ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្រពេញ​អា​មី​ដាស​រលាក អាចមាន​អាកា​រៈ​ដូច​ឈឺបំពង់ក​ដែរ​
23, Oct 2016 , 12:30 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ផ្នែក​ខាងក្រោយ​នៃ​បំពង់ក មាន​ដុំ​សាច់​ជាលិកា​ពីរ​ដុំ​ទាំងសងខាង​ដែលមាន​ឈ្មោះថា ក្រពេញ​អា​មី​ដាស ឬ Tosils ដែល​ដើរតួនាទី​ជា​អ្នក​ច្រោះ​មេរោគ ចាំ​ចាប់​មេរោគ​ដែល​ចង់​ចូលដល់​ផ្លូវដង្ហើម និង​បង្ក​រោគ​។ វា​ក៏​ជួយ​ផលិត​អង់ទីគ័រ​ដើម្បី​ប្រឆាំងនឹង​ការបង្ក​រោគ​ដែរ​។ ប៉ុន្តែ​ពេលខ្លះ​ក្រពេញ​នេះ​ខ្លួនឯង​រង​ការបង្ក​រោគ​ដែរ​។ កាលណា​មានការ​លុកលុយ​នៃ​បាក់តេរី ឬ​វីរុស​ច្រើនពេក វា​អាច​ទៅជា​ហើម និង​រលា​កបាន​។​



​ជំងឺ​រលាក​ក្រពេញ​អា​មី​ដាស​ច្រើនតែ​កើតមាន​ជា​ញឹកញាប់​លើ​កុមារ និង​ឧស្សាហ៍​កើតមាន​ម្តង​ហើយ​ម្តងទៀត​ដែរ​។ ចំពោះ​មូលហេតុ​របស់​វា​វិញ​អាចជា​បាក់តេរី និង​វីរុស​។​

​ចំពោះ​រោគសញ្ញា​សំខាន់ៗ​នៃ​ជំងឺ​រលាក​ក្រពេញ​អា​មី​ដាស​នេះ​វិញ​ក្រៅពី​ហើម និង​រលាក និង​ពេលខ្លះ​អាច​ស្ទះ​ដល់​ផ្លូវដង្ហើម​ទៀត​នោះ វា​ក៏មាន​អាកា​រៈ​បន្ថែមទៀត​ដែរ​ដូចជា​៖

•    ឈឺ​នៅ​បំពង់ក​
•    ក្រពេញ​អា​មី​ដាស​នេះ​ទៅជា​ក្រហម​
•    ក្រពេញ​អា​មី​ដាស​ទៅជា​ស្រោម​ទៅដោយ​កំន​កសៗ ឬ​លឿង​
•    មាន​ដំបៅ ឬ​ពងបែក​ក្នុង​បំពង់ក ដែល​ឈឺ​ខ្លាំង​
•    ឈឺក្បាល​
•    មិន​ឃ្លាន​អាហារ​
•    ឈឺ​ត្រចៀក​
•    ពិបាក​លេប​អាហារ ឬ​ត្រូវការ​ដកដង្ហើម​តាម​មាត់​
•    ហើម​កូនកណ្តុរ​នៅ​បំពង់ក​
•    ក្តៅខ្លួន ឬ​គ្រុន​
•    មាត់​មាន​ក្លិនស្អុយ​

​ចំពោះ​ក្មេងៗ​វិញ អាចមាន​អាកា​រៈ​ដូចជា​៖
•    ចង្អោ​
•    ក្អួត​
•    ឈឺពោះ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com