ជាតិ
លោក ទៀ បាញ់៖ អង្គរក្សដែលវាយតំណាងរាស្ត្រឡើងសក្តិតាមការងារ ឯករណីបុគ្គលជារឿងផ្សេង លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានថ្លែងថាការដំឡើងឋានន្តរសក្តិដល់មន្ត្រីអង្គរក្ស ដែលបានវាយតំណាងរាស្ត្រគណបក្សប្រឆាំង ៣ រូប ឲ្យរងរបួសជាទម្ងន់កាលពីចុងឆ្នាំ ២០១៥ នោះ គឺស្របតាមច្បាប់លក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ។
លោក ទៀ បាញ់ បានថ្លែងការពារការដំឡើងឋានន្តរសក្តិដល់មន្ត្រីក្រសួងការពារជាតិរបស់លោក គឺធ្វើតាមច្បាប់ និងលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទកំណត់ច្បាស់លាស់។ រដ្ឋមន្ត្រីការពារជាតិ បានបញ្ជាក់ក្នុងសាកលវិទ្យាល័យការពារជាតិកាលពីថ្ងៃទី២ កុម្ភៈ ដូច្នេះថា៖«រឿងស័ក្តិរឿងយស ខ្ញុំធ្វើទៅតាមច្បាប់ទៅតាមលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទមានចែងច្បាស់។ យោធិនដែលបំពេញការងារគឺមានថេរវេលាច្បាស់លាស់ឆ្នាំណាត្រូវឡើងស័ក្តិម្ដងមិនថាតែអង្គរក្សទាំងនោះទេអ្នកណាក៏ដោយ ក៏ឡើងដូចគ្នាដែរឲ្យតែដល់ពេលវេលាគេត្រូវតែដំឡើងស័ក្តិហើយ...»។
នៅពេលអ្នកកាសែតសួរថា ហេតុអ្វីបានជាត្រូវដំឡើងស័ក្តិដល់ជនដែលនៅមិនទាន់បានបំពេញទោសគ្រប់ចំនួនទៅតាមអំណាចសាលក្រមរបស់តុលាការនៅឡើយ? លោកបានឆ្លើយតបថា៖«ខ្ញុំឃើញតែពួកគេបានរួចខ្លួនស្រេចហើយមាននៅក្នុងពន្ធនាគារឯណា...វាមិនពាក់ព័ន្ធជាមួយរឿងឡើងស័ក្តិឡើងអីទេ ហើយអ្នកថា មិនប្រក្រតី អ្នកហ្នឹងគឺយល់ខុសហើយ ខ្ញុំចាត់ទុកថា ប្រក្រតីតាមលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទរបស់យើង ខ្ញុំធ្វើតាមច្បាប់ និងអំណាចដែលមាន»។
សំឡេងលោក ទៀ បាញ់៖
ក្រុមអង្គរក្ស៣ រូបដែលត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៤ ឆ្នាំ (ព្យូរទោស ៣ ឆ្នាំ) ពីបទ «ប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» នោះមានឈ្មោះ លោក ចាយ សារិទ្ធ ត្រូវបានដំឡើងឋានន្តរស័ក្តិទៅជាឧត្តមសេនីយ៍ត្រី លោក សុត វណ្ណនី និងលោក ម៉ៅ ហឿន ដំឡើងទៅជាវរសេនីយ៍ឯកបន្ទាប់ពីពួកគេត្រូវបានដោះលែងពីពន្ធនាគារបន្ទាប់ពីបានជាប់ពន្ធនាគារអស់រយៈពេល ១ ឆ្នាំ។
កាលពីថ្ងៃទី២២ មករា ព្រះមហាក្សត្រ បានបង្គាប់តែងតាំងវរសេនីយ៍ឯកពីររូប ទៅជាឧត្តមសេនីយ៍ត្រី ដែលក្នុងនោះមន្ត្រីអង្គរក្ស ម្នាក់ទៀត ឈ្មោះ ចាយ សារិទ្ធ ដែលធ្លាប់បានប្រើប្រាស់ហិង្សាវាយលើអ្នកតំណាងរាស្ត្របក្សប្រឆាំងលោក ញ៉យ ចំរើន និងលោក គង់ សភា កាលពីឆ្នាំ២០១៥ដែរ។ ចំណែកអង្គរក្សសម្ដេច ហ៊ុន សែន ពីររូបទៀតគឺលោក សុត វណ្ណនី និងលោក ម៉ៅ ហឿន ដែលបានវាយតំណាងរាស្ត្រគណបក្សប្រឆាំងដែរនោះ ទើបតែទទួលបានការឡើងឋានន្តរសក្តិពីវរសេនីយ៍ទោ ទៅជាវរសេនីយ៍ឯក កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ។
គួរបញ្ជាក់ថា លោក គង់ សភា និងលោក ញ៉យ ចំរើន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រូវបានជនដៃដល់មួយក្រុមព្រួតគ្នាប្រើហិង្សាវាយដំ នៅក្បែរវិមានរដ្ឋសភា កាលពីខែតុលា ឆ្នាំ២០១៥ កន្លងទៅ ។ ក្រោយពេលកើតហេតុជនដៃដល់៣រូបដែលជាអង្គរក្ស គឺលោក ចាយ សារិទ្ធ លោក សុត វណ្ណនី និងលោក ម៉ៅ ហឿន បានចូលខ្លួនសារភាពទទួលទោស។
តុលាការរាជធានីភ្នំពេញ បានប្រកាសសាលក្រម កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ដោយចោទជនទាំង៣នាក់ ដែលប្រើអំពើហិង្សាលើតំណាងរាស្ត្រ ពីបទ «ប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ហើយផ្តន្ទាទោសពួកគេឲ្យជាប់ពន្ធនាការចំនួន៤ឆ្នាំ តែអនុវត្តទោសតែ១ឆ្នាំប៉ុណ្ណោះ ហើយ៣ឆ្នាំទៀត ត្រូវបានព្យួរ។ ជាងនេះទៀត សាលក្រម ក៏បានកំណត់ឲ្យពិរុទ្ធជនទាំងនោះ បង់ប្រាក់ចូលរដ្ឋ (ផ្នែកព្រហ្មទណ្ឌ) ចំនួន៦លានរៀល ក្នុងម្នាក់ៗ ហើយផ្តល់សំណងរួមគ្នា (ផ្នែករដ្ឋប្បវេណី) ចំនួន៨០លានរៀល ជូនលោក គង់ សភា និងលោក ញ៉យ ចំរើន ដែលជាជនរងគ្រោះ៕
Tag:
ទៀ បាញ់
គង់ សភា
ញ៉យ ចំរើន
ការពារជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com