ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឥស្សរជន​នយោបាយ អ្នកសិល្បៈ និង​មនុស្ស​ល្បីៗ​ដែល​បាត់​បង់ជីវិត​នៅ​ឆ្នាំ​២០១៦
01, Jan 2017 , 9:30 am        
រូបភាព
ព្រឹទ្ធាចារ្យ ឆេង ផុន លោក មិន ឃិន លោក សាយ ភូ​ថង លោក ប៉ែន សុវណ្ណ លោក ថេ​ង ប៊ុន​ម៉ា លោក គ​ង្គ ប៊ុន​ឈឿន លោក ការ សា​វុ​ត្ថ លោក កែម ឡី លោក សេក បរិសុទ្ធ ឬ​អ្នកស្រី ភួង ផល្លី ជាដើម សុទ្ធតែជា​ធនធានមនុស្ស​ដ៏​សំខាន់​របស់​កម្ពុជា ដែល​បានទទួល​មរណភាព​នៅ​ក្នុង​ឆ្នាំ​២០១៦ ។​



សារព័ត៌មាន​ថ្មីៗ សូម​ដកស្រង់​ឈ្មោះ​អតីត​ថ្នាក់ដឹកនាំ ឥស្សរជន​នយោបាយ អ្នកសិល្បៈ និង​អ្នក​ដែល​បម្រើ​សង្គម​ផ្សេង​ដែល​បានទទួល​មរណភាព​នា​រយៈពេល​១២​ខែ​កន្លងមកនេះ​៖

 
​ឥស្សរជន​នយោបាយ និង​ជា​អតីត​ថ្នាក់ដឹកនាំ៖
-​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉េង ប៉ាត់ សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ស្វាមី​របស់លោក​ស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ទទួលមរណភាព កាល​ថ្ងៃទី​២ មីនា ក្នុង​អាយុ​៦៦​ឆ្នាំ ដោយ​រោគាពាធ នៅ​រាជធានី​ភ្នំពេញ​។​

-​លោក សាយ ភូ​ថង សមាជិក​គណៈអចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អតីត​អនុប្រធាន​ក្រុមប្រឹក្សារដ្ឋ បានទទួល​មរណភាព​កាលពី​ថ្ងៃទី​១៣ ខែមិថុនា នេះ ដោយ​រោគាពាធ​ក្នុង​អាយុ​៩៦​ឆ្នាំ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។​

-​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ភឿន អតីត​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​អគ្គលេខាធិការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ធ្វើ​មរណកាល នៅ​ថ្ងៃ ទី​១៣ ខែសីហា ឆ្នាំ​២០១៦ ដោយ​រោគាពាធ នៅ រាជធានី​ភ្នំពេញ​។​

-​លោក មិន ឃិន ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា បានទទួល​មរណភាព​កាលពី​ថ្ងៃទី​៩ ខែកញ្ញា នៅ​គេហដ្ឋាន​ខ្លួន​ក្នុង​សង្កាត់​បឹង​កេងកង​១  ក្រោយ​បញ្ជូន​ពី​មន្ទីរពេទ្យក្រុង​បាងកក ប្រទេស​ថៃ ក្នុង​អាយុ​៧៨​ឆ្នាំ​។​

-​លោក រុង ផ្លា​ម​កេស​ន ទីប្រឹក្សា​ផ្ទាល់​សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​ជា​អតីត​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​១ ហើយ​ជា​អតីត​អភិបាល​ខេត្តកោះកុង ដែល​បានទទួល​មរណភាព កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៦ ក្នុង​ជន្មាយុ​៨៤​ឆ្នាំ ដោយ​ជរាពាធ នៅ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។​

-​លោក ប៉ែន សុវណ្ណ អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្តកំពង់ស្ពឺ និង​ជា​អតីត​នាយករដ្ឋមន្ត្រី បានទទួល​មរណភាព​នៅ​ថ្ងៃទី​២៩ ខែតុលា​ឆ្នាំ​២០១៦​នេះ ក្នុង​អាយុ​៨០​ឆ្នាំ ដោយ​រាគា​ពាធ​នៅ​គេហដ្ឋាន​របស់ខ្លួន​ក្នុង​ខេត្តតាកែវ​។​

- លោក​បណ្ឌិតសភា​ចា​រ្យ ខៀវ ថវិកា ទីប្រឹក្សា​រដ្ឋាភិបាល និង​ជា​អតីត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​រុស្ស៊ី បានទទួល​មរណភាព​នៅ​ថ្ងៃទី ២១ ខែធ្នូ ដោយសារ​ជំងឺ​ប្រចាំកាយ​។ លោក​ជា​ប្អូនប្រុស​របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។​


- ព្រឹទ្ធាចារ្យ ទេព​បញ្ញា​កោសល្យ​វិជ្ជា ឆេង ផុន អតីតរដ្ឋមន្ត្រី​ក្រសួង​ឃោសនាការ និង​វប្បធម៌ អតីត​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ជា​ស្ថាបនិក​មជ្ឈមណ្ឌល​វប្បធម៌ និង​វិបស្សនា បានទទួល​មរណភាព​នៅ​ថ្ងៃទី​២២ ខែធ្នូ ដោយសារ​រោគាពាធ ក្នុង​ជន្មាយុ​៨៦​ឆ្នាំ ។ លោក​ជា​ឪពុកក្មេក​របស់លោក​ស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​

-​សម្តេច ស៊ីសុវត្ថិ ជីវ័ន​មុនី​រ័ក្ស អតីត​អនុប្រធាន​ទី​១​ព្រឹទ្ធសភា និង​ជា​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ បាន​សុគត​ក្នុង​ព្រះជន្ម​៨០​វស្សា កាលពី​ថ្ងៃ​ពុធ ទី​២៨ ខែធ្នូ ឆ្នាំ​២០១៦ ។ សម្តេច ស៊ីសុវត្ថិ ជីវ័ន​មុនី​រ័ក្ស  ជា​បុត្រា​របស់​អតីតព្រះមហាក្សត្រ ស៊ីសុវត្ថិ មុនី​វង្ស (​សោយរាជ្យ​ពី​ឆ្នាំ​១៩២៧ ដល់​ឆ្នាំ​១៩៤១) ។

​បុគ្គល​ល្បីៗ​៖
-​លោក​ឧកញ៉ា ថេ​ង ប៊ុន​ម៉ា អគ្គនាយក​ក្រុមហ៊ុន​ថៃ​ប៊ុន​រ៉ុង បានទទួល​មរណភាព​កាលពី​ថ្ងៃទី​១៧ ខែមិថុនា ដោយ​ជរាពាធ​ក្នុង​ជន្មាយុ ៧៥​ឆ្នាំ​។ លោក​ជា​បុគ្គល​ដ៏​មានឈ្មោះ​ម្នា​ក់នៅ​កម្ពុជា ដោយ​លោក​បាន​បន្សល់​មរតក​ជាច្រើន ដូចជា​ក្រុមហ៊ុន​ថៃ​ប៊ុន​រ៉ុង ធនាគារ​មេគង្គ​កម្ពុជា សណ្ឋាគារ Intercontinental Hotel Phnom Penh និង​គម្រោង​អគារ​ពាណិជ្ជកម្ម​មួយចំនួន​។​

-​បណ្ឌិត កែម ឡី ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់ប្រហារ កាលពី​ព្រឹក​ថ្ងៃទី​១០ កក្កដា នៅក្នុង​ហាង​ស្តារ​ម៉ា​ត កាល់​តិច ស្តុ​ប​បូកគោ​។ លោក​ជា​អ្នកវិភាគ​សង្គម​ដ៏​ល្បីល្បាញ​មួយរូប​។


-​លោក គ្រី​ស្យ​ង់ ហ្គោ​កឺ​ឡាំង ដេ​ប៉ា​លី​យ៉ែ​រ (Christian GAUQUELIN des PALLIERES) ជនជាតិ​បារាំង ហៅ Papi ដែលជា​ស្ថាបនិក​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE) បានទទួល​មរណភាព​ដោយ​រោគាពាធ​នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ ក្នុង​ជន្មាយុ​៨២​ឆ្នាំ​។ លោក គ្រី​ស្យ​ង់ និង​ភរិយា Marie-France បាន​បង្កើត​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE) តាំងពី​ឆ្នាំ​១៩៩៥ មក ហើយ​បាន​ជួយ​ដល់​កុមារ​ដែល​រស់នៅ​ម្តុំ​ស្ទឹងមានជ័យ ជាយ​រាជធានី​ភ្នំពេញ ជាពិសេស​នៅ​គំនរ​សំរាម ជាច្រើន​ពាន់​នាក់ តាមរយៈ​ការផ្តល់​ឱកាស​សិក្សា ការ​ស្នាក់នៅ អាហារ និង​ការ​ទំនុកបម្រុង​ផ្សេងៗ​។ បន្ថែម​ពីនេះ អ្នក​ទាំងពីរ ក៏​ទទួលបាន​សញ្ជាតិ​កម្ពុជា​ផងដែរ​។​

-​លោក ការ សា​វុ​ត្ថ មេធាវី​ការពារ​ក្តី​ជាតិ​របស់​អតីត​មេ​គុក​ទួលស្លែង កាំ​ង ហ្គេ​ក​អ៊ា​វ ហៅ ឌុ​ច បានទទួល​មរណភាព​កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ក្នុង​ជន្មាយុ ៧០​ឆ្នាំ ដោយ​រោគាពាធ​។​

-​លោក សេក បរិសុទ្ធ ដែល​ធ្លាប់​បម្រើការ​នៅតាម​អង្គការ​ធំៗ​ជាច្រើន និង​ធ្លាប់ជា​សាស្ត្រា​ចា្យ​សារព័ត៌មាន​ដ៏​ល្បី​ម្នាក់​នៅក្នុង​ប្រទេស​កម្ពុជា បានទទួល​មរណភាព​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅក្នុង​ខេត្តក្រចេះ​កាលពី​ថ្ងៃទី​១៦ ខែតុលា​។​

-​លោកស្រី ញឹក ជូ​ឡុង​-​មាស​កេ​ត សម​ភ័​ត្រ ជា​ម្តាយបង្កើត​របស់លោក​ស្រី ជូ​ឡុង សូ​មួ​រ៉ា ដែល​ត្រូវជា​ម្តាយក្មេក​របស់​ឯកឧត្តម សម រង្ស៊ី បានទទួល​មរណភាព​នៅ ថ្ងៃទី​២៤ ខែវិច្ឆិកា  ក្នុង​អាយុ ៩៦ ឆ្នាំ ។ លោកស្រី ញឹក ជូ​ឡុង​-​មាស​កេ​ត សម​ភ័​ត្រ ជា​ភរិយា​របស់​សម្តេច ញឹក ជូ​ឡុង ដែលជា​ឥស្សរជន​ជាន់ខ្ពស់​របស់​កម្ពុ​ជាមួយ​រូប​កាលពី​អតីតកាល​។ សម្តេច ញឹក ជូ​ឡុង ជា​អ្នកមាន​ភក្តីភាព និង​ដង្ហែ​តាម​ព្រះ​អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ដើម្បី​ទាមទារ​ឯករាជ្យ​ពី​អាណានិគម​បារាំង​។​

-​ព្រះគ្រូ​សង្ឃ​ពោ​ធី ពូ តុង​ហាវ ព្រះមហា​វិបស្សនា​តិ​ជោតិក​គរុ បានទទួល​អនិច្ចកម្ម នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ក្នុង​ព្រះជន្ម​១០២​ព្រះវស្សា​ដោយ​រោគាពាធ​។ ព្រះ​អង្គជា​អតីត​អភិបាលខេត្ត​កំពង់ធំ និង​ជា​ម្ចាស់​រូបសំណាក់ ដំរី​ជាន់ខ្លា នា​ទស្សវត្ស​ទី​៦០ ។ ព្រះអង្គ ជា​ឪពុក​របស់លោក ពូ សុធីរៈ អតីត​តំណាងរាស្ត្រ​ខេត្តសៀមរាប​។​

​អ្នកសិល្បៈ និង​កីឡាករ​៖
​លោក គ​ង្គ ប៊ុន​ឈឿន ដែលមាន​រហស្សនាម​ថា «​ម្ចាស់​កវី​ស្ទឹង​សង្កែ​» ស្ថិត​ក្នុងចំណោម​អ្នកសិល្បៈ​ដែល​បាន​បាត់បង់​ជីវិត​នៅក្នុង​ឆ្នាំ​២០១៦ ។ លោក​ជា​កវីនិពន្ធ​ដ៏​ល្បីឈ្មោះ​ម្នាក់​តាំងពី​ទសវត្សរ៍​ទី​៥០​មក ដោយ​លោក​មាន​ជំនាញ​ផ្នែក​និពន្ធ​កំណាព្យ បទ​ចម្រៀង ភាពយន្ត ប្រលោមលោក និង​ស្នាដៃ​ផ្សេងៗ​ទៀត​។ លោក​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​១៧ ខែមេសា ក្នុង​វ័យ​៧៧​ឆ្នាំ​នៅ​ប្រទេស​ន័​រវេ​ស​ដោយសារ​ជំងឺ​។​

​អ្នកសិល្បៈ​ដែល​បានទទួល​មរណភាព​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន តារាចម្រៀង វ៉ាន់ មករា (​នៅ​ម្តុំ​លោកយាយ​ម៉ៅ​ពេជ្រនិល​)  អ្នកស្រី ហួត សា​រ៉ាវ​ឌី អតីត​តារា​សម្តែង (​នៅ​ព្រៃវែង​) លោក រាជ បុរី តារាចម្រៀង​វ័យក្មេង (​នៅ​ប៉ោយប៉ែត​)​។​

​តារា​សម្តែង​ជើងចាស់​ល្បីៗ អ្នកស្រី ភួង ផល្លី និង​លោក ហង្ស ផល្លី​មធុ​រ៉ា ស្ថិត​ក្នុងចំណោម​អ្នកសិល្បៈ​ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​រោគាពាធ​។ ក្រៅពីនោះ មាន តារា​កំប្លែង​និង​អ្នក​សម្ដែង​ល្ខោន លោក ធួ​ក ពៅ (​ហៅ​នាយ​បឿន​)  លោក កុល សែម អតីត​អ្នកចម្រៀង និង​ជា​ម្ចាស់​បទ «​ស្រី​ខ្មៅ​មាសបង​» តារា​សម្តែង​ជើងចាស់​អ្នកស្រី ឈុន ណា​រី និង​លោក យឹម ថេ​ង ដែល​ត្រូវបាន​គេ​តាមរយៈ​បទ «​លក់​ស្រូវ​ជូន​រដ្ឋ​គឺ​ស្នេហា​ជាតិ​» ក្នុង​ទសវត្សរ៍​ឆ្នាំ​៨០​។ 

​សម្រាប់​កីឡាករ អតីត​កីឡាករ​ប្រដាល់ ផាន់ ផា​ណាត បានទទួល​មរណភាព​កាលពី​ថ្ងៃទី​១៦ ខែធ្នូ ក្នុង​អាយុ​៣៦​ឆ្នាំ​ដោយ​ការធ្វើអត្តឃាត​នៅ​ខាងកើត​ផ្សារ​មង្គល​បូរី ស្ថិតក្នុង​ភូមិ​លួង ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។

​មន្ត្រី​ជំនាញ​សំខាន់ៗ​៖

​មន្ត្រី​សំខាន់ៗ​មួយចំនួន​ដែល​បានទទួល​មរណភាព​នោះ មានដូចជា ឧ​ត្ត​ម​សេនីយ៍​ឯក ទៀ សុទ្ធ អគ្គនាយករង អគ្គនាយកដ្ឋាន សម្ភារៈ​បច្ចេកទេស​នៃ​ក្រសួងការពារជាតិ និង​ជា​បងប្រុស​បង្កើត​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។ ក្រៅពីនេះ​មាន លោក យន់ ពៅ ប្រធាន​ព​ន្ឋ​នាគារ​ខេត្តកំពង់ចាម លោក សោម បុ​ប្ជា​រ័ត្ន មេបញ្ជាការ​សឹក​រង​ព្រះវិហារ លោក អ៊ុន ដែន ទីប្រឹក្សា​ក្រសួងការពារជាតិ លោក ណុប អឿន អតីត​ស្នងការ​ខេត្តកំពង់ស្ពឺ និង​ជា​ជំនួយការ​ផ្ទាល់​សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា​។​

​មន្ត្រី​ជំនាញ​លោក អ៊ុយ ស៊ីម នាយក​ខុទ្ទកាល័យ​សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ ញឹក ហួន អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ ហើយ​ត្រូវបាន​គេ​ស្គាល់​ថា ជា​យុទ្ធ​មិត្ត​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន​។​

​អ្នកសារព័ត៌មាន​៖
​អ្នកសារព័ត៌មាន​ដែល​បានទទួល​មរណភាព និង​ដែល​គួរ​ឲ្យ​កត់សម្គាល់ មាន លោក ឃុន ណូ អ្នក​កាន់​កាមេរ៉ា​ទូរទស្សន៍ CTN និង MyTV ដែល​ត្រូវបាន​រកឃើញថា​កើត​ជំងឺ​ផ្តាសាយ​ជ្រូក (H1N1)  និង​លោក ជិន លី​ហន មន្ត្រី​ព័ត៌មាន​នៃ​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា (​ទ​ទក​) និង​ធ្លាប់​បម្រើការ​នៅ​ទីភ្នាក់ងារ​ព័ត៌មាន​បរទេស បានទទួល​មរណភាព​ក្នុង​អាយុ​៤៥​ឆ្នាំ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត នា​ថ្ងៃ ទី​៨ ខែកញ្ញា ដោយសារ​ជំងឺ​រលាក​ខួរឆ្អឹងខ្នង​ធ្ងន់ធ្ងរ​៕




Tag:
 ឥស្សរជន
  មរណភាព
© រក្សាសិទ្ធិដោយ thmeythmey.com