ជាតិ
សិល្បះ
ព្រះមហាក្សត្រ នឹង​យាង​សម្ពោធ​រឿង​«​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​ខ្ញុំ​»
04, Feb 2017 , 7:59 pm        
រូបភាព
 
​ភ្នំពេញ​៖ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា នឹង​យាង​ចូលរួម​ក្នុង​ពិធី​ចាក់​បញ្ចាំង​រឿង «​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​ខ្ញុំ​»   នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ​នៅ​ឧទ្យាន​អង្គរ ខេត្តសៀមរាប​។​លោក ស៊ិន ចន្ទ​សា​យ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានបញ្ជាក់​ពី​ព័ត៌មាន​នេះ​។​


​ភាពយន្ត​រឿង «​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​ខ្ញុំ​» ដែល​ដឹកនាំ​ផលិត​ដោយ តារា​ហូលីវូដ​លំដាប់​កំពូល លោកស្រី Angelina Jolie នឹង​ចាក់​បញ្ចាំង​លើកដំបូង​នៅ​ថ្ងៃទី​១៨ កុម្ភៈ​ខាងមុខ នៅ​ឧទ្យាន​អង្គរ ខេត្តសៀមរាប​។ 
 
​លោក ស៊ិន ចន្ទ​សា​យ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​៣១ ខែមករា ថា ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា នឹង​យាង​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ភាពយន្ត​នេះ​។ 
 
​សម្រាប់​ប្រធាន​នាយកដ្ឋាន​ភាពយន្ត​រូបនេះ ការចាក់​បញ្ចាំងភាពយន្ត​និយាយ​ពីរ​បប​ខ្មែរក្រហម ដែល​ថត​នៅលើ​ទឹកដី​កម្ពុជា​នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ ដែល​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​។ លោក ស៊ិន ចន្ទ​សា​យ៉ា បន្ថែមថា ភាពយន្ត​នេះ លោកស្រី Angelina Jolie ក៏​គ្រោង​ចាក់​បញ្ចាំង​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក នៅ​ខេត្តបាត់ដំបង និង​នៅតាម​វត្ត​អារាម​ផងដែរ ដើម្បី​ឲ្យ​ពលរដ្ឋ​កម្ពុជា​បាន​ទស្សនា​ភាពយន្ត​មួយ​នេះ​។ ប៉ុន្តែ​កាលបរិច្ឆេទ​ចាក់​បញ្ចាំង នៅ​មិនទាន់​កំណត់​នៅឡើយ​។​
  
 
​ខ្សែភាពយន្ត​«​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» ផលិតឡើង​ផ្អែកលើ​ការចងចាំ​ដ៏​ក្តុកក្តួល​របស់​អ្នក​និ   ពន្ធ លឿង អ៊ឹង ដែល​កាលណោះ​គាត់​មាន​អាយុ​៥-៨​ឆ្នាំ​។ ខ្សែភាពយន្ត​នេះ ផលិតឡើង​ចេញពី​ការចងចាំ​របស់​ក្មេងស្រី​រូបនេះ ដែល​វា​ជាការ​មើលឃើញ​របស់​កុមារ​ម្នាក់​នៅក្នុង​សង្គ្រាម ការយល់ និង​ទស្សនៈ​របស់​កុមារ​នោះ​អំពី​សង្គ្រាម​។  Angelina Jolie បានបញ្ជាក់ គ្រា​ដែល​នាង​បានមក​កម្ពុជា​ដើម្បី​បង្ហាញ​ពី​គម្រោង​ថត​រឿងនេះ​ថា  ភាពយន្ត​នេះ គឺ​មិនមែន​រម្លឹក​ដល់​ការភ័យខ្លាច រន្ធត់​នៃ​សង្គ្រាម​នោះទេ ប៉ុន្តែ​ដើម្បី​នាំយក​តួអង្គ​ជាច្រើន​មក​បង្ហាញជូន​ទស្សនិកជន​ជុំវិញ​ពិភពលោក នូវ​រឿង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។  Angelina Jolie បានបញ្ជាក់​ទៀតថា ភាពយន្ត​នេះ មិន​ត្រឹមតែ​បង្ហាញ​ពី​រឿងរ៉ាវ​របស់​កុមារី​ម្នាក់​ប៉ុណ្ណោះ​ទេ បទពិសោធន៍​របស់​អ្នក​ដទៃទៀត ក៏​នឹងដាក់​បញ្ចូល​ទៅក្នុង​ខ្សែរ​ភាព​នេះដែរ វា​ក៏​មិន​ត្រឹមតែ​បង្ហាញ​ពី​ការចងចាំ​របស់​ក្មេងស្រី​ម្នាក់​ទេ តែ​ជាការ​ចង់ចាំ​របស់​ប្រជាជន​ខ្មែរ​ទាំងអស់​៕
 



Tag:
 ភាពយន្ត​
  Angelina Jolie
© រក្សាសិទ្ធិដោយ thmeythmey.com