ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ​តម្រូវ​ឲ្យ​ឯកឧត្តម សម រង្ស៊ី បង់ប្រាក់​២៥​លាន​រៀល ព្រោះ​ចោទ​សម្តេច ហ៊ុន សែន ថា​ទិញ​like ក្លែងក្លាយ​
08, Nov 2016 , 3:47 pm        
រូបភាព
លោក សោម សឿន ដែលជាដើមបណ្តឹង បានផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន ក្រោយចាកចេញពីបន្ទប់សវនាការនៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ២០១៦នេះ។
លោក សោម សឿន ដែលជាដើមបណ្តឹង បានផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន ក្រោយចាកចេញពីបន្ទប់សវនាការនៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ២០១៦នេះ។
​ភ្នំពេញ​៖ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឲ្យ​ឯកឧត្តម សម រង្ស៊ី ចាញ់ក្តី​ក្នុង​សំណុំរឿង «​បរិហារកេរ្តិ៍​ជា​សាធារណៈ​» ដែល​ប្តឹង​ដោយ​លោក សោម សឿន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​។ តាមរយៈ​ការប្រកាស​សាលក្រម​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ មិនបាន​ផ្តន្ទាទោស​ឯកឧត្តម សម រង្ស៊ី ឲ្យជាប់ពន្ធនាគារ​នោះទេ តែ​តម្រូវ​ឲ្យ​មេបក្ស​ប្រឆាំង​រូបនេះ បង់ប្រាក់​ចំនួន​១០​លាន​រៀល ចូល​រដ្ឋ និង​១៥​លាន​រៀល ឲ្យ​ទៅ​ដើមបណ្តឹង​។



​លោក សោម សឿន បាន​យកសារ​របស់​ឯកឧត្តម សម រង្ស៊ី ដែល​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ធ្វើជា​អង្គហេតុ ក្នុងការ​ប្តឹង​។ កាលពី​ថ្ងៃទី​៩ ខែ​មិនា ឆ្នាំ​២០១៦ ឯកឧត្តម សម រង្ស៊ី បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា សម្តេច ហ៊ុន សែន បាន​បញ្ជា​មន្ត្រីក្រោមឱវាទ ឲ្យ​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ ដើម្បី​យកទៅ​ចុក like លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន​។

​ដោយឡែក ឯកឧត្តម សម រង្ស៊ី ដែល​កំពុង​រស់នៅ​ឯប​រទេស​ឯណោះ​វិញ មិនបាន​ភ័យព្រួយ​នឹង​បណ្តឹង​ខាង​នោះទេ​។ ឯកឧត្តម សម រង្ស៊ី ថែមទាំង​បង្ហោះ​សារ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃ​អង្គារ​នេះ​ថា​៖«​ខ្ញុំ​មិន​ខ្វល់​ពី​ពាក្យបណ្តឹង​នេះ​ទេ​ហើយ​ខ្ញុំ​នៅតែ​ហ៊ាន​អះអាងថា​លោក ហ៊ុន សែន ប្រើ​មន្ត្រី​និង​បុគ្គលិក​ក្រោម​ឱវាទ​គាត់ ឲ្យ​បង្កើត​គណនី Facebook ក្លែងក្លាយ ដើម្បី​ផ្តល់ Like​ក្លែងក្លាយ​ឲ្យ​ទៅ​ទំព័រ Facebook របស់គាត់​ហើយ​គាត់​ក៏បាន​ទិញ "Like" ក្លែងក្លាយ យ៉ាង​សន្ធឹកសន្ធាប់​ពី​ច្រើន​ប្រទេស​ទូទាំង​ពិភពលោក ដើម្បី​បង្អួត​ពី​ប្រជាប្រិយភាព​ក្លែងក្លាយ​របស់គាត់​។ [......] »​។

​នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ កាត់ទោស​ឯកឧត្តម សម រង្ស៊ី​។ កាលពី​ប៉ុន្មាន​ខែ​មុន សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កាត់ទោស​ឯកឧត្តម សម រង្ស៊ី ម្តង​រួចទៅហើយ ក្រោម​បទ​ចោទ​«​បរិហារ​កេ​រ្ត៍​ជា​សាធារណៈ​» ដែល​ប្តឹង​ដោយ​លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​។ ក្នុង​សំណុំរឿង​ដែល​ប្តឹង​ដោយ​លោក​ហោ ណាំហុង សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្ទ​ន្ទា​ទោស​ឯកឧត្តម សម រង្ស៊ី ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨​លាន​រៀល​៕


Tag:
 សម រង្ស៊ី​
  តុលាការ​
  កាត់ទោស
© រក្សាសិទ្ធិដោយ thmeythmey.com