ការលេងឧបករណ៍តន្ត្រីមិនមែនគ្រាន់តែជាសកម្មភាពលំហែកំសាន្តប៉ុណ្ណោះទេ តែនៅមានអត្ថប្រយោជន៍ជាច្រើនទៀតដែលយើងអាចទទួលបាន ដោយគ្រាន់តែយើងចំណាយពេលវេលាខ្លះហាត់លេងឧបករណ៍តន្ត្រីណាមួយនោះ។
អត្ថប្រយោជន៍ទាំងនោះ រួមមាន៖
១ បង្កើនសមត្ថភាពចងចាំ។ ប្រសិនបើអ្នករៀនលេងឧបករណ៍តន្ត្រីណាមួយ ផ្នែកនៃខួរក្បាលដែលគ្រប់គ្រងជំនាញចលករ (ដូចជា ការប្រើដៃ ការរត់ ហែលទឹក ការរក្សាលំនឹង ។ល។) ការស្តាប់ ការរក្សាទុកព័ត៌មានជាសំលេង និងការចងចាំ ពិតជារីកលូតលាស់ណាស់ និងកាន់តែសកម្មថែមទៀតផង។ ការលេងឧបករណ៍តន្ត្រី ក៏អាចជួយឱ្យកម្រិត IQ របស់យើង ឡើងបាន ៧ពិន្ទុផងដែរ។
២ អភិវឌ្ឍជំនាញគ្រប់គ្រងពេលវេលា និងជំនាញរៀបចំ។ ដើម្បីធ្វើឲ្យ សមត្ថភាពលេងឧបករណ៍តន្ត្រីរីកចម្រើនឆាប់រហ័សនោះ តន្ត្រីករត្រូវស្វែងយល់អំពីការរៀបចំពេលវេលាហ្វឹកហាត់ និងរៀបចំផែនការហាត់លំហាត់ផ្សេងៗគ្នា ដែលនេះនឹងធ្វើយើងចេះប្រើប្រាស់ពេលវេលាបានកាន់តែមានប្រសិទ្ធភាព។
៣ អភិវឌ្ឍជំនាញធ្វើការជាក្រុម។ ដើម្បីអាចឲ្យក្រុមមួយប្រគុំបទភ្លេងដ៏សែន ពិរោះបាន សមាជិកវង់ភ្លេង និងផ្នែកនីមូយៗត្រូវរៀនស្តាប់គ្នាទៅវិញទៅមក និងរបៀបប្រគុំចូលគ្នាទាំងអស់។
៤ ជួយហ្វឹកហាត់ភាពអត់ធ្មត់។ ការរៀនលេងឧបករណ៍តន្ត្រី ត្រូវចំណាយពេលវេលា និងការខិតខំប្រឹងប្រែងជាច្រើន ដែលនេះនឹងជួយបណ្ដុះភាពអត់ធ្មត់ និងការតស៊ូរបស់យើង។
៥ អភិវឌ្ឍភាពស៊ីសង្វាក់គ្នា។ សិល្បៈនៃការលេងឧបករណ៍តន្ត្រី ទាមទារឲ្យមានភាពស៊ីសង្វាក់គ្នាយ៉ាងខ្លាំងរវាងដៃ និងភ្នែក។ ពេលអានអក្សរភ្លេង ខួរក្បាល នឹងបំលែងអក្សរភ្លេងទៅជាលំនាំចលករជាក់លាក់មួយ ព្រមទាំងបញ្ចូលដង្ហើម និងចង្វាក់ក្នុងពេលជាមួយគ្នាដែរ។
៦ អភិវឌ្ឍសមត្ថភាពផ្នែកគណិតសាស្ត្រ។ ពេលអានណោតភ្លេង យើងត្រូវរាប់ណោតភ្លេង និងចង្វាក់ ដែលនេះអាចជួយអភិវឌ្ឍជំនាញគណិតសាស្ត្របាន។ ហើយការរៀនទ្រឹស្តីតន្ត្រីក៏មានបញ្ចូលគណិតសាស្ត្រផងដែរ។
៧ អភិវឌ្ឍជំនាញអាន និងការយល់ដឹង។ នៅពេលឃើញណោតពណ៌ស និងពណ៌ខ្មៅ យើងត្រូវតែស្គាល់ថាជាណោតឈ្មោះអ្វី ត្រូវប្រើម្រាមដៃ ឬអូសចុះឡើង។ ជាមួយគ្នានេះដែរ យើងក៏ត្រូវតែមើលចង្វាក់ណោតភ្លេង ហើយពត់អណ្តាតយើងឲ្យបញ្ចេញសូរសៀងបានត្រឹមត្រូវ។
៨ បង្កើនការទទួលខុសត្រូវ។ ការលេងឧបករណ៍តន្ត្រី ត្រូវដើរទន្ទឹមជាមួយនឹងការទទួលខុសត្រូវ។ ការថែទាំមានសារៈសំខាន់ណាស់ ដើម្បីធានាថា ឧបករណ៍ តន្ត្រីនៅតែអាចដំណើរការបាន។ ឧបករណ៍ភាគច្រើន ត្រូវធ្វើការសម្អាត ហើយប្រភេទខ្លះទៀតត្រូវលាបប្រេង ឬក្រមួន។ ក្រៅពីនេះ យើងក៏ត្រូវចងចាំពីព្រឹត្តិការណ៍តន្ត្រី (ដូចជាការហាត់សម និងការសម្តែង) និងរៀបចំពេលហាត់។
៩ បញ្ជ្រាបប្រវត្តិសាស្ត្រវប្បធម៌។ ជានិច្ចកាល តន្ត្រីឆ្លុះបញ្ចាំងពីបរិស្ថាន និងពេលវេលាដែលវាត្រូវបានបង្កើតឡើង។ តន្ត្រីគឺជាប្រវត្តិសាស្ត្រ និងសាច់បទនីមួយៗសុទ្ធតែមានប្រវត្តិ និងដំណើររឿងរៀងៗខ្លួន ដែលនឹងជួយបណ្តុះផ្នត់គំនិតរបស់យើងឲ្យចេះកោតសរសើរដល់វប្បធម៌ដទៃទៀត។
១០ អភិវឌ្ឍការផ្តោតអារម្មណ៍។ ពេលលេងតន្ត្រី ទាមទារឲ្យយើងផ្ដោតអារម្មណ៍ទៅលើគ្រាប់ណោត ចង្វាក់ (តាំប៉ូ រយៈពេលណោត) និងគុណភាពសំឡេង។ ហើយពេលលេងជាក្រុម ទាមទារការផ្តោតអារម្មណ៍ឲ្យបានច្រើន។ មិនមែនគ្រាន់តែស្ដាប់ខ្លួនយើងលេងនោះទេ តែក៏ត្រូវស្ដាប់ផ្នែកផ្សេងទៀតទាំងអស់ ដើម្បីលេងឲ្យត្រូវគ្នាដែរ។
១១ ជួយសម្ដែងអារម្មណ៍របស់យើង និងកាត់បន្ថយភាពតានតឹង។ តន្ត្រីករដែលពូកែលេងឧបករណ៍តន្ត្រី គឺកាន់តែអាចបង្ហាញអារម្មណ៍របស់គេកាន់តែច្បាស់។ វាអាចកាត់បន្ថយភាពតានតឹង និងអាចជាទម្រង់ការព្យាបាលដ៏អស្ចារ្យមួយ។ ជាការពិត ការព្យាបាលដោយតន្ត្រី មានប្រយោជន៍ណាស់សម្រាប់កុមារ និងមនុស្សវ័យជំទង់ដែលមានអាការៈវិបត្តិប្រសាទ ជំងឺធ្លាក់ទឹកចិត្ត និងជំងឺដទៃទៀត។
១២ បណ្ដុះទឹកចិត្តជោគជ័យ។ ការជម្នះបានរាល់ភាពលំបាកក្នុងតន្ត្រីដែលយើងគិតថាមិនអាចសម្រេចបាន នឹងធ្វើឲ្យយើងមានមោទនភាពចំពោះខ្លួនឯង។
១៣ បង្កើនជំនាញទំនាក់ទំនងក្នុងសង្គម។ ការលេងឧបករណ៍តន្ត្រី អាចជា ឱកាសដ៏ធំមួយក្នុងការពង្រឹងជំនាញទំនាក់ទំនងក្នុងសង្គមយើងបាន។ អ្នកមាន សមត្ថភាពមួយចំនួនចូលលេងក្នុងក្រុម ឬវង់ភ្លេងច្រើនលើកច្រើនដងទៅ នឹងមានមិត្តភក្តិកាន់តែស្និទ្ធស្នាលដូចក្នុងគ្រួសារតែមួយ។ តាមរយៈសកម្មភាពតន្ត្រីបែបនេះ យើងនឹងទទួលបានមិត្តភាពជាយូរអង្វែងបានយ៉ាងងាយ។
១៤ អភិវឌ្ឍសមត្ថភាពស្ដាប់។ ការលេងឧបករណ៍តន្ត្រីទាមទារឲ្យយើងស្ដាប់សម្លេងយ៉ាងប្រុងប្រយ័ត្ន។ យើងត្រូវរៀនស្ដាប់សម្លេងពេលយើងលេងគ្រាប់ណោត ខុស ដើម្បីអាចកែកំហុសខ្លួនយើងបាន។ ពេលរឹតសម្លេងឧបករណ៍មានន័យថា យើងកំពុងរៀនស្ដាប់សម្លេងថាតើសម្លេងនោះខ្ពស់ ឬទាប។
១៥ ពង្រឹងវិន័យ។ អ្វីដែលតន្ត្រីករទទួលបានពីការហាត់រៀនឧបករណ៍តន្ត្រីនោះគឺ វិន័យ។ ការហ្វឹកហាត់ និងការស្វែងយល់ផ្នែកដែលលំបាកក្នុងសាច់ភ្លេង តែមិនមែនផ្នែកដែលងាយស្រួលនោះ គឺត្រូវការឲ្យយើងមានវិន័យ។ តន្ត្រីករពូកែៗក្នុងលោក គឺជាអ្នកដែលពូកែកាន់វិន័យ ដូច្នេះហើយទើបតន្ត្រីករទាំងនោះទទួលបានជោគជ័យក្នុងជីវិត។
១៦ បង្កើនជំនាញសម្ដែង និងកាត់បន្ថយអាការៈភ័យខ្លាចពេលសម្ដែង។ គោលដៅមួយនៃការហ្វឹកហាត់ច្រើនដងនោះគឺ ដើម្បីឲ្យយើងអាចសម្ដែងនៅចំពោះមុខទស្សនិកជនបាន។ នៅពេលដែលយើងមានឱកាសសម្ដែងនៅចំពោះមុខសាធារណជនបានកាន់តែច្រើនកាលណា អាការៈភ័យខ្លាចពេលសម្ដែងនឹងកាត់បន្ថយបានកាន់តែច្រើនទៅតាមនោះដែរ។
១៧ អត្ថប្រយោជន៍ចំពោះប្រព័ន្ធដកដង្ហើម។ ដង្ហើមគឺជាគន្លឹះដ៏សំខាន់ក្នុងប្រភេទតន្ត្រីប្រើប្រាស់ខ្យល់។ នៅពេលលេងឧបករណ៍តន្ត្រី ដើម្បីលេងឲ្យបានត្រឹមត្រូវ យើងត្រូវដកដង្ហើមចូលឲ្យបានវែង និងរៀនដកដង្ហើមចេញឲ្យបានត្រឹមត្រូវទើបយើងអាចទទួលបានសម្លេងដែលចង់បាន។ លំហាត់ដង្ហើមត្រូវបានណែនាំជាពិសេសសម្រាប់តន្ត្រីករ ហើយលំហាត់ទាំងនេះ នឹងជួយពង្រឹងប្រព័ន្ធដកដង្ហើមរបស់យើង។
១៨ បង្កើតភាពរីករាយក្នុងជីវិត និងដល់អ្នកនៅជុំវិញ។ ការលេងឧបករណ៍ តន្ត្រីពិតជាផ្ដល់ភាពរីករាយ និងក្ដីរំភើប។ មិនត្រឹមតែផ្ដល់ភាពរីករាយនៅពេលយើងលេងឧបករណ៍តន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែយើងកាន់តែរីករាយនៅពេលដែលយើងឃើញ ទស្សនិកជនទះដៃសាទរដល់ការសម្ដែងរបស់យើងទៀតផង។ យើងនឹងទទួលបានអារម្មណ៍ថាទទួលបានកិត្តិយស និងការដឹងគុណនៅពេលដែលចុះសម្ដែងដោយស្ម័គ្រចិត្តនៅតាមសហគមន៍ ហើយយើងនឹងបានឃើញទឹកមុខរីករាយរបស់ ទស្សនិកជនដោយសារពួកគេពេញចិត្តនឹងការសម្ដែងរបស់យើង។
ប្រែសម្រួលចេញពីអត្ថបទ 18 Benefits of Playing a Musical Instrument ដោយ Michale Matthews ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១១ក្នុងគេហទំព័រ www.effectivemusicteaching.com/articles/directors/18-benefits-of-playing-a-musical-instrument/
ស្រាវជ្រាវដោយអង្គការសិល្បៈខ្មែរ និងសហគមន៍ចាប៉ីអមតៈ