ជាតិ
ព័ត៍មានសុខភាព
អាជ្ញាធរ​ហាមឃាត់​ក្រុមហ៊ុន​ទឹកដោះគោ​អាមេរិក​មួយ​ដែល​ទិញ​ទឹកដោះ​ស្ត្រី​ខ្មែរ​ទៅ​ផលិត​
21, Mar 2017 , 11:29 am        
រូបភាព
​ភ្នំពេញ​៖ អាជ្ញាធរ​ខ្មែរ ហាម​ក្រុមហ៊ុន​អាមេរិក Ambrosia ដែល​នាំ​ទឹកដោះ​ស្ត្រី​ទៅ​លក់​នៅ​អាមេរិក​នោះ ផ្អាក​ការនាំចេញ​ជា​បណ្ដោះអាសន្ន ក្រោម​ហេតុផល​ថា ក្រុមហ៊ុន​មួយ​នេះ​មិនទាន់មាន​ការអនុញ្ញាត​ត្រឹមត្រូវ​ពី​ក្រសួងសុខាភិបាល​។​



​ក្រុមហ៊ុន Ambrosia ដែលមាន​មូលដ្ឋាននៅ​រដ្ឋ Utah សហរដ្ឋអាមេរិក បានចាប់ផ្ដើម​ដំណើការ​ នាំចេញ​ទឹកដោះមនុស្ស ​ទៅ​លក់​នៅ​ទីផ្សា​អាមេរិក​ដំបូង​គេ​បង្អស់ សម្រាប់​មាតា​ដែល​ត្រូវការ​ទឹកដោះ​ ជំនួស​របប​អាហារ​របស់​កូន​ពួកគេ ជាពិសេស​ស្ត្រី​ដែល​កង្វះ​ទឹកដោះ​។ ក្រុមហ៊ុន​នេះ ​បាន​ដើរ​ប្រមូល​ទិញ​ទឹកដោះនៅក្នុង​ប្រទេស​កម្ពុជា​ អស់​រយៈពេល​ជាង​មួយឆ្នាំ​ហើយ ដោយ​យកទៅ​ក្លាស្សេ​ឲ្យ​បានល្អ មុននឹង​នាំចេញ​ទៅ​លក់​ក្នុង​ទីផ្សារ​អាមេរិក ដែលជា​ទីកន្លែង​យក​ទឹកដោះ​ទៅ​កម្ចាត់​មេរោគ ហើយ​លក់​ក្នុងតម្លៃ​២០​ដុល្លារ ក្នុង​មួយកញ្ចប់ ដែលមាន​រង្វាស់​១៤៧​មី​ល្លី​លីត្រ​។

​ទាក់ទង​នឹង​បញ្ហា​នេះ អគ្គនាយក​នៃ​អគ្គនាយដ្ឋាន​គយ និង​រដ្ឋាករ​លោក គុន ញឹម បាន​បង្គាប់​ឲ្យ​ក្រុមហ៊ុន Ambrosia នេះ បញ្ឈប់​ការនាំចេញ​បណ្ដោះអាសន្ន​សិន ដោយ​តម្រូវ​ឲ្យ​មានការ​សុំច្បាប់​ពី​ក្រសួងសុខាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ​​។ បើតាម​សម្តី​របស់លោក គុន ញឹម ដែល​ត្រូវបាន​ស្រង់​ដោយ​ទី​ភ្នា​ក់​សារព័ត៌មាន AFP បានបញ្ជាក់​ដូច្នេះ​៖«​ពួកយើង​បានស្នើ​ឲ្យ​ក្រុមហ៊ុន​នេះ​ទាក់ទង​ទៅ​ក្រសួង​សុខា​ភិបាលសិន ព្រោះ​ក្រុមហ៊ុន​នេះ បាន​នាំចេញ​ទឹកដោះស្រស់​ ដែល​ផលិត​ចេញពី​សេរី​រា​ង្គ​របស់​មនុស្ស​។ ដូច្នេះ​យើង​ត្រូវការ​ឲ្យ​ពួកគាត់​ សុំ​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល​ ពីព្រោះ​ពួកគេ​មិនទាន់មាន​ការអនុញ្ញាត​ត្រឹមត្រូវ​ឡើយ​»​។​

​បន្ថែម​ពីលើ​នេះ​អគ្គនាយក​នៃ​អគ្គនាយដ្ឋាន​គយ និង​រដ្ឋាករ​រូបនេះ បាន​និយាយថា មន្ត្រី​រដ្ឋាភិបាល ​គ្រោង​ជួបប្រជុំគ្នា​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​សម្រេច​កំណត់​យក​គោលនយោបាយ​ ទាក់ទង​ផលិតផល​ទឹកដោះ​នេះ ព្រោះ​ជា​ករណី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​។​

​ជាមួយគ្នានេះ​ស្ត្រី​ខ្មែរ​ម្នាក់ មាន​វ័យ​៣០​ឆ្នាំ ធ្លាប់បាន​លក់​ទឹកដោះ​របស់​នាង​ អស់​រយៈពេល​៣​ខែ​មកហើយ បន្ទាប់ពី​នាង​បាន​សម្រាល​កូនប្រុស​ម្នាក់​។ ស្ត្រី​ខ្មែរ​រូបនេះ បាន​បូម​ទឹកដោះ​នាង ៦​ថ្ងៃ ក្នុង​មួយ​សប្ដាហ៍ ហើយ​នាង​អាច​រកប្រាក់​បាន​ពី​៣​ម៉ឺន​រៀល ទៅ​៤​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ ដោយ​អាស្រ័យ​លើបរិមាណ​ទឹកដោះ​របស់​នាង​។ សារព័ត៌មាន AFP ដែល​បាន​ស្រង់​សម្ដី​ស្ត្រី​ម្នាក់នេះ បាន​សរសេរ​ដូច្នេះ​ថា​៖«​គ្រួសារ​ខ្ញុំ​ក្រីក្រ ហើយខ្ញុំ​បាន​លក់​ទឹកដោះ​នេះ ដើម្បី​ជួយ​ឲ្យ​ខ្ញុំ​អាច​រកប្រាក់​បាន​ច្រើន​។ ពួកយើង​បាន​យំ​ផងដែរ​ នៅពេលដែល​ទទួលបាន​ដំណឹង​ថា ក្រុមហ៊ុន (Ambrosia)​នេះ ត្រូវបាន​អាជ្ញាធរ​ឲ្យ​ផ្អាក​ការនាំចេញ​ទឹកដោះ​បណ្ដោះអាសន្ន​នេះ​»​។​

​បើតាម​ស្ត្រី​វ័យ​៣០​ឆ្នាំ ខាងលើនេះ ក្រៅពី​រូបនាង​ក៏មាន​ស្ត្រី​ខ្មែរ ដែលជា​ពលរដ្ឋ​រស់នៅ​តំបន់​ក្រីក្រ​ស្ទឹងមានជ័យ​២០​នាក់​ផ្សេងទៀត បូមទឹក​ដោះខ្លួន​យកទៅលក់​ឲ្យ​ក្រុមហ៊ុន Ambrosia ដើម្បី​ទទួលបាន​ប្រាក់កម្រៃ​សម្រាប់​គ្រួសារ​ពួកគេ​ផងដែរ​។​

​ទាក់ទង​នឹង​ការនាំចេញ​ទឹកដោះស្រស់​របស់​មនុស្ស​ ទៅ​លក់​នៅ​ទីផ្សា​អាមេរិក​នេះ ស្ថាបនិក​ក្រុមហ៊ុន Ambrosia លោក Bronzson Woods ដែលមាន​គំនិត​បង្កើត​គម្រោង​នេះ​ឡើង បាន​អះអាង​ការពារ​មុខ​ជំនួញ​នេះ​ថា វា​មិន​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ត្រី​នោះទេ តែ​ផ្ទុយទៅវិញ​វា​គឺជា​ការជំរុញ​ឲ្យ​ស្ត្រី​ដែល​រស់នៅ​តំបន់​ក្រីក្រ អាចមាន​លទ្ធភាព​រក​ប្រាក់​ចិញ្ចឹម​កូន តាមរយៈ​ការលក់​ទឹកដោះ​ប៉ុណ្ណោះ​។ លោក Bronzson Woods ធ្លាប់បាន​បង្ហោះ​វិ​ដេ​អូ​តាមរយៈ​បណ្ដាញ YouTube ដោយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​លោក បន្ត​ការនាំចេញ​ផលិតផល​ទឹកដោះស្រស់​របស់​មនុស្ស​ទៅ​លក់​នៅ​អាមេរិក​នេះ​ផងដែរ​។​

​ស្ថាបនិក​ក្រុមហ៊ុន Ambrosia រូបនេះ បាន​និយាយ​នៅលើ YouTube ដូច្នេះ​ថា​៖«​ខ្ញុំ​មាន​ទំនុកចិត្ត​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​យល់ថា​អ្វីដែល​យើង​កំពុង​ធ្វើ​នៅពេលនេះ​វា​គឺជា​រឿង​ល្អ ហើយ​ពួកគេ​នឹង​យកទៅ​ពិភាក្សាគ្នា​ពី​បញ្ហា​នេះ​។ ហើយ​ក្រុមហ៊ុន​យើង​ធ្លាប់​បានទទួល​ការអនុញ្ញាត​ឲ្យ​នាំចេញ​ទឹកដោះ​នេះ ៦​ដង ក្នុង​រយៈពេល​៦​ខែ​មុននេះ​»៕


Tag:
 ទឹកដោះ​
  Ambrosia
  Khun Meada
© រក្សាសិទ្ធិដោយ thmeythmey.com