងតាម​ក្រសួងការបរទេស​អាមេរិក សារធាតុ​ភ្លុ​យ​តូ​ញ៉ូ​ម ៦៨ តោន គ្រប់គ្រាន់​សម្រាប់​ផលិត​អាវុធ​នុយក្លេអ៊ែរ​បាន ១៧០០០ ។ កាលពី​ខែមេសា​កន្លងទៅ​រដ្ឋាភិបាល​រុស្ស៊ី​បាន​ចោទថា អាមេរិក​មិនបាន​បំពេញភារកិច្ច​បំផ្លាញ​សារធាតុ​ភ្លុ​យ​តូ​ញ៉ូ​ម ហើយ​បន្ត​ប្រើប្រាស់​សារធាតុ​ភ្លុ​យ​តូ​ញ៉ូ​ម​ក្នុង​អាវុធ​នុយក្លេអ៊ែរ​ទៀត ខណៈដែល​រុស្ស៊ី​ព្យាយាម​គោរព​តាម​ចំណុច​ដែល​មានចែង​ក្នុង​កិច្ចព្រមព្រៀង​។​

​ដោយឡែក យោងតាម​ក្រឹត្យ​ដែល​លោក ពូ​ទីន ចុះហត្ថលេខា​កាលពី​ថ្ងៃ​ចន្ទ គេ​ឃើញ​មានការ​កំណត់​លក្ខខណ្ឌ​ជាច្រើន​ផងដែរ មុននឹង​កិច្ចព្រមព្រៀង​នេះ​ត្រូវអនុវត្ត​ឡើងវិញ​។ រុស្ស៊ី​បាន​តម្រូវ​ឲ្យ អាមេរិក​ធ្វើយ៉ាងណា​បន្ថយ​ចំនួន​កងទ័ព​និង​រចនាសម្ព័ន្ធ​យោធា​ដែល​មាននៅ​ប្រទេស​នានា​ដែល​ចូល​ជា​សមាជិក​ណា​តូ​នៅក្រោយ​ថ្ងៃ ១​កញ្ញា​ឆ្នាំ ២០០០​។ ហើយ​មួយទៀត​រុស្ស៊ី​ក៏​ទាមទារ​ឲ្យ​អាមេរិក​ដក​ទណ្ឌកម្ម​ទាំងអស់​ប្រឆាំង​ខ្លួន និង​សំណង​ជំងឺ​ចិត្ត​ចំពោះ​រាល់​ការខូចខាត​ទាំងអស់​ដែល​បណ្តាលមកពី​ទណ្ឌ​កម្មនេះ​។​

​តាមពិតទៅ​ទណ្ឌកម្ម​ជាច្រើន​ជំហាន​ត្រូវបាន​ដាក់ចេញ​ដោយ​អាមេរិក​និង​បណ្តា​ប្រទេស​អឺរ៉ុប​ដើម្បី​ប្រឆាំង​រុស្ស៊ី​ក្រោយ​រុស្ស៊ី​ឈ្លានពាន​អ៊ុយ​ក្រែ​ន​នៅក្នុង​ឆ្នាំ ២០១៤ និង​ការបន្ត​គាំទ្រ​ក្រុម​ឧទ្ទាម​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។​

​តាមពិតទៅ កាលពី​ថ្ងៃ​ចន្ទ​នេះដែរ អាមេរិក​ក៏បាន​ប្រកាស​បញ្ចប់​រាល់​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​ពាក់ព័ន្ធ​ការអន្តរាគមន៍​នៅ​ស៊ី​រី ពោលគឺ​គ្មាន​ការជជែក​គ្នា​ឡើយ​ជុំវិញ​បញ្ហា​ស៊ី​រី​រវាង​មហាអំណាច​ទាំងពី​។ សកម្មភាព​ទាំងនេះ​បញ្ជាក់​ឲ្យ​ឃើញថា ទំនាក់ទំនង​ទ្វេភាគី​រវាង​មហាអំណាច​ទាំងពីរ​កំពុង​ធ្លាក់ចុះ​និង​តានតឹង​ខ្លាំង​ពោលគឺ​ទាប​ជាង​កម្រិត​ទំនាក់ទំនង​ដែលមាន​នៅ​សម័យ​សង្គ្រាមត្រជាក់​ថែមទៀត​៕


Tag:
 ​វ្ល៉ា​ឌី​មៀ ពូ​ទីន​
  សន្ធិសញ្ញា​ភ្លុ​យ​តូ​ញ៉ូ​ម
© រក្សាសិទ្ធិដោយ thmeythmey.com