អន្តរជាតិ
១២ ឆ្នាំ អូ​បា​ម៉ា រកលុយ​បាន ២០​លាន​ដុល្លារ​ភាគច្រើន​បាន​ពី​ការនិពន្ធ​សៀវភៅ​
21, Jan 2017 , 10:59 pm        
រូបភាព
ប្រភព៖ The New York Times
ប្រភព៖ The New York Times
​ប្រធានាធិបតី​ទី ៤៤ លោក បា​រ៉ា​ក់ អូ​បា​ម៉ា រកលុយ​បាន​ប្រហែល ២០​លាន​ដុល្លារ​អាមេរិក រាប់​ចាប់ពី​ឆ្នាំ ២០០៥ ពេល​លោក​ធ្វើជា​សមាជិក​ព្រឹទ្ធសភា​ឆ្នាំ​២០០៥​។ លុយ​ប្រហែល ៣ ភាគ ៤ លោក អូ​បា​ម៉ា ទទួលបាន​ដោយសារ​ការលក់​សៀវភៅ​របស់ខ្លួន ហើយ​លុយ​នៅ​សេសសល់​ប្រហែល ៣,៧​លាន​ដុល្លារ​សុទ្ធ​ជា​ប្រាក់បៀវត្សរ៍​ប៉ុណ្ណោះ​។



​តាម​ការចុះផ្សាយ​របស់​ទស្សនា​វ​ដ្តី Forbes អតីត​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា រកចំណូលបាន​ប្រហែល ២០​លាន​ដុល្លារ​ចាប់ពី​ពេលដែល​លោក​មក​រស់នៅ​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​បំពេញការងារ​ជា​សមាជិក​ព្រឹទ្ធសភា​។ លុយ​ភាគច្រើន​ដែល​លោក​រកបាន​គឺជា​ចំណូល​បានមកពី​ការលក់​សៀវភៅ​។​

​របាយការណ៍​ពន្ធ​និង​ការប្រកាស​ទ្រព្យ​របស់លោក អូ​បា​ម៉ា រយៈពេល ១៦​ឆ្នាំ ដែល​វិភាគ​ដោយ​ទស្សនា​វ​ដ្តី Forbes រកឃើញថា ៣​ភាគ​៤​នៃ​លុយ ២០​លាន​ដុល្លារ​នេះ បានមកពី​ការចុះកិច្ចសន្យា​លើ​ការលក់​សៀវភៅ​របស់ខ្លួន​។ ជារួម​លោក​រកបាន​ចំ​ណួ​ល ១៥,៦ លាន​ដុល្លារ​ក្នុងនាម​ជា​អ្នកនិពន្ធ​សៀវភៅ​ចាប់ពី​ឆ្នាំ ២០០៥​។  

​លោក អូ​បា​ម៉ា រកបាន ៨,៨ លាន​ដុល្លារ​ដោយ​លក់​សៀវភៅ​ដែល​ល្បី​បំផុត​មួយ​ដែលមាន​ចំណងជើង​ជា​ភាសា​អង់គ្លេស​ថា « Audacity of Hope and children’s book Of Thee I Sing: A Letter To My Daughter»​។ ហើយ​លោក​លក់​ជីវៈ​ប្រវត្តិ​មាន​ចំណងជើង​ថា « Dreams From My Father» ដោយបាន​ចំណូល​សរុប​៦,៨​លាន​ដុល្លារ​។ វា​ត្រូវបាន​បោះ​ពុ​ម្ភ​ផ្សាយ​ដំបូង​បំផុត​ឆ្នាំ ១៩៩៥ ហើយ​វា​ចាប់ផ្តើម​លក់ដាច់​ខ្លាំង​នៅពេល​លោក​ក្លាយជា​សមាជិក​ព្រឹទ្ធសភា​នោះ​។ ហើយ​លោក រកលុយ​បាន ៣,៧​លាន​ដុល្លារ​ផ្សេងទៀត ពី​ប្រាក់បៀវត្សរ៍​ប្រចាំឆ្នាំ​ជា​អ្នកនយោបាយ​។​

​សូមបញ្ជាក់ថា លោក បា​រ៉ា​ក់ អូ​បា​ម៉ា ជា​ប្រធានាធិបតី​ទី ៤៤ របស់​សហរដ្ឋអាមេរិក ហើយ​លោក​បាន​ចាក​ចេញពី​តំណែង​នៅ​ថ្ងៃ ២០​មករា ដោយ​ផ្ទេរអំណាច​ឲ្យ​សេដ្ឋី​អចលនទ្រព្យ ដូ​ណា​ល់ ត្រាំ​។ ក្រោយ​ចេញពី​តំណែង លោក អូ​បា​ម៉ា និង​ក្រុមគ្រួសារ​បន្ត​ស្នាក់នៅ​ក្រុង​វ៉ាស៊ីនតោន​សិន​ទម្រាំ​កូនស្រី​ពៅ​របស់លោក​រៀន​ចប់​វិទ្យាល័យ​។ លោក​នឹង​ប្រើប្រាស់​ពេលវេលា​សម្ងំ​សរសេរ​សៀវភៅ​និង​បន្តការងារ​សហគមន៍​និង​គាំទ្រ​បង្កើន​សមត្ថភាព​យុវជន​នៅពេល​ខាងមុខ​៕


Tag:
 បា​រ៉ា​ក់ អូ​បា​ម៉ា​
  Forbes
© រក្សាសិទ្ធិដោយ thmeythmey.com