ជាតិ
នាយឧត្តមសេនីយ៍៨រូប ត្រូវស្នើឲ្យដាក់ចូលនិវត្ត
× ភ្នំពេញ៖ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់លិខិតទៅកាន់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីសុំឲ្យដាក់នាយឧត្តមសេនីយ៍៨រូប ចូលនិវត្ត។ នាយឧត្តមសេនីយ៍ទាំង៨រូបនោះ រួមមាន លោក ឯម សំអាន លោក តេង សាវង្ស លោក អ៊ុក គឹមលេខ លោក ឌុល គឿន លោក លូ រ៉ាមីន លោក យូ ស៊ុនឡុង លោក ចក់ ឡេង និងលោក សួន ឈាងលី។
សម្តេច ស ខេង បានប្រាប់សម្តេច ហ៊ុន សែន នៅក្នុងលិខិតនោះថា៖«នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃក្រសួងមហាផ្ទៃទាំង៨រូបនេះ គ្រប់អាយុត្រូវដាក់ឲ្យចូលនិវត្តតាមច្បាប់កំណត់»។
នៅក្នុងចំណោមនាយឧត្តមសេនីយ៍ទាំង៨រូបខាងលើ ដែលត្រូវបានស្នើឲ្យដាក់ចូលនិវត្ត មាននាយឧត្តមសេនីយ៍៥រូប គឺលោក ឯម សំអាន លោក តេង សាវង្ស លោក អ៊ុក គឹមលេខ លោក ឌុល គឿន ដែលជារដ្ឋលេខាធិការ និងលោក លូ រ៉ាមីន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទើបតែទទួលបានគោរមងារ «សន្តិបណ្ឌិត» ពីព្រះមហាក្សត្រ។
កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ ក្នុងការផ្តល់គោរមងារ ដល់ឧត្តមសេនីយ៍១៣រូប។ នាយឧត្តមសេនីយ៍៨រូបទៀត ដែលទទួលបានគោរមងារ «សន្តិបណ្ឌិត» ដែរនោះ គឺលោក នេត សាវឿន លោក ខៀវ សុភ័គ លោក ម៉ៅ ច័ន្ទតារា លោក ម៉ៅ ប៊ុនណារិន លោក ចាន់ គឹមសេង លោក ចាន់ អាន លោក សុខ ផល និងលោក ហេង ហាក់៕
Tag:
ឧត្តមសេនីយ៍
ចូលនិវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com