អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជន​ផ្តាច់ការ Jammeh សុខចិត្តលះបង់អំណាច ក្រោយមន្ត្រីនិងកងទ័ព​រត់ចោល​ខ្លួនអស់
21, Jan 2017 , 8:42 am        
រូបភាព
រូបភាព៖ ជនផ្តាច់ការ Yahya Jammeh (ប្រភព៖ AFP)
រូបភាព៖ ជនផ្តាច់ការ Yahya Jammeh (ប្រភព៖ AFP)
ដោយ: ថ្មីៗ
មេដឹកនាំ​ផ្តាច់ការ​ហ្កំ​ប៊ី Yahya Jammeh  ​ខឹងសម្បារនឹងសមាជិក​គណៈរដ្ឋមន្ត្រី​លោក​ជាច្រើន​នាក់​បាន​លាលែង​ពី​តំណែងចោល​លោក ។ ដោយ​ខឹង​មន្ត្រី​រត់ចោល Jammeh បានសម្រេច​ដកហូត​តំណែង​សមាជិក​រដ្ឋាភិបាល​ខ្លួន​ទាំងអស់​និង​ប្រកាស​មើល​ការខុសត្រូវ​ក្រសួង​ទាំងអស់​ខ្លួនឯងនៅយប់​ថ្ងៃ​ព្រហស្បតិ៍​។​ ប៉ុន្តែប្រភពស្និទ្ធជាមូួយក្រុមមន្ត្រី​ទូតអាហ្វ្រិកចរចា​ជាមួយ Jammeh បានអះអាង​ថា មកដល់ល្ងាចថ្ងៃសុក្រ មេដឹកនាំ​ផ្តាច់​ការនេះ​បន្ទន់​ឥរិយាបទ ដោយឯកភាព​​លះបង់អំណាចនិង​ចាកចេញពីប្រទេស​ដែរ។

​ដោយ​ឈ្លក់​វង្វេង​នឹង​អំណាច​ខ្លាំងពេក មេដឹកនាំ​ចាញ់ឆ្នោត​ហ្កំ​ប៊ី លោក Yahya Jammeh មិន​ព្រម​បោះបង់​អំណាច​ភ្លាមៗឡើយ ទោះបីជា​មានការ​គំរាមកំហែង​ប្រើប្រាស់​ទ័ព​បណ្តេញ​លោក​តំណែង​ពី​សំណាក់​ប្រទេស​អាហ្វ្រិក​ខាងលិច​ផ្សេង​ទៀតឡើយ​។ អ្វីដែល​ពិសេស​នោះ Jammeh បាន​បណ្តេញ​សមាជិក​គណៈរដ្ឋមន្ត្រីរ​បស់​ខ្លួន ហើយ​យក​អំណាច​គ្រប់គ្រង​ក្រសួង​មក​ក្តោប​ក្តាប់​ខ្លួនឯង​ទាំងអស់​។​
 
 ១.​ស្រឡាញ់​អំណាច​ពេក សុខចិត្ត​គ្រប់គ្រង​ក្រសួង​ទាំងអស់​ខ្លួនឯង​
 
​យោងតាម​សារព័ត៌មាន The Guardian លោក Jammeh បានសម្រេច​បណ្តេញ​សមាជិក​គណៈរដ្ឋមន្ត្រីរ​បស់​ខ្លួន​ចន្លោះ​យប់​ថ្ងៃ ១៩  ចូល​ថ្ងៃ ២០​មករា​។ ការសម្រេច​ធ្វើបែបនេះ​ក៏​ដោយសារ​សមាជិក​គណៈ​រដ្ឋមន្ត្រី​លោក​ច្រើនសន្ធឹក​សន្ធាប់​នាំគ្នា​លាលែង​ពី​តំណែង​ព្រោះ​ខ្លាច​ការចូល​អន្តរាគមន៍​របស់​រដ្ឋ​អាហ្វ្រិក​ខាងលិច​។ ខ្លះ​បាន​ភៀសខ្លួន​និង​សុំ​សិទ្ធិ​ជ្រកកោន​នៅក្រៅ​ប្រទេស​ថែមទៀត​ផង​។​
 
​អ្នករាយការណ៍​ព័ត៌មាន The Guardian ប្រចាំ​អាហ្វ្រិក​ខាងលិច​លោកស្រី Ruth Maclean បាន​សរសេរ​បង្ហោះ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​របស់ខ្លួន​ថា​៖«​ក្នុង​មួយ​យប់ លោក Jammeh បាន​ដកហូត​តំណែង​សមាជិក​គណៈរដ្ឋមន្ត្រីរ​បស់​លោក​ដែល​នៅ​សេសសល់ ហើយ​បានប្រកាសថា លោក​នឹង​គ្រប់គ្រង​ក្រសួង​ទាំងអស់​ដោយ​ខ្លួនឯង​»​។​
 
​លោក Jammeh មាន​ពេលវេលា​នៅ​សេសសល់​ខ្លះ​ដើម្បី​ផ្ទេរអំណាច​ឲ្យ​មេដឹកនាំ​ថ្មី ហើយ​ដកខ្លួន​ចេញពី​នយោបាយ​។ បើ​មិន​ដូច្នេះ​ទេ លោក​ប្រហែលជា​មិនមាន​វាសនា​ល្អ​ប៉ុន្មាន​ឡើយ នៅពេលដែល​កងទ័ព​អាហ្វ្រិក​ខាងលិច​ចូល​មកដល់​រដ្ឋធានី Banjul​។ 
២. កងទ័ព​ហ្កំ​ប៊ី​ក៏​លែង​គាំទ្រ Jammeh 
 
​ខណៈដែល​ថ្ងៃ​កំណត់​មកដល់​សម្រាប់​ការស្បថ​ចូលកាន់​តំណែង  ប្រធានាធិបតី​ថ្មី​លោក Adama Barrow បាន​ស្បថ​នៅ​ស្ថានទូត​ហ្កំ​ប៊ី​នៅ​ក្រុង​ទីក្រុង Dakar ប្រទេស​សេ​ណេ​ហ្កា​ល់​។ លោក​ត្រូវ​រង់ចាំ​រហូត​ដល់ពេល​ដែល​ជន​ផ្តាច់ការ Jammeh ព្រម​បោះបង់​អំណាច​សិន មុន​ត្រឡប់​ចូល​ប្រទេស​វិញ​។​
 
​ថ្វីបើ Jammeh នៅមាន​អំណាច​ពេញដៃ​ក៏ដោយ មនុស្ស​ស្និទ្ធ​និង​អាច​ការពារ​លោក​បាន​ហាក់​រត់​ចេញពី​លោក​ជិត​អស់ហើយ​។ សូម្បីតែ​កងទ័ព​ដែល​ត្រូវការពារ​រដ្ឋាភិបាល​ក៏​ស្វាគមន៍​ប្រធានាធិបតី​ថ្មី​ដែរ​។ នៅ​ថ្ងៃ​ព្រហស្បតិ៍​គេ ប្រទះឃើញ​ខ្សែអាត់​វីដេអូ​មួយ​ដែល​បង្ហោះ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត បង្ហាញថា ក្រុម​ទាហាន​មួយចំនួន រួមទាំង​អគ្គសេនាធិការ​កងទ័ព​ហ្កំ​ប៊ី Ousman Badjie នាំគ្នា​ស្រែក​ហ៊ោរ​អបអរសាទរ​ប្រធានាធិបតី​ហ្កំ​ប៊ី​ថ្មី​ដែរនោះ​។ ការស្វាគមន៍​នេះ​កើតឡើង​ក្រោយ​ពេលដែល​លោក  Barrow ស្បថ​ចូលកាន់​តំណែង​នៅ​សេ​ណេ​ហ្កា​ល់​។ 
 
៣.​ទ័ព​អាហ្វ្រិក​ខាងលិច​ឆ្ពោះទៅ​ទីក្រុង​Banjul  Jammeh ព្រម​ចេញពី​តំណែង​?

 
​មកដល់ពេលនេះ កងទ័ព​អាហ្វ្រិក​ខាងលិច​បាន​ឆ្លង​ចូល​ទឹកដី​ហ្កំ​ប៊ី​រួចទៅហើយ ​ដើម្បី​ត្រៀម​អន្តរាគមន៍​ទម្លាក់​មេដឹកនាំ​ផ្តាច់ការ Jammeh នៅ​រដ្ឋធានី Banjul​។ ប៉ុន្តែ​កងទ័ព​នេះ​ផ្អាក​ការបន្ត​រុលទៅមុខ​សិន ដោយសារ​ការចរចា​គ្នា​ នៅ​បន្ត​រវាង​ក្រុម​សន្ធាន​ការី​រដ្ឋ​អាហ្វ្រិក​ខាងលិច​ជាមួយ​មេដឹកនាំ​ហ្កំ​ប៊ី​។ បើសិនជា Jammeh នៅតែ​បន្ត​រឹងទទឹង និង​ប្រឆាំង​ការទាមទារ​របស់​រដ្ឋ​អាហ្វ្រិក​ខាងលិច ​និង​សហគមន៍​អន្តរជាតិ កងទ័ព​ទាំងនោះ​នឹង​ទម្លាក់​លោកពី​តំណែង​តែម្តង​។​ ដល់​ល្ងាច​ថ្ងៃ​សុក្រ បើតាម​មន្ត្រី​ដែល​ចូលរួម​ក្នុង​ដំណើរ​ការចរចា​ជាមួយ Jammeh បាន​អះអាង​ប្រាប់​សារព័ត៌មាន BBC ថា មេដឹកនាំ​ផ្តាច់ការ Jammeh រូបនេះ​ព្រម​ចុះ និង​ចាក​ចេញពី​ប្រទេស ប៉ុន្តែ​មិនទាន់​ច្បាស់​ថា លោក​នឹង​ចុះចេញ​ពេលណា​ឡើយ​៕
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com