អត្ថបទពាណិជ្ជកម្ម
ហេតុអ្វី​សំណើសុំ​ឥណទាន ឬ​កម្ចី​របស់​អ្នក ត្រូវបាន​ធនាគារ​បដិសេធ​?
02, May 2017 , 3:16 pm        
រូបភាព
​ក្នុង​រយៈពេល​ជាង​១​ទសវត្ស​ចុងក្រោយ​នេះ យើង​សង្កេតឃើញថា វិស័យ​ធនាគារ នៅ​ប្រទេស​កម្ពុជា ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ហើយ​ប្រជាពលរដ្ឋ​កម្ពុជា​កាន់តែ​ច្រើនឡើង បាន​យល់ដឹង និង​កំពុង​ប្រើប្រាស់​សេវាកម្ម​ធនាគារ​យ៉ាង​ទូលំទូលាយ ទាំង​លើ​ផ្នែក​សេវា​ប្រាក់​បញ្ញើ និង​ឥណទាន​។ ទន្ទឹមនឹងនេះ មានការ​ស្នើសុំ​ឥណទាន​របស់​អតិថិជន​មួយចំនួន ត្រូវបាន​បដិសេធ ពី​ធនាគារ​។

​ដើម្បី​ស្វែងយល់​ពី​មូលហេតុ ដែល​នាំ​ឲ្យ​សំណើ​ឥណទាន​ត្រូវបាន​បដិសេធ និង​គន្លឹះ​ដើម្បី​ឲ្យ​សំណើសុំ​ឥណទាន​របស់​អ្នក ត្រូវបាន​អនុម័ត​យល់​ព្រម​ពី​ធនាគារ យើង​នឹងធ្វើ​បទសម្ភាសន៍ ជាមួយ​លោក​ហុង ជៀប នាយក​គ្រប់គ្រង​ហានិភ័យ​នៃ​ធនាគារ ស៊ី​អាយ​អី​ម​ប៊ី ភីអិលស៊ី (​ធនាគារ CIMB) ដើម្បី​លម្អិត​អំពី​កិច្ចការ​នេះ ដូចតទៅ៖

​អ្នករាយការណ៍​៖ សូម​ជម្រាបសួរ​លោក​ហុង ជៀប​! ជាដំបូង សូម​លោក​រៀបរាប់​ដោយ​សង្ខេប​ពី ធនាគារ CIMB​។ តើ​ធនាគារ​នេះ មាន​ផ្ដល់​ផលិតផល​ឥណទាន​អ្វីខ្លះ​?

​លោក ហុង ជៀប​៖ ធនាគារ CIMB គឺ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ដែលមាន​បណ្តាញ​សាខា​ធំជាងគេ​នៅក្នុង​តំបន់​អាស៊ាន ជាមួយ​សាខា​ជាង ១ពាន់កន្លែង​។ យើង​បានចាប់ផ្តើម​អាជីវកម្ម នៅ​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១០ ដែល​ឥឡូវនេះ មាន​សាខា​ចំនួន​១២ នៅ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កំពង់ចាម និង​ខេត្ត​ព្រះសីហនុ​។ ធនាគារ CIMB មាន​ផ្តល់ជូន​សេវាកម្ម និង​ផលិតផល​ដ៏​សម្បូរបែប រួមទាំង​ប្រាក់​បញ្ញើ និង​ឥណទាន​ផងដែរ​។ សម្រាប់​ផលិតផល​ឥណទាន យើង​មាន​ប្រភេទ​ឥណទាន​លក្ខណៈ​បុគ្គល ឥណទាន​គេហដ្ឋាន ឥណទាន​រថយន្ត និង​ឥណទាន​សម្រាប់​ប្រកប​អាជីវកម្ម ដែល​អតិថិជន​អាច​ខ្ចី ចាប់ពី​ទំហំ ៤​ម៉ឺន​ដុល្លារ​ដុល្លារ​អាមេរិក​ឡើងទៅ​។​

​អ្នករាយការណ៍​៖ តើ​អតិថិជន​ត្រូវបំពេញ​លក្ខខណ្ឌ​អ្វីខ្លះ ដើម្បី​អាច​ស្នើសុំ​ឥណទាន​ពី​ធនាគារ CIMB?

​លោក ហុង ជៀប​៖ ទាំង​សំណើ​ឥណទាន​បុគ្គល និង​ឥណទាន​អាជីវកម្ម គឺមាន​លក្ខខណ្ឌ​ដូចគ្នា​។ អតិថិជន ដែល​ដាក់ពាក្យ​ស្នើសុំ​ឥណទាន ត្រូវតែ​ជា​ជនជាតិខ្មែរ ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ ដល់​៦៥​ឆ្នាំ ហើយ​ពួកគេ​អាច​ស្នើសុំ​ឥណទាន​ជា​លក្ខណៈ​បុគ្គល​ក៏បាន ឬ​ជា​លក្ខណៈ​រួមគ្នា​ក៏បាន​។​

​អ្នករាយការណ៍​៖ មុននឹង​សម្រេច​អនុម័ត និង​បដិសេដ​សំណើ​ឥណទាន​របស់​អតិថិជន តើ​ធនាគារ​សិក្សា​លើក​ត្តា​សំខាន់ៗ​អ្វីខ្លះ​?

​លោក ហុង ជៀប​៖ សម្រាប់​សំណើ​ឥណទាន​បុគ្គល ឯកសារ និង​លក្ខណៈ​មិនសូវ​ច្រើន ដូច​ឥណទាន​អាជីវកម្ម ឡើយ ប៉ុន្តែ​សម្រាប់​ការសិក្សា គឺ​មិនជា​ខុសគ្នា​ប៉ុន្មាន​ឡើយ​។ ក្នុងនោះ ធនាគារ​នឹងសិក្សា​លើ​ចំណុច​ចម្បង រួមមាន​៖

​ទី​១ គឺ​ប្រភព​ចំណូល​របស់​អតិថិជន​។ តើ​ប្រភព​ចំណូល​អាច​ទូទាត់​សង​ទៅ​ធនាគារ​វិញ​ដែរឬទេ​? ហើយ​វា​មាន​និរន្តរភាព​ដែរឬទេ​? សម្រាប់​ឥណទាន​ជា​លក្ខណៈ​បុគ្គល ជាទូទៅ​ធនាគារ​តម្រូវ​ឲ្យ​មាន​ទំហំ​ចំណូល​យ៉ាងតិច ២​ដង នៃ​ចំនួន​ទឹកប្រាក់ ដែល​អតិថិជន​ត្រូវ​សង​ទៅ​ធនាគារ​វិញ​។ រីឯ​ឥណទាន​អាជីវកម្ម​វិញ អតិថិជន​ត្រូវមាន​ចំណូល​យ៉ាងតិច ១,៣​ដង ឬ ១,៥​ដង​។ មិនតែប៉ុណ្ណោះ បើ​ប្រភព​ចំណូល​មាន​រយៈពេល​ខ្លី ហើយ​ឥណទាន​មាន​រយៈ​វែង វា​មិន​ទូទាត់​គ្នា​ឡើយ​។ ដូច្នេះ​ធនាគារ​នឹង​ពិនិត្យថា ទំហំ​ប្រភព​ចំណូល និង​រយៈពេល​នៃ​ចំណូល មាន​និរន្ត​ន៍​ភាព និង​រីកចម្រើន​ទៅមុខ​ដែរឬទេ នោះ​ធនាគារ​អាច​ផ្ដល់​ឥណទាន​ជូន​បាន​។​

​ទី​២ គឺ​គោលបំណង​នៃ​សំណើ​ឥណទាន​។ គោលបំណង​នៃ​ឥណទាន គឺ​ត្រូវ​ស្របច្បាប់ ដែល​ជួយ​ទាំង​ដល់​អតិថិជន​ខ្លួនឯង​ផ្ទាល់ ហើយ​មិន​ប៉ះពាល់​ដល់​អ្នកដទៃ​ផងដែរ​។ មិនតែប៉ុណ្ណោះ អតិថិជន​ត្រូវ​ប្រើប្រាស់​ឥណទាន ដែល​ធនាគារ​បានអនុម័ត ឲ្យ​ស្របតាម​គោលដៅ និង​គោលបំណង ដែល​បាន​ស្នើសុំ​ដំបូង ព្រោះ​ធនាគារ​អាច​ប្រាកដថា ឥណទាន​ដែល​ផ្តល់​ឲ្យ​អតិថិជន​នោះ នឹង​ជួយ​ឲ្យ​ពួកគេ​រីកចម្រើន ទៅលើ​អាជីវកម្ម និង​ជីវិត​របស់ខ្លួន​។​

​ទី​៣ គឺ​ទ្រព្យ​ធានា សម្រាប់​ការស្នើសុំ​ឥណទាន​។ ទ្រព្យសម្បត្តិ ដែល​អាច​ចាត់ជា​ទ្រព្យ​ធានាបាន មានដូចជា​គេហដ្ឋាន ដី គណនី​មាន​កាលកំណត់ រួមទាំង​អចលនទ្រព្យ​ផ្សេងទៀត​ផងដែរ​។ ជាគោលការណ៍ សម្រាប់​អចលនទ្រព្យ រួមមាន​គេហដ្ឋាន និង​ដី​ជាដើម ធនាគារ CIMB ទទួល​តែ​ប្លង់រឹង​ប៉ុណ្ណោះ​។ ការកំណត់​នេះ គឺ​ដើម្បី​បញ្ចៀស​ហានិភ័យ​នានា ហើយ​ធនាគារ​អាច​ផ្តល់នូវ​អត្រា​ការប្រាក់​ដ៏​សមរម្យ​មួយ សម្រាប់​អតិថិជន​ផងដែរ​។​

​អ្នករាយការណ៍​៖ តើ​ធនាគារ CIMB ចំណាយ​រយៈពេល​ប៉ុន្មាន ក្នុងការ​សិក្សា និង​អនុម័ត​សំណើ​ឥណទាន​របស់​អតិថិជន​?

​លោក ហុង ជៀប​៖ តាមពិតទៅ រយៈពេល​នៃ​ការសិក្សា​ទៅលើ​ឥណទាន​នីមួយៗ គឺ​វា​អាស្រ័យ​ទៅតាម​តថភាព​ជាក់ស្តែង ព្រោះ​ករណីខ្លះ​ងាយស្រួល​សិក្សា ហើយ​ខ្លះទៀត​ត្រូវ​ទៀត​ត្រូវការ​ពេលវេលា​ច្រើន ដើម្បី​សិក្សា​លម្អិត​។ ប៉ុន្តែ​ជាទូទៅ បើសិនជា​សំណើ​ឥណទាន ដែល​យកប្រាក់​បៀវត្ស​ការងារ ឬ​ថ្លៃ​ផ្ទះជួល មក​សិក្សា វា​អាច​ចំណាយពេល​ប្រមាណ​២​សប្តាហ៍ ប៉ុន្តែ​បើសិន​បើ​យក​ចំណូល​ពី​អាជីវកម្ម​មក​សិក្សា វា​ត្រូវ​ចំណាយ​ពេលវេលា​សិក្សា និង​ស្វែងយល់​យូរ​បន្តិច ដែល​លើសពី​២​សប្តាហ៍​។ យ៉ាងណាមិញ ពេលវេលា​សិក្សា​នេះ គឺ​ដើម្បី​ប្រាកដថា រាល់​ឥណទាន​ដែល​ធនាគារ​អនុម័ត​ឲ្យ​អតិថិជន សុទ្ធតែ​អាចជួយ​ឲ្យ​អតិថិជន​រីកចម្រើន និង​មិនមាន​ឥណទាន​មិន​ដំណើរការ ឬ​ឥណទាន​ខូច​។​

​អ្នករាយការណ៍​៖ តើ​មាន​ផលប្រយោជន៍​អ្វី ដែល​ធនាគារ CIMB ត្រូវ​គ្រប់គ្រង​មិន​ឲ្យ​មាន​ឥណទាន​មិន​ដំណើរការ ឬ​ឥណទាន​ខូច​?

​លោក ហុង ជៀប​៖ ពេលដែល​ឥណទាន​ខូច មិនមែន​ប៉ះពាល់​ដល់​ធនាគារ​ប៉ុណ្ណោះ​ទេ តែ​អតិថិជន​ក៏​នឹង​ជួប​ការលំបាក ហើយ​បរាជ័យ​ក្នុងការ​ស្វែងរក​ភាព​រីកចម្រើន​ផងដែរ​។ ជាក់ស្ដែង​ធនាគារ បានការ​ប្រាក់ នៅពេល​ឥណទាន​អត់​ខូច ប៉ុន្តែ​អ្វីដែល​ល្អ​ជាង​នោះ​ទៀត គឺ​អតិថិជន​បាន​ក្រេ​ឌី​ត ឬ​ពិន្ទុ​ល្អ សម្រាប់​ខ្លួនឯង ហើយ​ពួកគេ​ក៏មាន​ការអភិវឌ្ឍ​ទៅមុខ​ផងដែរ​។ ថ្ងៃក្រោយ​ទៅ អតិថិជន​ត្រូវការ​ឥណទាន​ច្រើនជាង​នេះ នឹងត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អតិថិជន​ល្អ ដូច្នេះ​ពួកគេ​ងាយ​នឹងត្រូវ​ផ្តល់​ឥណទាន​ឲ្យ​បន្ថែមទៀត​។ យើង​មិន​ចង់បាន​ភាព​រីកចម្រើន​តែ​ខ្លួនឯង​ទេ គឺ​យើង​ចង់​ឲ្យ​ធនាគារ​ចំណេញ​ផង និង​អតិថិជន​ជោគជ័យ​ដូចគ្នា​។ ធនាគារ CIMB មាន​ឥណទាន​ខូច ក្នុង​កម្រិត​ទាប​បំផុត ដោយ​ក្នុង​ឆ្នាំ​២១០៦ គឺមាន​ប្រមាណ​ជិត ០,២​ភាគរយ​ប៉ុណ្ណោះ​។ ធនាគារ​អាច​គ្រប់គ្រង​មិន​ឲ្យ​មាន​កម្ចី​ខូច​ច្រើន ព្រោះ​យើង​មាន​ប្រាស្រ័យ​ទាក់ទង​ល្អ និង​ជាប់រ​ហួត ជាមួយ​អតិថិជន ចាប់តាំងពី​មុន​អនុម័ត​លើ​សំណើសុំ​ឥណទាន និង​ក្រោយ​អនុម័ត​។​

​អ្នករាយការណ៍​៖ សូម​អរគុណ​ដល់​ការបកស្រាយ​យ៉ាង​ក្បោះក្បាយ​របស់លោក ដែលជា​ចំណេះដឹង​ដ៏​មានតម្លៃ​ដល់​ប្រិយមិត្ត​អ្នកអាន​របស់​យើង​! ជា​ចុងក្រោយ ក្នុងនាម​លោក​ជា​អ្នក​នៅក្នុង​វិស័យ​ធនាគារ តើ​លោក​មាន​ជា​មតិ​ផ្តាំផ្ញើ ឬ​ផ្ដល់​អនុសាសន៍​អ្វីខ្លះ ដល់​សាធារណជន ក្នុងការ​សម្រេច​ជ្រើសរើស​ធនាគារ​ដៃគូ​ណាមួយ​?

​លោក ហុង ជៀប ៖ ជាការ​ពិតណាស់ ដើម្បី​សម្រេចបាន​ជោគជ័យ​យូរអង្វែង យើង​តែងតែ​ត្រូវការ​ដៃគូ​សហការ ដែល​អាច​ជឿជាក់​បាន​។ ដោយសារ​ធនាគារ​នីមួយៗ អាចមាន​សេវាកម្ម និង​ផលិតផល​ខុសគ្នា កេរ្តិ៍ឈ្មោះ​ខុសគ្នា ចំនួន​សាខា​ខុសគ្នា និង​ការប្រាក់​ខុសគ្នា អតិថិជន​មិនគួរ​ផ្ដោត​តែ​ទៅលើ​ចំណុច​ណាមួយ​ជាក់លាក់​នោះទេ ដូចជា​គិតតែ​លើ​ការប្រាក់​ទាប និង​ដំណើរការ​ឯកសារ​លឿន​ជាដើម​។ ខ្ញុំ​គិតថា នេះ​ជា​ចំណុច​មួយ សម្រាប់​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។ អតិថិជន​គួរតែ​ស្វែងរក​ធនាគារ​ដៃគូ​ណាមួយ ដែល​អាច​ធ្វើការ​ជាមួយ​គាត់ និង​ធ្វើ​ឲ្យ​គាត់​រីកចម្រើន​យូរអង្វែង ជាមួយនឹង​ការប្រាក់​ល្អ រួមទាំង​អត្ថប្រយោជន៍​ដ៏​សម្បូរបែប​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com