ជាតិ
ក្រសួង​អប់រំ កំពុង​រៀបចំ​ក្រុមការងារ​អនុវត្ត​វិធានការ​កម្ចាត់​គ្រឿងញៀន​នៅតាម​សាលារៀន​
09, Feb 2017 , 3:37 pm        
រូបភាព
លោក ហង់ ជួនណារ៉ុន ខាងឆ្វេង លោក រស់ សាលីន ខាងស្ដាំ រូបពីហ្វេសប៊ុក Salin Ros
លោក ហង់ ជួនណារ៉ុន ខាងឆ្វេង លោក រស់ សាលីន ខាងស្ដាំ រូបពីហ្វេសប៊ុក Salin Ros
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា កំពុង​រៀបចំ​ក្រុមការងារ​ទទួលបន្ទុក​គ្រប់គ្រង​គ្រឿងញៀន ដើម្បី​អនុវត្ត​វិធានការ​កម្ចាត់​គ្រឿងញៀន នៅតាម​សាលារៀន​។​អាជ្ញាធរ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នឹង​ផ្ដល់​សម្ភារ​ត្រួតពិនិត្យ​ទឹកនោម​ទៅដល់​ក្រសួង​អប់រំ ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់​នៅតាម​សាលារៀន​ទូទាំងប្រទេស​កម្ពុជា សម្រាប់​ត្រួតពិនិត្យ​ទៅលើ​សិស្ស ដែល​សង្ស័យថា ប្រើប្រាស់​គ្រឿងញៀន​។​



​អ្នកនាំពាក្យ​ក្រសួង​អប់រំ លោក រស់ សា​លីន បាន​ឲ្យ​ដឹងថា ក្រសួង​បានសម្រេច​បង្កើត​ក្រុមការងារ​រួចរាល់​ហើយ សម្រាប់​អនុវត្ត​វិធានការ​ទៅលើ​សិស្ស​នៅតាម​សាលារៀន ដែល​សង្ស័យថា​ប្រើប្រាស់​គ្រឿងញៀន​។ ប៉ុន្តែ​ត្រូវការ​ពេល​ពិនិត្យមើល​លទ្ធភាព​អនុវត្ត​ឲ្យ​បានច្បាស់លាស់​សិន​។ លោក រស់ សា​លីន បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ដូច្នេះ​ថា​៖«​ក្រុមការងារ​ក្រសួង​នឹង​ប្រជុំ​បន្តទៀត ដើម្បី​រៀបចំ​វិធានការ និង​បែងចែក​ការងារ​អនុវត្ត​វិធានការ​នេះ ។ ហើយ​ក្រសួង​ត្រូវការ​ពេល​សិក្សា​ថា តើ​ការអនុវត្ត​វិធានការ​នេះ​ មាន​ផល​ល្អ​អ្វីខ្លះ​ដល់​សិស្ស ហើយ​អនុវត្ត​បែបណា​ កុំ​ឲ្យ​ប៉ះពាល់​ដល់​ការសិក្សា​របស់​សិស្ស​។ នៅពេលដែល​យើង​សិក្សា​ច្បាស់លាស់​ហើយ ក្រសួង​នឹង​ផ្សព្វផ្សាយ​ជា​សាធារណៈ​»​។

​សម្រាប់​លោក រស់ សា​លីន ការរៀបចំ​ក្រុមការងារ​ត្រួតពិនិត្យ​សារធាតុ​ញៀន​លើសិស្ស នៅតាម​សាលារៀន​នេះ មិនមែនជា​រឿង​ដែល​អាក្រក់​ពេក​នោះទេ ពោល​វា​គឺជា​ផ្នែក​មួយ​ដ៏​ល្អ សម្រាប់​ទប់ស្កាត់​ស្រទាប់​យុវវ័យ កុំ​ឲ្យ​ប្រើប្រាស់​គ្រឿងញៀន ដែល​ប៉ះពាល់​ដល់​កិត្តិយស​គ្រួសារ និង​បំផ្លិចបំផ្លាញ​សង្គម​។​

​ប្រធានស្តីទី​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​លោកស្រី អ៊ុក ឆៃ​យ៉ា​វី គាំទ្រ​​​យន្តការ​របស់​ក្រសួង​អប់រំ ក្នុងការ​ទប់ស្កាត់​គ្រឿង​ញឿ​ន​នៅតាម​សាលារៀន​នេះ​។ ​ប៉ុន្តែ​ក្រសួង​អប់រំ ត្រូវមាន​វិធានការ​សមរម្យ​បំផុត ដើម្បី​ចៀសវាង​កុំ​ឲ្យ​សិស្ស​ភ័យខ្លាច ​រហូតដល់បោះ​បង់​ចោលការ​សិក្សា​នោះ​។ លោកស្រី អ៊ុក ឆៃ​យ៉ា​វី បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​គិតថា​យុទ្ធសាស្ត្រ​ក្រសួង​អប់រំ​នេះ គឺជា​រឿង​មួយ​ល្អ​ហើយ ព្រោះ​ទីមួយ វា​ល្អប្រសើរ​ដល់​អ្នក​មិន​ប្រើ​ប្រើប្រាស់​គ្រឿងញៀន ដែល​អាច​បញ្ចៀស​ពួកគេ​កុំ​ឲ្យ​សេពគប់​ជាមួយ​អ្នកញៀន​ថ្នាំ​។ ប៉ុន្តែ​វា​ក៏​អាចធ្វើ​ឲ្យ​សិស្ស​ដែល​ប្រើប្រាស់​សារធាតុ​ញៀន​ បោះបង់ចោល​ការសិក្សា​ដែរ​។ ដូច្នេះ​ក្រសួង​អប់រំ ត្រូវមាន​វិធានការ​ធ្វើយ៉ាងណា​ឲ្យ​បាន​សមរម្យ​នៅក្នុង​សាលារៀន​»​។​

​បើតាម​ប្រធានស្តីទី​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដែល​បាន​សង្កេតមើល​ការសិក្សា​របស់​សិស្ស​នៅតាម​សាលារៀន​នោះ បាន​និយាយ​ដូច្នេះ​ថា​៖«​ក្រសួង​អប់រំ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ ឃុំ ដើម្បី​ប្រមូល​សិស្ស​ដែល​គេច​សាលារៀន​មុនគេ ព្រោះ​ពួកនេះ​ភាគច្រើន​អាច​ជាប់​សង្ស័យ​នឹង​ការប្រើប្រាស់​គ្រឿងញៀន​ និងបង្កការវាយកាប់ចាក់នៅតាមសាលារៀនផងដែរ។ ​បន្ទាប់មក​សឹម​ចូលដល់​សាលារៀន ដោយ​អនុវត្ត​ពិនិត្យ​លើ​សិស្ស​ដែល​សង្ស័យ​ញៀន​ថ្នាំ ដោយ​កុំ​បើកចំហ​ពេក ហើយ​នាំទៅ​អប់រំ រួច​ប្រាប់​ឪពុកម្ដាយ​ពួកគេ​ឲ្យ​ដឹង​ពី​បញ្ហា​នេះ ដើម្បី​តាមដាន​ការសិក្សា​សិស្ស និង​ទប់ស្កាត់​ពួកគេ​»​។​

​ទាក់ទង​នឹង​វិធានការ​ត្រួតពិនិត្យ​សារធាតុ​ញៀន​នៅតាម​សាលារៀន​នេះ ប្រធាន​អាជ្ញាធរ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​លោក កែ គឹមយ៉ាន នឹង​ផ្ដល់​សម្ភារ​ត្រួតពិនិត្យ​ទឹកនោម​ទៅដល់​ក្រសួង​អប់រំ ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់​នៅតាម​សាលារៀន​ទូទាំងប្រទេស​កម្ពុជា សម្រាប់​ត្រួតពិនិត្យ​ទៅលើ​សិស្ស ដែល​សង្ស័យថា ប្រើប្រាស់​គ្រឿងញៀន​។ ក្រៅពីនេះ​អាជ្ញាធរ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក៏បាន​សហការ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួង​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ទប់ស្កាត់​ការប្រើប្រាស​គ្រឿងញៀន​នេះ​។​

​ក្រសួងមហាផ្ទៃ និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​បើក​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញឿ​ន​លើក​ទី​១ រយៈពេល​៦​ខែ ចាប់ពី​ថ្ងៃទី​១ មករា ដល់​ថ្ងៃទី​៣០ មិថុនា ឆ្នាំ​២០១៧ ទូទាំងប្រទេស​។ តាម​របាយការណ៍​បង្ក្រាប​គ្រឿងញៀន​ក្នុង​ខែមករា​កន្លងមកនេះ សមត្ថកិច្ច​បាន​បង្ក្រាប​ករណី​គ្រឿងញៀន​ចំនួន​១,១៤៤​ករណី ក្នុងនោះ​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ និង​អ្នកប្រើប្រាស់​ចំនួន​២,៧៧៣​នាក់​(​ស្រី​២៦៧​នាក់​) និង​ចាប់យក​សារធាតុ​ញៀន បាន​ចំនួន​៩,១៤៨.៥៣​ក្រាម រថយន្ត​១១​គ្រឿង ម៉ូត​៥២៧​គ្រឿង ទូរ​សព្ទ​ដៃ​៧០៣​គ្រឿង​។ ចំណែក​មន្ត្រី​កងរាជអាវុធហត្ថ​មួយចំនួន ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​នេះ ក៏​ត្រូវបាន​ចាប់ខ្លួន និង​បញ្ឈប់​ការងារ​ពី​ក្របខណ្ឌ​អង្គភាព​ផងដែរ​៕


Tag:
 ក្រសួង​អប់រំ​
 ​ សាលារៀន
© រក្សាសិទ្ធិដោយ thmeythmey.com