អន្តរជាតិ
លោក ពូ​ទីន ប្រកាស​សងសឹក ក្រោយ​ការធ្វើឃាត​អគ្គរដ្ឋទូត​រុស្សី​នៅ​តួ​ក​គី​
20, Dec 2016 , 9:23 am        
រូបភាព
លោក Andrey Karlov ទូតរុស្ស៊ី ប្រចាំតួកគី ដែលត្រូវ​បាន​គេធ្វើឃាត
លោក Andrey Karlov ទូតរុស្ស៊ី ប្រចាំតួកគី ដែលត្រូវ​បាន​គេធ្វើឃាត
​ប្រធានាធិបតី​រុស្សី វ៉្លាឌី​មៀ ពូ​ទីន បាន​សន្យា​បង្កើន​យុទ្ធនាការ​កម្ទេច​ក្រុម​ភេរវ​ករ​ជ្រុលនិយម ក្រោយ​អគ្គរដ្ឋទូត​រុស្សី​ប្រចាំ​តួ​ក​គី​ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នៅ​ថ្ងៃទី​១៩ ខែធ្នូ​។ មិន​ត្រឹមតែ​សន្យា​កម្ទេច​ក្រុម​ភេរ​វករ​ឡើយ លោក ពូ​ទីន ក៏​ប្រកាស​ស្វែងរក​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ខ្មាន់កាំភ្លើង ដែល​លោក​អះអាងថា មានបំណង​ធ្វើ​ឲ្យ​ខូចខាត​ទំនាក់ទំនង​រវាង​រុស្សី និង​តួ​ក​គី ក៏ដូចជា​ដំណើរការ​ស្វែងរក​សន្តិ​ភាព​នៅ​ស៊ី​រី​ផងដែរ​។​



​ភ្លាមៗ​បន្ទាប់ពី​ការធ្វើឃាត​លើ​លោក Andrey Karlov អគ្គរដ្ឋទូត​រុស្សី​ប្រចាំ​ក្រុង​អង់កា​រ៉ា ប្រធានាធិបតី  វ៉្លាឌី​មៀ ពូ​ទីន បាន​ហៅ​សកម្មភាព​នេះ​ជា «​ការបង្ក​ហេតុ​» យ៉ាង​ជាក់ច្បាស់ ដែល​ចង់​បំផ្លាញ​ដំណើរការ​ប្រក្រតី​នៃ​ទំនាក់ទំនង​រុស្សី​-​តួ​ក​គី និង​ការចរចា​សន្តិភាព​សម្រាប់​ស៊ី​រី​។ លោក ពូ​ទីន បានបញ្ជាក់​ដូចនេះ​ក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ​ដែល​ចូលរួម​ដោយ​មន្ត្រីជាន់ខ្ពស់​ទទួល​បន្ទុក​សន្តិសុខ​ជាតិ និង​រដ្ឋមន្ត្រីការបរទេស​ផងដែរ​។​

​ក្នុង​កិច្ចប្រជុំ​បន្ទាន់​នោះ លោក ពូ​ទីន បាន​និយាយថា ឃាតកម្ម​នេះ គឺជា​សកម្មភាព​បង្កហេតុ ក្នុង​គោលដៅ​បំបែកបំបាក់​ទំនាក់ទំនង​ទ្វេភាគី​រុស្សី​-​តួ​ក​គី និង​បង្អាក់​ការស្វែងរក​ដំណោះស្រាយ​សម្រាប់​ស៊ី​រី ដែល​រុស្សី តួ​ក​គី អ៊ីរ៉ង់ ព្រមទាំង​ប្រទេស​ដទៃទៀត​កំពុង​ព្យាយាម​ដោះស្រាយ​។ លោក​បន្តថា ការឆ្លើយតប​តែមួយគត់​របស់​រុស្សី​លើ​សកម្មភាព​នេះ គឺ​ការបង្កើន​ការប្រយុទ្ធប្រឆាំង​ភេរវកម្ម​។​

​បើតាម​សារព័ត៌មាន RT ប្រធានាធិបតី​រុស្សី​រូបនេះ​បញ្ជាក់ដែរថា គណៈកម្មាធិការ​ស៊ើបអង្កេត​របស់​រុស្សី បានចាប់ផ្ដើម​ការងារ​របស់ខ្លួន​ហើយ​។ លោក​ក៏បាន​និយាយ​ទូរ​សព្ទ​ជាមួយ​ប្រធានាធិបតី​តួ​ក​គី Recep Tayyip Erdogan លើ​រឿងនេះ ហើយ​តួ​ក​គី​នឹង​សហការ​ជាមួយ​រុស្សី​ដើម្បី​ស៊ើបអង្កេត​ករណីនេះ​ដែរ​។ លោក ពូ​ទីន បញ្ជាក់​ច្បាស់​ថា​៖ «​យើង​ត្រូវ​ស្វែងរក​អ្នករៀបចំ​ឃាតកម្ម​នេះ និង​អ្នកបញ្ជា​ជនដៃដល់​ផងដែរ​»​។​

​រដ្ឋមន្ត្រី​​មហាផ្ទៃ​តួ​ក​គី Suleyman Soylu និយាយ​ដែរ​ថា ខ្មាន់កាំភ្លើង​ដែល​បាញ់​អគ្គរដ្ឋទូត​រុស្សី​នៅ​ពិព័រណ៍​រូបថត​ក្នុង​ក្រុង​អង់កា​រ៉ា​មាន​ឈ្មោះថា Mevlut Mert Altintas ជា​ប៉ូលិស​បង្ក្រាប​កុបកម្ម​។ ការធ្វើឃាត​លើ​អគ្គរដ្ឋទូត​រុស្សី​នេះ គឺ​ពិតជា​ជាប់​ពាក់ព័ន្ធ​នឹង​ស្ថានភាព​នៅ​ស៊ី​រី​។ សារព័ត៌មាន​តួ​ក​គី​ផ្សាយ​ថា ក្នុង​ហេតុការណ៍​បាញ់សម្លាប់​លោក Andrey Karlov ខ្មាន់កាំភ្លើង​បាន​ស្រែកថា អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ជម្លោះ​នៅ​ស៊ី​រី នឹងត្រូវ​ស្លាប់​ម្ដងម្នាក់ៗ​។​

​លោក Andrey Karlov បាន​បាត់​បង់ជីវិត​ដោយសារតែ​រងរបួស​ធ្ងន់​ធ្ង​រ​ពេក ដ្បិត​ខ្មាន់កាំភ្លើង​បាញ់​រូបលោក​ជាច្រើន​គ្រាប់​។ ចំណែក​ជនដៃដល់​វិញ ក៏ត្រូវ​រាយការណ៍​ថា បាន​បាត់​បង់ជីវិត​ក្នុងការ​បាញ់​តដៃ​ជាមួយ​ប៉ូលិស​បាញ់​។ គេ​ក៏​មិនទាន់​ដឹងថា ជនដៃដល់​ដែលជា​ប៉ូលិស​នេះ មាន​ទំនាក់​ទំនងជា​ក្រុម​ភេរវកម្ម​ណាមួយ​ដែរ​៕


Tag:
 ​រុស្សី​
  តួ​ក​គី​
  វ្ល៉ា​ឌី​មៀរ ពូ​ទីន​
© រក្សាសិទ្ធិដោយ thmeythmey.com