អន្តរជាតិ
កូរ៉េខាងជើង ប្រាប់​សមាជិក UN ឲ្យ​ពិចារណា​ឡើងវិញ​រឿង​ដាក់ទណ្ឌកម្ម​
13, May 2017 , 2:26 pm        
រូបភាព
​បេសកកម្ម​កូរ៉េខាងជើង​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​ឲ្យ​សមាជិក​អង្គការសហប្រជាជាតិ​ទាំងអស់ ពិចារណា​ឡើងវិញ​លើ​ការដាក់ទណ្ឌកម្ម​បន្ថែមទៀត​មកលើ​ខ្លួន​។ ការអំពាវនាវ​ធ្វើឡើង ខណៈដែល​សហគមន៍​អន្តរជាតិ​កំពុង​ស្វះ​ស្វែងរក​លទ្ធភាព​ដាក់​សម្ពាធ​កាន់តែខ្លាំង​លើ​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​ដែល​បន្ត​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​រហូត​មក​។ ឯ​អាមេរិក​វិញ រដ្ឋសភា​ប្រទេស​នេះ ក៏បាន​ឯកភាព​ឲ្យ​រដ្ឋាភិបាល​បន្ថែម​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​រួចហើយ​ដែរ​។​



​បើទោះជា​មានការ​គំរាម​ប្រើប្រាស់​កម្លាំង​ពី​សំណាក់​អាមេរិក​ដើម្បី​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ក្ដី ការដាក់​សម្ពាធ​តាម​ការបង្កើន​ទណ្ឌកម្ម​នៅតែ​ជា​ជម្រើស​នាំមុខ​ដដែល​។ ថ្មីៗ​នេះ ក្រុម​អ្នកជំនាញ​របស់​ក្រុមប្រឹក្សាសន្តិសុខ​បាន​ទទូច​ឲ្យ​សមាជិក​អង្គការសហប្រជាជាតិ​ទាំងអស់ ពង្រឹង​ការអនុវត្ត​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​លេខ​២២៧០ និង​លេខ​២៣២១ ដែល​ចែង​ពី​ការដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​។​

​យ៉ាងណាក្ដី តាមរយៈ​តំណាង​ប្រចាំ​អង្គការសហប្រជាជាតិ កូរ៉េខាងជើង ក៏​ប្រាប់​ឲ្យ​សមាជិក​អង្គការសហប្រជាជាតិ​ទាំងឡាយ​គិត​ម្ដងទៀត​លើ​ការដាក់ទណ្ឌកម្ម​នេះ​។ ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថ្ងៃទី​១២ ខែឧសភា តំណាង​កូរ៉េខាងជើង ថែមទាំង​ចោទ​អាមេរិក​ថា​បាន​បង្ខំ​ប្រទេស​ដទៃទៀត​ឲ្យ​ដាក់ទណ្ឌកម្ម​លើ​ខ្លួន ដោយ​គំរាម​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​ទាំងនោះ បើ​ពួកគេ​មិន​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​ទេនោះ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap កូរ៉េខាងជើង​លើកឡើងថា ការដាក់ទណ្ឌកម្ម​លើ​ភោជនីយដ្ឋាន​នៅ​បរទេស​ដែល​គ្រប់គ្រង​ដោយ​កូរ៉េខាងជើង គឺជា​រឿង​មិនបាន​ប្រយោជន៍ ហើយ​ការដាក់​សម្ពាធ​លើ​ពួកគេ បានន័យថា​ភោជនីយដ្ឋាន​ទាំងនេះ គឺ​រោងចក្រ​ផលិត​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​ទៅវិញ​។ យ៉ាងណាមិញ ដូច​ការលើកឡើង​កន្ល​ង​មក ទណ្ឌកម្ម​កម្រិតណា​ក៏ដោយ មិនអាច​បង្ខំ​កូរ៉េខាងជើង​ឲ្យ​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​ឡើយ​។​

​ទង្វើ​របស់​កូរ៉េខាងជើង​នាពេល​កន្លងមក ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ខកចិត្ត​យ៉ាងខ្លាំង ព្រោះ​ហ៊ាន​បាញ់​មី​ស៊ី​ល​ជា​ញឹកញាប់​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​បោះដៃ​រក​សម្ព័ន្ធមិត្ត​នៅ​តំបន់​អាស៊ី​ឲ្យ​ជួយ​សហការគ្នា​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង ស្របពេល​គ្នា​នោះ ក៏បាន​ទទូច​ម្ដង​ហើយ​ម្ដងទៀត​ដាក់​ចិន​ឲ្យ​ជួយ​បញ្ចេញ​សកម្មភាព​បន្ថែមទៀត ព្រោះ​ចិន​ជា​មិត្ត​របស់​កូរ៉េខាងជើង​យូរ​មកហើយ និង​ក៏​ជា​បងធំ​របស់​ព្យុងយ៉ាង​ដែរ​។​

​សូមបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បានដាក់​ទណ្ឌកម្ម​លើកដំបូង​លើ​កូរ៉េខាងជើង​ក្នុង​ឆ្នាំ​២០០៦ ក្រោយ​ប្រទេស​នេះ​សាកល្បង​នុយក្លេអ៊ែរ​។ ជា​បន្ត​បន្ទាប់មក ទណ្ឌកម្ម​នេះ​ក៏​ត្រូវបាន​បង្កើន​កាន់តែខ្លាំង​ឡើង ក្រោយ​របប​ក្រុង​ព្យុងយ៉ាង​សាកល្បង​នុយក្លេអ៊ែរ និង​បាញ់​មី​ស៊ី​ល​ជា​បន្តបន្ទាប់ មិន​ស្ដាប់​ការព្រមាន​របស់​សហគម​ន៍​អន្តរជាតិ​ឡើយ​។ ចុងក្រោយ​នេះ អង្គការសហប្រជាជាតិ ក៏​បង្កើន​សម្ពាធ​ថែមទៀត​លើ​កូរ៉េខាងជើង ធ្វើយ៉ាងណា​បង្ខំ​ឲ្យ​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​៕ 


Tag:
 កូរ៉េខាងជើង​
  UN
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com