កីឡាជាតិ
ជាតិ
កីឡា​ជាតិ​លើកទីមួយ​ធ្វើ​ឲ្យ​សុបិន​លោក តូ រិទ្ធី​យ៉ា ក្លាយជា​ការពិត​
25, Oct 2016 , 1:56 pm        
រូបភាព
ដោយ:
​លោក តូ រិទ្ធី​យ៉ា អតីត​កីឡាករ​ម៉ារ៉ាតុន​ក្នុង​ទសវត្សរ៍​៨០ ជា​បេក្ខភាព​ម្នាក់​ដែល​ត្រូវ​រត់​ភ្លើង​គប់​បើក​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១ នា​យប់​ថ្ងៃទី​២៨ ខែតុលា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ អតីត​កីឡាករ​ម៉ារ៉ាតុន​រូបនេះ​បាន​បញ្ជាក់ថា ការរត់​ភ្លើង​គប់​តំណាង​ប្រទេសជាតិជា​ក្តី​ស្រមៃ​តាំងពី​លោក​បានបញ្ចប់​អាជីព​ជា​កីឡាករ​ម៉ារ៉ាតុន​។​



​លោក តូ រិទ្ធី​យ៉ា អតីត​កីឡាករ​ម៉ារ៉ាតុន​ក្នុង​ទសវត្សរ៍​៨០ និង​៩០​បានសម្រេច​គោលបំណង​ដែល​បាន​ទ​ន្ទឹ​ង​រង់ចាំ​អស់​រយៈពេល​ជាង​២០​ឆ្នាំ ដោយ​លោក​ត្រូវបាន​ថ្នាក់​ដឹក​កីឡា​ជ្រើសរើស​ឲ្យ​កាន់​ភ្លើង​គប់​រត់​ក្នុង​ថ្ងៃ​បើក​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១​ជា​ប្រវត្តិសាស្ត្រ នា​យប់​ថ្ងៃទី​២៨ ខែតុលា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ បច្ចុប្បន្ន​លោក​ជា​នាយក​ផ្នែក​បណ្តុះបណ្តាល​នៃ​វិទ្យាស្ថាន​អប់រំ​កាយ និង​កីឡា​។​

​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មី​ក្នុង​ថ្ងៃ​សម្តែង​សាកល្បង​កាលពី​ថ្ងៃទី​២៣ ខែតុលា លោក តូ រិទ្ធី​យ៉ា បាន​បញ្ចាក់​យ៉ាង​ដូច្នេះ​ថា​៖«​សម្រាប់​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​យ៉ាងខ្លាំង ដោយសារ​ខ្ញុំ​ទន្ទឹងរង់ចាំ​កាន់​ភ្លើង​គប់​ហ្នឹង ក្រោយពី​ខ្ញុំ​បានបញ្ចប់​អាជីព​ជា​កីឡាករ​ម៉ារ៉ាតុន​។ ប៉ុន្តែ​ថ្ងៃនេះ​គឺជា​ថ្ងៃមួយ​ដែល​ខ្ញុំ​មាន​មោទកភាព​សម្រាប់​ជាតិ ហើយ​ខ្ញុំ​មាន​សេចក្តី​សប្បាយរីករាយ​ណាស់​ដែល​បាន​ចូលរួម​កាន់​ភ្លើង​គប់​»​។ 

​នាយក​ផ្នែក​បណ្តុះបណ្តាល​នៃ​វិទ្យាស្ថាន​អប់រំ​កាយ និង​កីឡា​រូបនេះ​យល់ឃើញថា ការរៀបចំ​ការប្រកួត​កីឡា​ជាតិ​នេះ មាន​សារសំខាន់​ណាស់​សម្រាប់​កម្ពុជា ដើម្បី​ចម្រាញ់​ជ្រើសរើស​ធនធាន​កីឡាករ និង​មន្ត្រី​បច្ចេកទេស​ដែលមាន​សមត្ថភាព និង​បច្ចេកទេស សម្រាប់​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​។​

​អតីត​កីឡាករ​ម៉ារ៉ាតុន​ជើងចាស់​វ័យ​៥៦​ឆ្នាំ​រូបនេះ​បាន​ឲ្យ​ដឹង​ទៀតថា ឆ្លងកាត់​បទពិសោធន៍​នៃ​ការ​ប្រឡូក​ក្នុង​វិស័យ​កីឡា​ម៉ារ៉ាតុន​លោក​ធ្លាប់​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ជាច្រើន​ដូចជា Olympic Games, Asia Games និង ASEAN Games​។ ប៉ុន្តែ​លោក​មិន​ធ្លាប់​ទទួលបាន​មេដាយ​ពី​ព្រឹត្តិការណ៍​នោះទេ តែ​អ្វីដែល​លោក​កត់សម្គាល់​គឺ​សមត្ថភាព និង​បច្ចេកទេស​មានការ​រីក​ចម្រើន​ខ្លាំង​។

​លោក តូ រិទ្ធី​យ៉ា បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡា​ម៉ារ៉ាតុន​នៅ​ឆ្នាំ​១៩៧៩ ក្រោយពី​ហ្វឹកហាត់​អស់​រយៈពេល​៤​ឆ្នាំ​លោក​ត្រូវបាន​ជ្រើសរើស​ជា​កីឡាករ​ជម្រើសជាតិ​តាំងពី​ឆ្នាំ​១៩៨៣ ដល់​ឆ្នាំ​១៩៨៩​។

​សម្រាប់​ការរត់​ភ្លើង​គប់​បើក​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១​នេះ ក្រៅពី​លោក តូ រិទ្ធី​យ៉ា នៅមាន​កីឡាករ និង​អតីត​កីឡាករ​ជើងចាស់​ឆ្នើមៗ​៨​រូប​ផ្សេងទៀត​រួមមាន លោក កែវ ថុ​ន​, លោក អៀ​ត គឹម​ហេង​, លោក ប៉ែន ផាត​, លោក សោម សារ៉ន​, កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម​, ចាន់ វឌ្ឍនាកា​, កីឡាការិនី កែ ឡេង និង​កីឡាការិនី ស៊ន សៀវ​ម៉ី​។

​គួរ​បញ្ជាក់ថា ការប្រកួត​កីឡា​ជាតិ លើក​ទី​១ ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២៥ ខែតុលា នេះ ដល់​ថ្ងៃទី​៥ ខែវិច្ឆិកា មាន​អត្ត​ព​លិ និង​ប្រតិភូ​២៧០០​នាក់ និង​មន្ត្រី​បច្ចេកទេស​ដាក់​ឲ្យ​បម្រើការ​មាន​ចំនួន​៥៤៨​នាក់ ក្នុងការ​ប្រកួត​នៅលើ​ប្រភេទ​កីឡា​ចំនួន​១៥ ដោយមាន​១៨៩​វិញ្ញាសា​៕


Tag:
 កីឡា​ជាតិ​លើក​ទី​១
  តូ រិទ្ធី​យ៉ា​
  ប៉ែន ផាត​
  កែ ឡេង
© រក្សាសិទ្ធិដោយ thmeythmey.com