ជាតិ
នយោបាយជាតិ
គណបក្សសង្គ្រោះជាតិ កំពុងធ្វើសមាជវិសាមញ្ញ ដើម្បីសម្រួលអនុប្រធានទាំង៣រូប ឲ្យត្រូវតាមលក្ខន្តិកៈ
× ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ គណបក្សសង្គ្រោះជាតិ បានរៀបចំសមាជវិសាមញ្ញសាជាថ្មី ដើម្បីធ្វើវិសោធនកម្មលើលក្ខន្តិកៈរបស់ខ្លួន ត្រង់ប្រការ៤៧ ដែលមានចែងអំពីប្រធាននិងអនុប្រធាន។ សមាជវិសាមញ្ញនេះ ធ្វើឡើងនៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ដែលស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
របៀបវារៈដ៏សំខាន់ ដែលនឹងត្រូវឲ្យអង្គសមាជវិសាមញ្ញ អនុម័ត នាព្រឹកនេះ គឺការកែសម្រួលនូវលក្ខន្តិកៈ ត្រង់ប្រការ ៤៧នេះ ដើម្បីឲ្យលោក ប៉ុល ហំម លោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ ក្លាយជាអនុប្រធានគណបក្សសង្គ្រោះជាតិ ដោយពេញលក្ខន្តិកៈ។
គណបក្សសង្គ្រោះ សង្ឃឹមថា ការធ្វើសមាជវិសាមញ្ញ ដើម្បីកែប្រែលក្ខន្តិកៈ នឹងអាចបញ្ចប់ភាពរកាំរកួសជាមួយនឹងក្រសួងមហាផ្ទៃ ដែលមិនព្រមទទួលស្គាល់ងអនុប្រធានគណបក្សសង្គ្រោះជាតិទាំង៣រូប។ នេះបើតាមលោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ដែលធ្លាប់អះអាងកន្លងមក។
លោក ប៉ុល ហំម លោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ ត្រូវបានជ្រើសរើសឲ្យធ្វើជាអនុប្រធានគណបក្សសង្គ្រោះជាតិ ម្តងរួចទៅហើយ តាមរយៈសមាជវិសាមញ្ញកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ កន្លងទៅ។ ប៉ុន្តែ ក្រសួងមហាផ្ទៃ បានចាត់ទុកថា ការនីតិវិធីនៃការជ្រើសរើសអ្នកទាំង៣ ឲ្យជាអនុប្រធានគណបក្សសង្គ្រោះជាតិ គឺផ្ទុយពីលក្ខន្តិកៈរបស់ខ្លួន។
ដោយសារតែក្រស្រួងមហាផ្ទៃ មិនព្រមទទួលស្គាល់ដូច្នេះហើយ ទើបគណបក្សសង្គ្រោះជាតិ បង្ខំចិត្ត ធ្វើសមាជវិសាមញ្ញនៅថ្ងៃនេះម្តងទៀត ដើម្បីសម្រួលយ៉ាង ឲ្យអ្នកទាំង៣ខាងលើ ក្លាយជាអនុប្រធានដោយពេញលក្ខណៈ និងមានការទទួលស្គាលដោយក្រសួងមហាផ្ទៃ៕
© រក្សាសិទ្ធិដោយ thmeythmey.com